Paris Peace Accords 23 Oct. 1991

Wednesday, April 30, 2014

សហជីព​ មិន​បោះបង់​ គម្រោង​ ចូល​ទី​លាន អាជ្ញាធរ​ មិន​ផ្លាស់​ប្តូរ​ចិត្ត​

លោក អាត់ ធន់ ប្រធានសម្ពន័សហជីព ស៊ីខៅឌូ
លោក អាត់ ធន់ ប្រធានសម្ពន័សហជីព ស៊ីខៅឌូ
RFI-ចាន់ណា

សហជីព​ មិន​បោះបង់​ គម្រោង​ ចូល​ទី​លាន  អាជ្ញាធរ​ មិន​ផ្លាស់​ប្តូរ​ចិត្ត​

ដោយ ញឹម សុផល / RFI | ៣០ មេសា ២០១៤
ក្រុម​មេដឹកនាំ​ សហជីព​ បាន​អះអាង​ ថា ពួកគេ​ នៅតែ​ព្យាយាម​ ចូលទៅ​កាន់​ ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ប្រារព្ធ​ ទិវា​ពលកម្ម​អន្តរជាតិ​ ១​ឧសភា រយៈពេល​មួយ​ព្រឹក ដែល​មាន​អ្នក​ចូលរួម​ ៥​ពាន់​នាក់។  ក្រសួង​ មហាផ្ទៃ ក៏​ដូចជា​ សាលា​រាជធានី​ ភ្នំពេញ នៅ​តែ​ប្រកាន់​ជំហរ ​ថា នឹង​មិន​អនុញ្ញាត ​ឲ្យ​មាន ការ​រៀបចំ​ប្រារព្ធ​ពិធី ​ណាមួយ នៅ​លើ​ ទីលាន​ប្រជាធិបតេយ្យ ​ឡើយ ដោយសារ​ទីនោះ​ កំពុង​ជាប់ទាក់ទង ​ទៅ​នឹង​ដំណើរ​ការ​ ស៊ើប​អង្កេត​កន្លង​មក។

នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខួប​លើក​ទី​១២៨​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​នឹង​ឈានចូល​មក​ដល់។មេដឹកនាំ​សហជីព​នានា ក៏បាន​ត្រៀមលក្ខណៈ​ហើយ​ដែរ​ថា​គោលដៅ​របស់គេ​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ កន្លែង​ដែល​អាជ្ញាធរ​បានកំណត់​ថា​ជាទី​តាំង​សម្រាប់​បញ្ចេញមតិ​តែមួយគត់។
 

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​កំពុង​រង់ចាំ​ការ សម្រេច​ពី​ក្រសួងមហាផ្ទៃ ដែល​ការសម្រេច​ថ្នាក់លើ​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ​កាលពី​សប្តាហ៍​មុន។ យ៉ាងណាក៏ដោយ លោក​អាត់ ធន់ បញ្ជាក់ថា ក្រុម​មេដឹកនាំ​សហជីព​ចំនួន១៨ ដែលមាន​សមាជិក​និង​កម្មករ​ចំនួន ៥ពាន់​នាក់​ចូលរួម​នោះ​នឹង​ព្យាយាម​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូចដែល បានគ្រោង​ទុក ទោះជា​អាជ្ញាធរ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ក៏ដោយ។

កាលពី​សប្តាហ៍​មុន​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​មិន​អនុញ្ញាត​ដល់​ក្រុម​សហជីព​យក​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី១ឧសភា ក៏ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ក៏បាន​ស្នើយោបល់ ក្រសួងមហាផ្ទៃ​ដែលជា​អាណាព្យាបាល។ នៅថ្ងៃនេះ​ដែរ​លោក ខៀវ សុ​ភ័​ក្រ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ដដែល​ថា ក្រសួង​បាន​ឯកភាព​តាម​សំណើរ​របស់​សាលា​រាជធានី​ភ្នំពេញ។

សូមបញ្ជាក់ថា​តាម​កម្មវិធី អ្នក​សហជីព​និង​កម្មករ​ត្រូវ​ចំណាយពេល​ពេញ​មួយ​ព្រឹក ដោយមាន​តំណាង​ឡើង​ថ្លែង​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា១ឧសភា និង​លើកឡើង​ពី​ការស្នើសុំ​ឲ្យ​មាន ការដោះស្រាយ​លក្ខខណ្ឌ​ការងារ​ចំនួន១៦ចំណុច ក្នុងនោះ​មានការ​សុំ​ដោះលែង​អ្នក​ជាប់ឃុំ២១នាក់ និង​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់១៦០ដុល្លារ​ផងដែរ។ នៅក្នុង​ឱកាស​នេះដែរ​មេដឹកនាំ​សហជីព​បាន​អះអាង​ដែរ​ថា ពួកគេ​នឹង​យក​ញ្ញ​តិ​ទៅ​ប្រគល់ជូន​ដល់​តំណាង​គណបក្ស​ទាំងពីរ​ដែល​កំពុង​ជាប់គាំង​ផ្នែក​នយោបាយ ខុសពីឆ្នាំមុនៗដែល​អ្នកធ្វើ​ពិធី​អន្តរជាតិ​នេះ​ជូន​ញ្ញ​តិ​ទៅ​រដ្ឋសភា៕



No comments:

Post a Comment