ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សដែលបាត់ ១៩៨នាក់ទៀតក្នុងហេតុការលិចសាឡាងនៅកូរ៉េខាងត្បូង(រូបភាពពី៖ AFP)
ចំនួនអ្នកស្លាប់ ដោយសារ លិចសាឡាង នៅកូរ៉េខាងត្បូង កើនដល់ ជាង១០០នាក់
ប្រែសម្រួលដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃអង្គារ ទី22 ខែមេសា ឆ្នាំ2014
ក្រុមអ្នកជួយសង្គ្រោះអ្នកលិចសាឡាងនៅកូរ៉េខាងត្បូង បានរកឃើញសាកសពកើនដល់ជាង១០០នាក់ ខណៈមានការសន្និដ្ឋានថា សាកសពនៅតែមានទៀត ព្រោះមនុស្ស១៩៨នាក់ដែលជិះនៅលើនោះនៅតែបាត់ខ្លួន។
ក្រុមអ្នកជួយសង្គ្រោះបានបង្ហាញរបាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ រកឃើញសាកសពកើនដល់១០៤នាក់ ចំណែក១៩៨នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះជឿជាក់ថា នឹងអាចរកឃើញសាកសពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានChannel News Asia។
សាឡាងដែលមានអ្នកជិះ៤៧៦នាក់ បានលិចកាលពីថ្ងៃទី១៦ ខែមេសា ក្នុងចំណោមអ្នកដំណើរនោះមានជាង ៣៥០នាក់ ជាសិស្សសិក្សានៅវិទ្យាល័យដែលមានអាយុពី១៦ទៅ ១៧ឆ្នាំ ពួកគេធ្វើដំណើរកំសាន្តតាមកោះពេលសម្រាកពីការសិក្សា។ ក្នុងចំណោមអ្នកនៅលើសាឡាង៤៧៦នាក់ ក្រុមអ្នកជួយសង្គ្រោះជួយបាន១៧៤នាក់ ក្នុងនោះរួមទាំងនាវិកសហការីរបស់លោក រកឃើញសាកសព១០៤នាក់ និង១៩៨នាក់កំពុងបាត់ខ្លួន។
នៅថ្ងៃចន្ទម្សិលមិញលោកស្រី ប៉ាក គឿនហេ ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្កោលទោសនាវិក និងសហការីមួយចំនួនថា ខ្វះសមត្ថភាពគ្រប់គ្រងស្ថានការណ៍ ហើយបានលោតចេញពីសាឡាងចោលអ្នកដំណើរនៅពេលសាឡាងកំពុងលិច។ លោកស្រីថ្លែងថាសកម្មភាពរបស់នាវិកនោះ ស្មើនឹងអំពើឃាតកម្ម។
ក្រុមការងារស៊ើបអង្កេតករណីនេះ លើកឡើងថា ប្រសិនបើនាវិកជម្លៀសអ្នកនៅលើសាឡាងទាន់ពេលនោះ នឹងអាចរក្សាជីវិតបានច្រើន។
No comments:
Post a Comment