Paris Peace Accords 23 Oct. 1991

Wednesday, April 23, 2014

អង្គការ​ អន្តរជាតិ​ បារម្ភ​ ចំពោះ​សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ ឧក្រិដ្ឋកម្ម ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ​នៅ​កម្ពុជា

ហ្វេសប៊ុក ៦១០
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​វិទ្យុ​អាស៊ីសេរី

អង្គការ​ អន្តរជាតិ​ បារម្ភ​ ចំពោះ​សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ ឧក្រិដ្ឋកម្ម ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ​នៅ​កម្ពុជា

ដោយ ជី វិតា / អាស៊ីសេរី | ២២ មេសា ២០១៤

មិន​មែន​មាន​តែ ​សេចក្តី​ព្រាង​ច្បាប់​ ចំនួន​បី​ ទាក់ទង​ នឹង​ប្រព័ន្ធ​តុលាការ ​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ដែល​ អង្គការ​ ជាតិ និង​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ ​ថា អាច​នឹង​ រឹត​ត្បិត​សេរីភាព ​របស់​ ពលរដ្ឋ​កម្ពុជា ប៉ុន្តែ​ យ៉ាង​ហោច​ណាស់​ នៅ​មាន ​សេចក្តី​ព្រាង​ច្បាប់​ មួយ​ទៀត គឺ​ច្បាប់ ​ស្ដីពី​ ការ​គ្រប់គ្រង ​ការ​ប្រើប្រាស់​ ប្រព័ន្ធ​អ៊ីនធឺណិត។
អង្គការ Article 19 ដែល​ឃ្លាំ​មើល​សេរីភាព​បញ្ចេញ​មតិ​នៅ​តាម​បណ្ដា​ប្រទេស​នានា បាន​សម្ដែង​ក្តី​កង្វល់​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ស្មារតី និង​ខ្លឹមសារ ចែង​មិន​ច្បាស់​លាស់​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តាក់តែង​ដោយ​មិន​បើក​ចំហ ហើយ​អំពាវនាវ​អោយ​មាន​ការ​ចូល​រួម​ផ្តល់​យោបល់​ពី​សង្គម​ស៊ីវិល។
អង្គការ​មាត្រា​១៩ ឬ Article 19 ជា​ភាសា​អង់គ្លេស​ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​គោលដៅ​រឹត​បន្តឹង ឬ​កាត់​បន្ថយ​សេរីភាព​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។
អង្គការ​មាត្រា​១៩ អោយ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" ឬ Cybercrime Law ជា​ភាសា​អង់គ្លេស ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​រៀប​ចំ​ដោយ​មិន​អនុញ្ញាត​អោយ​សង្គម​ស៊ីវិល​ចូល​រួម​នោះ មាន​កម្រិត​ក្រោម​ស្តង់ដារ​អន្តរជាតិ។ ស្ថិត​ក្រោម​កម្រិត​ស្តង់ដារ​អន្តរជាតិ ពីព្រោះ​ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់ វា​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ សិទ្ធិ​ផ្សព្វផ្សាយ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រម​ទាំង​សិទ្ធិ​មាន​ជីវភាព​ឯកជន​នៅ​កម្ពុជា ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។
រាជ​រដ្ឋាភិបាល​កម្ពុជា រហូត​មក​ដល់​ពេល​នេះ បាន​ខិតខំ​ប្រឹងប្រែង​លាក់លៀម​មិន​អោយ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" នេះ លេច​ធ្លាយ​ទៅ​ប្រភព​ខាង​ក្រៅ។
ទោះ​ជា​យ៉ាង​ណា អង្គការ​មាត្រា​១៩ ដែល​បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​នេះ​បញ្ជាក់​ថា មាន​ពាក្យពេចន៍ និង​ខ្លឹមសារ​ជាច្រើន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ មាន​ភាព​ស្រពិចស្រពិល​មិន​ច្បាស់​លាស់ ដែល​ជា​ចន្លោះ​ប្រហោង​អាច​បកស្រាយ​បាន​តាម​អំពើ​ចិត្ត នាំ​ទៅ​ដល់​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ ជាពិសេស​មាត្រា​២៨ ដែល​មាន​ដាក់​ទោស​ជាប់​ពន្ធនាគារ​ចំពោះ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដែល​ល្មើស​នឹង​ច្បាប់​នេះ។
