សកម្មជន គណបក្ស សង្គ្រោះជាតិ នៅសៀមរាប រង ការគំរាម សម្លាប់
បូ សាវី / វីអូឌី | ២១ ខែមេសា ២០១៤
សកម្មជន គណបក្ស សង្គ្រោះជាតិ នៅស្រុក វ៉ារិន ខេត្ដ សៀមរាប រងការគំរាម សម្លាប់ ពីសមាជិកភូមិ នៃគណបក្ស ប្រជាជាជន កម្ពុជា ខណៈចូលរួម ក្នុងកម្មវិធី ជាមួយគ្នា កាលពីថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០១៤។
លោក ទី ផ្លក់ អះអាងថា ជាសមាជិក គណបក្ស ប្រឆាំង បានប្រាប់ VOD នៅព្រឹកថ្ងៃចន្ទនេះ ថា, លោក ជីង ឈា ដែលផ្ទះរបស់គាត់ មានលើកស្លាកគណបក្សកាន់អំណាច បានគំរាមសម្លាប់លោកដោយវត្ថុរឹង (បង្គោលគ្រាក់) ខណៈចូលរួមកម្មវិធីទទួលទានអាហារ នៅផ្ទះបងប្អូនរបស់លោក នៅភូមិគោកគ្រួស ឃុំវ៉ារិន ស្រុកវ៉ារិន។ លោកបន្ដថា សមាជិកគណបក្សប្រជាជន រូបនោះ បានគំរាមលោកថា នឹងព្យាយាមតាមសម្លាប់លោកចោល ហើយបង់លុយថែមទៀត។ លោកថា លោកបានដាក់ប្ដឹងទៅមេភូមិ និងអង្គការសង្គមស៊ីវិល ដើម្បីរកយុត្ដិធម៌ «សិទ្ធិមនុស្ស[ អង្គការ] គេ ចង់ ឲ្យជួបគេ នៅទីស្នាក់ការ ឲ្យដាក់ពាក្យ ទៅតុលាការ។ មេភូមិ គេ ចង់ ឲ្យទៅ សម្របសម្រួល នៅហ្នឹង ទោះបី មិនសារភាព យ៉ាងណា ឲ្យសម្របសម្រួល។ ក៏ប៉ុន្តែ ធ្វើម៉េចកើត បើ គេ ប្រមាថថា ថ្ងៃក្រោយ គេ ធ្វើ ឲ្យបាន។ គេ ថា “វ៉ៃឯងថ្ងៃនេះមិនបាន ថ្ងៃក្រោយអញវ៉ៃឲ្យទាល់តែបាន។” ពាក្យនេះខ្ញុំបារម្ភណាស់ មិនឃើញខ្ញុំមិនហ៊ានដើរទៅណាទេ ថ្ងៃណាដើរៗ គេវ៉ៃចោលទៅ ម៉េចទៅ?»
VOD មិនអាចទាក់ទង លោក ជីង ឈា ដែលរងការចោទប្រកាន់ ពីករណីនេះ បាននៅឡើយទេ។ ប៉ុន្ដែមេភូមិ គោកគ្រួស ឃុំវ៉ារិន លោក អន សែម មានប្រសាសន៍ថា លោក ជីង ឈា ជាសមាជិកភូមិ គណបក្សកាន់អំណាច ហើយលោកកំពុងហៅភាគីទាំងពីរនោះ មកដោះស្រាយនៅថ្ងៃនេះ «ពេលនេះ ខ្ញុំ កំពុងតែ សម្រុះសម្រួល មិនទាន់បាន និយាយ គិតគូរ ថ្ងៃនេះ ឯង សម្រួលថ្ងៃនេះ និយាយប៉ះពាល់គ្នា។»
អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្ដសៀមរាប លោក សុខ គឹមសេង ថ្លែងថា លោក ទី ផ្លក់ ជាសកម្មជនដ៏សកម្មម្នាក់ និងធ្លាប់ជាបេក្ខជនក្រុមប្រឹក្សាឃុំនៃគណបក្សប្រឆាំង ប្រចាំស្រុកពួក ប៉ុន្ដែត្រូវបានផ្លាស់ប្ដូទៅ រស់នៅស្រុកវ៉ារិន។ លោកបន្ដថា ការគំរាមកំហែងបែបនេះ ជាទង្វើខុសច្បាប់ និងរើសអើងនយោបាយ ដោយលោកទាមទារឲ្យសមត្ថកិច្ចផ្ដល់យុត្ដិធម៌ «នេះជាការរើសអើង ពួកគាត់តែងតែរើសអើង ថាអ្នកដែលមិនមែនជា អ្នកគាំទ្រគាត់នោះ គឺជាសត្រូវគាត់តែងតែចាត់ទុកអ៊ីចឹងឯង ហើយជាគោលការណ៍ មេដឹកនាំខាងលើរបស់គណបក្សប្រជាជនហ្នឹង ក៏ដូចគ្នាដែរ តែងតែចាត់ទុក តែងតែរើសអើងសមាជិកគណបក្សដែលមិនមែនជាគណបក្សរបស់ខ្លួន។ ការរើសអើងនេះហើយ ដែលឈានរហូតដល់មានអំពើហិង្សារកើតឡើង។»
អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាម៉ាណា មានប្រសាសន៍ថា ទង្វើបែបនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិក្នុងការធ្វើនយោបាយ ដែលផ្ទុយពី ច្បាប់រដ្ឋមនុញ្ញត្រង់មាត្រា៣៥ និងមាត្រា៤១ ចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គម ការសម្ដែងមតិ និងការជួបប្រជុំជាដើម៕
No comments:
Post a Comment