សហព្រះរាជអាជ្ញាអាមេរិកាំងនៃសាលាក្តីខ្មែរក្រហមលោកនីកូឡាស គុមជាន (Nicolas Koumjian) នៅថ្ងៃព្រហស្បតិ៍នេះបានស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតលើអំពើហិង្សាផ្លូវភេទនិងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំសម្រាប់សំណុំរឿង០០៤។
ព្រះរាជអាជ្ញា ឱ្យស៊ើបអង្កេត លើ ហិង្សាផ្លូវភេទ និងរៀបការ ដោយបង្ខំ នៅរបបខ្មែរក្រហម
គង់ សុឋានរិទ្ធ / វីអូអេ | ២៥ មេសា ២០១៤
ភ្នំពេញ — សហព្រះរាជអាជ្ញា អាមេរិកាំង នៃសាលាក្តីខ្មែរក្រហម លោក នីកូឡាស គុមជាន (Nicolas Koumjian) នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឲ្យ សហចៅក្រម ស៊ើបអង្កេត ធ្វើការស៊ើបអង្កេត លើអំពើហិង្សាផ្លូវភេទ និងការរៀប អាពាហ៍ពិពាហ៍ ដោយបង្ខំ សម្រាប់ សំណុំរឿង០០៤។
ក្រុមអង្គការសង្គមស៊ីវិលបានទទូចឲ្យដាក់បញ្ចូលអំពើហិង្សាទាំងនេះក្នុងការកាត់ទោសអតីតមេដឹកនាំនិងអ្នកទទួលខុសត្រូវខ្មែរក្រហមជាយូរមកហើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិនៅល្ងាចថ្ងៃនេះអំពើហិង្សាទាំងនេះរួមមានការបង្ខំឲ្យរៀបការ ការរំលោភសេពសន្ធវៈជាក្រុមដែលមានរហូតដល់៨០គូ តាមរយៈការរៀបការក្នុងពេលតែមួយ ការរំលោភមុននឹងសម្លាប់។ ម្យ៉ាងវិញទៀតអំពើទាំងនេះត្រូវបានប្រព្រឹត្តដោយកម្មាភិបាលខ្មែរក្រហមហើយលោក Koumjian ស្នើឲ្យមានការស៊ើបអង្កេតនៅតាមស្រុកសំខាន់ៗមួយចំនួន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមពន្យល់ថាការស្នើសុំឲ្យធ្វើការស៊ើបអង្កេតបន្ថែមដោយសារលោកសហព្រះរាជអាជ្ញានីកូឡាស គុមជាន បានរកឃើញភស្តុតាងថ្មីៗបន្ថែមទៀត។
«សហព្រះរាជអាជ្ញាអន្តរជាតិបានបញ្ជូនដីកាឲ្យស៊ើបអង្កេតបន្ថែមនៅក្នុងសំណុំរឿង០០៤ នេះគឺដោយសារតែសហព្រះរាជអាជ្ញាអន្តរជាតិបានរកឃើញថាមានបទចោទថ្មីៗដែលអាចបន្ថែមទៅលើការស៊ើបសួរលើជនសង្ស័យក្នុងសំណុំរឿង០០៤នេះ»។
សំណុំរឿង០០៤ ត្រូវគេដឹងថា មានជនជាប់ចោទអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមថ្នាក់កណ្តាលចំនួនបីនាក់គឺ អ្នកស្រីអ៊ឹម ចែម ដែលត្រូវសង្ស័យថា ជាអ្នកគ្រប់គ្រងការដ្ឋានលើកទំនប់ស្រុកព្រះនេត្រព្រះ ដែលមនុស្សជាច្រើនបានស្លាប់និងត្រូវបានសម្លាប់នៅទីនោះ។ តា អាន និង តាទិត អតីតអ្នកទទួលខុសត្រូវបន្ទាប់ក្នុងការដ្ឋាននោះនិងជាអ្នកទទួលខុសត្រូវការសម្លាប់រង្គាលនៅទីនោះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់សហចៅក្រមស៊ើបអង្កេត សហព្រះរាជអាជ្ញាអន្តរជាតិលើកឡើងថាភស្តុតាងថ្មីៗរបស់ខ្លួនបង្ហាញអំពី ការសម្លាប់រង្គាល ការធ្វើមនុស្សឃាត ការធ្វើជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំងនិងការធ្វើទារុណកម្ម និងការរំលោភសេពសន្ធវៈ ជាដើម។ ហើយអំពើទាំងនេះបានស្ថិតនៅក្នុងតំបន់នៃការទទួលខុសត្រូវរបស់ជនជាប់សង្ស័យ។
លោកឌួង សាវន អ្នកសម្របសម្រួលកម្មវិធីហិង្សាផ្លូវភេទក្នុងសម័យខ្មែរក្រហមរបស់អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជានិងជាអ្នកចងក្រងឯកសារខ្លីមួយអំពីហិង្សាផ្លូវភេទក្នុងរបបនេះ។ លោកសាវន បានស្វាគមន៍សំណើឲ្យមានការស៊ើបអង្កេតបន្ថែមលើការរំលោភផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយលោកសំអាងថាការរំលោភផ្លូវភេទបានកើតឡើងយ៉ាងទូលំទូលាយក្នុងរបបខ្មែរក្រហម ប៉ុន្តែជនរងគ្រោះបានទុកវាជារឿងអាថ៌កំបាំង។
«វាជារឿងល្អមួយដែលព្រះរាជអាជ្ញាសុំឲ្យមានការស៊ើបអង្កេតបន្ថែមពីព្រោះប្រធានបទហ្នឹងគួរតែត្រូវបានដាក់ចូលក្នុងកម្មវិធីឬរបៀបវារៈរបស់តុលាការតាំងពីយូរយាណាស់មកហើយ។ថ្វីត្បិតតែវាយឺតបន្តិចប៉ុន្តែវាជារឿងល្អនិងសំខាន់»។
សំណុំរឿង០០៤គឺជាសំណុំរឿងដ៏ចម្រូងចម្រាស់មួយដែលរដ្ឋាភិបាលកម្ពុជាជំទាស់ការបើកសំណុំរឿងនេះនិងសំណុំរឿង០០៣ដែលជាប់ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់បំផុតសរុបចំនួនប្រាំនាក់សម្រាប់សំណុំរឿងទាំងពីរ៕
No comments:
Post a Comment