ពាក្យពេចន៍​ដែល​មាន​អត្ថន័យ​មិន​ច្បាស់​លាស់​ចែង​ក្នុង​មាត្រា​២៨ រួម​មាន សកម្មភាព​រារាំង​ប៉ះពាល់​ដល់​អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សកម្មភាព​ញុះញង់​អោយ​មាន​ភាព​អនាធិបតេយ្យ សកម្មភាព​បង្ក​អោយ​មាន​អសន្តិសុខ អស្ថិរភាព​សង្គម និង​នយោបាយ ការ​និយាយ​បង្ខូច​បង្កាច់ ឬ​ធ្វើ​អោយ​អន្តរាយ​ដល់​សុចរិត​ភាព​នៃ​ទីភ្នាក់ងារ និង​ក្រសួង​នានា​គ្រប់​លំដាប់​ថ្នាក់​របស់​រដ្ឋាភិបាល ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌ និង​វប្បធម៌ ដូច​ជា​វប្បធម៌​គ្រួសារ ជាដើម។
អ្វី​ដែល​ជា​បញ្ហា​ក្នុង​បទ​ពិសោធន៍​កន្លង​មក គឺ​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​កំណត់​និយមន័យ​នៃ​ពាក្យ​ទាំងអស់​នេះ ដូច​ជា​ថា អ្វី​ទៅ​ជា​សកម្មភាព​បង្ក​អសន្តិសុខ អស្ថិរភាព​សង្គម ឬ​អស្ថិរភាព​នយោបាយ​នោះ? អ្វី​ទៅ​ជា​ការ​និយាយ​បង្ខូច​បង្កាច់ ឬ​ធ្វើ​អោយ​អន្តរាយ​ដល់​សុចរិត​ភាព​នៃ​ទីភ្នាក់ងារ​រដ្ឋ​នោះ? អ្វី​ទៅ​ជា​ការ​បញ្ចេញ​មតិ​នាំ​អោយ​ប៉ះពាល់​ដល់​តម្លៃ​សីលធម៌ និង​វប្បធម៌​នោះ?
អង្គការ​មាត្រា​១៩ ស្នើ​អោយ​រដ្ឋាភិបាល​កម្ពុជា លុប​បញ្ញត្តិ​ទាំង​នេះ​ចេញ​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ ពីព្រោះ​ពាក្យពេចន៍ និង​ខ្លឹមសារ​ដែល​បាន​រៀប​រាប់​ក្នុង​មាត្រា​២៨ នេះ​មាន​អត្ថន័យ​ស្រពិចស្រពិល​ខ្លាំង​ណាស់ គ្មាន​កំណត់​និយមន័យ​ច្បាស់​លាស់ ដែល​ផ្តល់​ឱកាស​ងាយ​ស្រួល​ដល់​មន្ត្រី​រដ្ឋ​ដែល​អនុវត្ត​ច្បាប់​នេះ ផ្តល់​និយមន័យ ឬ​បកស្រាយ​មាត្រា​ទាំង​នេះ​តាម​អំពើ​ចិត្ត​រៀងៗ​ខ្លួន បណ្ដាល​អោយ​មាន​អំពើ​រំលោភ​បំពាន​ច្បាប់ និង​សិទ្ធិ​មនុស្ស។ ឧទាហរណ៍ ការ​សម្ដែង​មតិ​ស្រប​ច្បាប់​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​រិះគន់​នូវ​អំពើ​ពុក​រលួយ ឬ​អំពើ​ខុស​ឆ្គង​របស់​អាជ្ញាធរ ឬ​ការ​និយាយ​រិះគន់​ដល់​រដ្ឋាភិបាល​យ៉ាង​សាមញ្ញៗ ក៏​អាច​នឹង​រង​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ដោយ​ច្បាប់​នេះ​ដែរ។ នៅ​មាន​បញ្ញត្តិ​ក្នុង​មាត្រា​ផ្សេងៗ​ទៀត ដែល​អង្គការ​មាត្រា​១៩ នេះ​សម្ដែង​ការ​ខ្វាយខ្វល់ ក្នុង​នោះ​រួម​មាន កម្រិត​ទោស​ដែល​ត្រូវ​ដាក់​ទៅ​លើ​អ្នក​ល្មើស​នឹង​ច្បាប់​នេះ គឺ​វា​ធ្ងន់ធ្ងរ​ជាង​ទោស​សម្រាប់​ដាក់​លើ​អ្នក​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ​ធម្មតា​ទៅ​ទៀត គឺ​ធ្ងន់ធ្ងរ​ទាំង​ប្រាក់​ពិន័យ និង​រយៈពេល​ជាប់​ពន្ធនាគារ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​មាត្រា​១៩ នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" សម្រាប់​គ្រប់គ្រង​លើ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត នេះ​កំពុង​ស្ថិត​ក្នុង​ការ​រៀប​ចំ​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍៖ «អត់​ទាន់​មាន​ពិភាក្សា​ទេ​ពី​ច្បាប់​នេះ ពីព្រោះ​វា​ស្ថិត​នៅ​លើ​ពង្រាង​ទាំងអស់ ហើយ​ពង្រាង​នេះ​មិន​ទាន់​ជា​ផ្លូវ​ការ​ទៀត។ ក្រសួង​ទូរគមនាគមន៍​ជា​អ្នក​ផ្ដួចផ្ដើម​នៅ​លើ​សាច់​រឿង​ហ្នឹង ហើយ​កំពុង​នៅ​ក្នុង​វគ្គ​សិក្សា អត់​ទាន់​ចេញ​ជា​សេចក្តី​ព្រាង​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ នៅ​ពេល​ខ្ញុំ​និយាយ​សេចក្តី​ព្រាង​ផ្លូវ​ការ គឺ​ត្រូវ​ឆ្លង​ពី​អន្តរ​ក្រសួង​ចូល​មក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ដូច្នេះ​យើង​អត់​ទាន់​មាន​អ្វី​ជា​មូលដ្ឋាន​ក្នុង​ការ​ជជែក​ទេ។ លោក ជី វិតា៖ អ៊ីចឹង​មាន​ន័យ​ថា ឥឡូវ​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​នៅ​ឡើយ? លោក ផៃ ស៊ីផាន៖ វា​មិន​ទាន់​ជា​ជំហរ​របស់​រដ្ឋាភិបាល​ទេ។ អា​ហ្នឹង​ជា​ជំហរ​របស់​អ្នក​ឯកទេស​របស់​ក្រសួង»
