គណៈប្រតិភូសភាអឺរ៉ុបទទួលញត្តិពីអ្នកភូមិបឹងកក់ បុរីកីឡា និង ថ្មគោល នាពេលកន្លងមក។
RFI/Siv channa
អ្នកភូមិបឹងកក់ ស្វែងរកជំនួយ ពីធនាគារពិភពលោក បន្ទាប់ពី បរាជ័យ ក្នុងការពិភាក្សា
ប្រជាពលរដ្ឋ នៅតំបន់បឹងកក់ និងអតីត អ្នកបឹងកក់ បានដាក់ញត្តិ ទៅធនាគារពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរក អន្តរាគមន៍ ពីស្ថាប័នហិរញ្ញវត្ថុ ដ៏ធំនេះ ក្នុងការតាមឃ្លាំមើល ដំណើរការដោះស្រាយ បញ្ហាដីធ្លី ជាមួយ នឹងសាលារាជធានីភ្នំពេញ។ ការពឹងពាក់ ធនាគារពិភពលោក របស់អ្នកភូមិ នៅពេលនេះ គឺដោយសារ តែមិនមានដំណោះស្រាយ កាលពី ពីរថ្ងៃមុន ដោយអ្នកតវ៉ា ចង់បានទំហំដី ដែលគេគ្រប់គ្រង ពីមុន តែសាលាក្រុង មិនមានលទ្ធភាព ដោះស្រាយជូន។
ជាថ្មីម្តងទៀតប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងកក់និងអតីតអ្នកបឹងកក់ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើនទៀតប្រហែល១០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤មេសា បានដង្ហែរញត្តិទៅកាន់ធនាគារពិភពលោកដើម្បីឲ្យស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនេះ ជួយឃ្លាំមើលដោយផ្ទាល់រាល់ដំណោះស្រាយដីធ្លីរវាងសហគមន៍ពួកគេនិងអាជ្ញាធររាជធានីភ្នំពេញ។
ការដាក់ញត្តិនេះគឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបឹងកក់ចំនួន ១៤គ្រួសារបានជួបជជែកគ្នាជាមួយ អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មេសាដោយមិនមានលទ្ធផលអ្វីទាំងអស់។មិនបានផលដោយសារតែដំណោះស្រាយរបស់សាលាក្រុងដែលបានផ្តល់ដល់ប្រជាជនទាំងនោះក្នុងមួយគ្រួសារនូវដីទំហំ ៤ម៉ែត្រ គុណនឹង១៨ម៉ែត្រ ទោះបីជាប្រជាពលរដ្ឋមានទំហំដីពីមុនធំប៉ុណ្ណាក៏ដោយ ក៏ត្រូវបានទទួលគោលការណ៍នេះដែរ ព្រោះវាជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។តាមអ្នកភូមិបឹងកក់, ប្រធានធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជាបានសន្យាថា នឹងព្យាយាមជួយក្រុមអ្នកតវ៉ាក្នុងការស្វែងរកដំណោះស្រាយបញ្ហាដីធ្លីនេះបន្ថែមទៀត។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាការដែលមិនបានត្រូវរ៉ូវគ្នានៅក្នុងការជជែកគ្នាកាលពីថ្ងៃមុនគឺដោយសារអ្នកភូមិបឹងកក់ទាំងនោះ បានទាមទារនូវទំហំដីដើមរបស់ពួកគេ ដែលការទាមទារនោះហួសលទ្ធភាពសាលារាជធានីផ្តល់ជូន។
សូមបញ្ជាក់ថា ជម្ល៉ោះដីធ្លីរ៉ាំរ៉ៃនៃតំបន់បឹងកក់ តម្រូវឲ្យមានអន្តរគមន៍ពីលោក ហ៊ុន សែន ដោយលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១២ បានសម្រេចផ្តល់ដីនៅតំបន់បឹងកក់ចំនួន១២,៤៤ហិចតាដល់អ្នកតវ៉ាតំបន់បឹងកក់ទាំងអស់ប្រមាណជា៧០០គ្រួសារ ហើយដីដែលត្រូវដោះស្រាយឲ្យប្រជាជន១៤គ្រួសារនៅពេលនេះគឺស្ថិតនៅក្នុងទំហំផ្ទៃដីនោះដែរ។
No comments:
Post a Comment