Paris Peace Accords 23 Oct. 1991

Wednesday, April 30, 2014

មន្ត្រី​រាជការ​ឃុំ​ នៅ​ស្រុក​ជុំគីរី​ តវ៉ា​ ចំពោះ​ ការ​បង្ខំ​ ឲ្យ​បង់​ប្រាក់ ​ជួយ ​កាកបាទ​ក្រហម

មន្ត្រី​រាជការ​ឃុំ​ នៅ​ស្រុក​ជុំគីរី​ តវ៉ា​ ចំពោះ​ ការ​បង្ខំ​ ឲ្យ​បង់​ប្រាក់ ​ជួយ ​កាកបាទ​ក្រហម

ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ២៩ មេសា ២០១៤

មន្ត្រី​រាជការ​ឃុំ​ នៅ​ស្រុក​ជុំគីរី ខេត្ត​កំពត តវ៉ា​ ចំពោះ​ការ​បង្ខំ ​ឲ្យ​បង់​ប្រាក់​ ជួយ​កាកបាទ​ក្រហម​កម្ពុជា ម្នាក់ ៤​ម៉ឺន​រៀល ស្មើ ១០​ដុល្លារ​អាមេរិក។
ក្រុមប្រឹក្សា​ ស្រុក​ជុំគីរី លោក សិន ទុន ថ្លែង​នៅ​ព្រឹក​ថ្ងៃ​២៩ ខែ មេសា ថា មន្ត្រី​ ក្រុមប្រឹក្សា ឃុំ​ជាប់ឆ្នោត ​ក្នុង​ស្រុក​នេះ​ មាន ៤១​នាក់។ ក្នុង​នោះ​ មាន​ប្រធាន ​ក្រុមប្រឹក្សា​ឃុំ ​មួយ​ចំនួន ​បាន​កំណត់ ​ឲ្យ​សមាជិក​​ ក្នុង​តំណែង​ក្រោម​ឱវាទ​ ត្រូវ​បង់​ប្រាក់ ​ជួយ​កាកបាទក្រហម​ ឲ្យ​បាន ៤​ម៉ឺន ស្មើ​នឹង ១០​ដុល្លារ ​ក្នុង​ម្នាក់។
លោក សិន ទុន៖ "ក្នុង​លិខិត​របស់​អភិបាល​ខេត្ត​ផ្ញើ​មក​តាម​បណ្ដា​ឃុំ គឺ​គាត់​គ្រាន់តែ​អំពាវនាវ​តែ​បែរ​ជា​មេ​ឃុំ គាត់​​កំណត់​ឲ្យ​បង់ ៤​ម៉ឺន​ក្នុង​ម្នាក់ ក្នុង​នោះ​មាន​ឃុំ​ស្រែ​ចែង ឃុំ​ស្រែ​សំរោង ឃុំ​ជំពូវ័ន្ត និង​ឃុំ​ស្រែ​ក្នុង​ដែល​ខ្ញុំ​ទទួល​ព័ត៌មាន​បាន​ច្បាស់។ អ៊ីចឹង​ទេ​សំណូមពរ​ឲ្យ​លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ជុំគីរី មេត្តា​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រមូល​ថវិកា​របស់​កាកបាទ​ក្រហម​នេះ។

​លិខិត​នេះ​គាត់​អំពាវនាវ​ដល់​មន្ត្រី​រាជការ​ទាំង​អស់ តាម​ខ្ញុំ​មើល​បែរ​ជា​មេ​ឃុំ​គេ​កំណត់​ដាក់ ៤​ម៉ឺន  ​មាន​មេ​ឃុំ​ស្រែសំរោង មាន​សរសេរ​ប៊ិច​ខ្មៅ ដាក់ ៤​ម៉ឺន​ហ្នឹង​តែម្ដង។"
​មេឃុំ​ស្រែ​សំរោង និង​មេឃុំ​ជំពូវ័ន្ត បាន​អះអាង​ថា ការ​កំណត់​ឲ្យ​បង់​ប្រាក់ ៤​ម៉ឺន​រៀល ជួយ​ឧបត្ថម្ភ​​កាកបាទ​ក្រហម​កម្ពុជា ព្រោះ​មាន​មន្ត្រី​ខ្លះ​ចង់​បង់​ប្រាក់​តែ ២​ពាន់​រៀល​ក្នុង​ការ​ជួយឧបត្ថម្ភ​ប្រចាំ​ឆ្នាំ។
​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​ជុំគីរី លោក ខៀវ រិទ្ធិភណ្ឌ បំភ្លឺ​ថា អាជ្ញាធរ​ស្រុក​ខេត្ត​មិន​បាន​បង្ខំ ឬ​កំណត់​ឲ្យ​មន្ត្រី​រាជការ​ក្នុង​ខេត្ត​នេះ បង់​ប្រាក់ ៤​ម៉ឺន​រៀល ដូច​ការ​លើក​ឡើង​នោះ​ទេ។ លោក​ថា ទង្វើ​របស់​កាកបាទក្រហម​គឺ​ជួយ​សង្គ្រោះ។ ដូច្នេះ​ថវិកា​ជួយ​សង្គ្រោះ គឺ​បាន​ពី​ការ​បរិច្ចាគ​តាម​សទ្ធា​របស់​សប្បុរសជន។ លោក​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​គ្រាន់តែ​អំពាវនាវ​ទេ មិន​បង្ខំ ឬ​កំណត់​​ប្រាក់ ៤​ម៉ឺន​ត្រូវ​ជួយ​ឧបត្ថម្ភ​កាកបាទ​ក្រហម​កម្ពុជា​ឡើយ។
​ក្រុមប្រឹក្សា​ឃុំ​ស្រែសំរោង ឃុំ​ស្រែចែង ឃុំ​ជំពូវ័ន្ត បាន​អះអាង​ថា ទោះ​ជា​មេ​ឃុំ​បាន​កំណត់​ឲ្យ​បង់​ប្រាក់ ៤​ម៉ឺន​រៀល​ក៏ដោយ ពួកគាត់​បាន​បង់​ប្រាក់​តាម​សទ្ធា ខ្លះ​បង់ ៤​ម៉ឺន ខ្លះ ២​ម៉ឺន តែ​ភាគ​ច្រើន​មិន​ក្រោម ២​ម៉ឺន​រៀល​ទេ៕


No comments:

Post a Comment