បើ​ទោះ​ជា លោក ផៃ ស៊ីផាន បដិសេធ​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​ទាន់​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" នេះ​ពី​ក្រសួង​សាមី​ក៏ដោយ វិទ្យុ​អាស៊ីសេរី ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ជា​ភាសា​អង់គ្លេស មាន ១៧​ទំព័រ។ នៅ​ខាង​ក្រោម​ទំព័រ​ទី​១​នេះ​មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ថា ព្រាង​ឡើង​ដោយ​ក្រុម​ការងារ​សរសេរ​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ អត្ថន័យ​នេះ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​អ្នក​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​មាត្រា​១៩ ឬ Article 19 គូស​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​បាន​ផ្តល់​អំណាច​ច្រើន​ពេក​ដល់​ព្រះរាជ​អាជ្ញា ជា​ជាង​តុលាការ។ អង្គការ​មាត្រា​១៩ បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ពិគ្រោះ​យោបល់​អំពី​ច្បាប់​នេះ​ឡើយ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្តី។ ម្យ៉ាង​វិញ​ទៀត រាជ​រដ្ឋាភិបាល​តែង​បិទ​បាំង​មិន​អោយ​លេច​ធ្លាយ​នូវ​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​របស់​ខ្លួន ដោយ​មិន​ដែល​បញ្ជាក់​អោយ​សាធារណជន​ដឹង​ថា តើ​សេចក្តី​ព្រាង​ច្បាប់​នោះ​នៅ​ទីណា ស្ថិត​នៅ​ដំណាក់​ការ​ណា ហើយ​នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ណា​នោះ។
សភាពការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពេល​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប​បាតុករ​នៅ​ផ្លូវ​វ៉េងស្រេង និង​សង្កាត់​កំបូល កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា ឆ្នាំ​២០១៤ នោះ​មក ការ​ប្រមូល​ផ្តុំ​គ្នា និង​ធ្វើ​បាតុកម្ម​តវ៉ា​ផ្សេងៗ ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ឃាត់​រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ការ​ហាម​ឃាត់​នេះ​ផ្ទុយ​ពី​ច្បាប់​ក៏ដោយ​ចុះ។
ដូច្នេះ វេទិកា​សម្រាប់​ជួបជុំ​សម្ដែង​មតិ ចែក​ចាយ និង​ទទួល​បាន​ព័ត៌មាន ដែល​ពលរដ្ឋ​កម្ពុជា អាច​ធ្វើ​ទៅ​បាន គឺ​មាន​តែ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត រួម​មាន ហ្វេសប៊ុក (Facebook) ថ្វីតធឺ (Twitter) ឬ​តាម​រយៈ​វែបសាយ ជាដើម​តែ​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋ​កម្ពុជា អាច​នឹង​បាត់​បង់​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា" បែប​នេះ​អោយ​ក្លាយ​ទៅ​ជា​ច្បាប់។
អង្គការ​ឃ្លាំ​មើល​សេរីភាព​អន្តរជាតិ Article 19 បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ធ្វើ​ឡើង​ថ្មីៗ​របស់​ខ្លួន​ជា​សាធារណៈ និង​បើក​កិច្ច​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ហើយ​អង្គការ​មាត្រា​១៩ ឬ Article 19 នេះ រង់ចាំ​ជួយ​ផ្តល់​មតិ​យោបល់​ជានិច្ច។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ទាក់ទង​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​ចែក​ចាយ​ព័ត៌មាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បំបិទ​សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ៕


No comments:

Post a Comment