យុវជនបក្សសង្គ្រោះជាតិ រងរបួសដោយការបង្ក្រាបរបស់កម្លាំងសន្តិសុខរាជធានីភ្នំពេញ ទៅលើអ្នកប៉ុនប៉ងចូលទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃ២១ មេសា ឆ្នាំ២០១៤។
RFA/Morm Moniroth
មនុស្ស ១០នាក់ របួស ពេលព្យាយាម ចូលទីលាន ប្រជាធិបតេយ្យ
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ២១ មេសា ២០១៤
មនុស្ស ១០នាក់ បានរងបួស ធ្ងន់ និងស្រាល ដោយសារ ការវាយ ពីកម្លាំងសន្តិសុខ ខណ្ឌដូនពេញ នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២១ មេសា។
ការរងរបួសទាំងនេះ គឺនៅពេលដែលកម្លាំងសន្តិសុខខណ្ឌ
ដូនពេញ ព្យាយាមបណ្ដេញបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឱ្យចេញទីលានប្រជាធិបតេយ្យ។ អ្នកស្រី មូរ សុខហួរ បានព្យាយាមចូលទៅក្នុងទីលានប្រជាធិបតេយ្យពីរថ្ងៃជាប់ៗគ្នា ដើម្បីសម្ដែងមតិ និងទាមទារយុត្តិធម៌ឲ្យកម្មករ ដែលត្រូវគេបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា។
អ្នកស្រីថ្លែងថា ទីលានប្រជាធិបតេយ្យ គឺជាលាននៃព្រលឹងអ្នកប្រជាធិបតេយ្យ៖ «ប្រជាពលរដ្ឋហើយដែលធ្វើដំណើរយ៉ាងឆ្ងាយមកពីគ្រប់ទិសទី ដើម្បីមកទាមទារឲ្យមានសិទ្ធិសេរីភាព មានយុត្តិធម៌ អ្នកដែលរស់ក្នុងភាពក្រីក្រយូរមកហើយ ហើយអ្នកដែលចង់ដូរអ្នកដឹកនាំសព្វថ្ងៃនេះ។ ដូច្នេះ បំណងរបស់ខ្ញុំ ខ្ញុំចង់ទៅបញ្ចេញមតិរបស់ខ្ញុំក្នុងនាមពលរដ្ឋខ្មែរមួយរូប និងក្នុងការលើកស្ទួយការពារអ្វីដែលជាព្រលឹងអ្នកស្នេហាជាតិ និងនិមិត្តរូបនៃការតស៊ូដើម្បីមានលទ្ធិប្រជាធិបតេយ្យ គឺទីលានប្រជាធិបតេយ្យនេះឯង។»
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ឱ្យដឹងថា ក្នុងចំណោមអ្នករបួស ១០នាក់ អង្គការលោកទទួលព្យាបាលអ្នករងរបួសចំនួន ៨នាក់ គឺមានយុវជនជាអ្នកគាំទ្រអ្នកស្រី មូរ សុខហួរ និងអ្នកតំណាងរាស្ត្រមកពីខេត្តកំពង់ធំ ម្នាក់ គឺលោក លីម គីមយ៉ា ដែលត្រូវទះលើផ្ទៃមុខ។ ក្រៅពីនោះ មានអ្នកកាសែតខ្មែរ និងបរទេសផ្សេងទៀត។ ក្នុងនោះមានអ្នករបួសធ្ងន់បែកក្បាល ៣នាក់ និងរបួសត្រចៀក។
លោកសោកស្ដាយចំពោះការប្រើអំពើហិង្សារបស់កងសន្តិសុខ ដែលលោកចាត់ទុកថា ជាការបន្តឱ្យមាននិទ្ទណ្ឌភាព ឬភាពរួចទោសនៅកម្ពុជា៖ «ខ្ញុំមានការសោកស្ដាយ ដោយសារនៅពេលហ្នឹងមានកងកម្លាំងប៉ូលិសទៅជាច្រើន ប៉ុន្តែនៅពេលមានអំពើហិង្សាកើតឡើងយើងមិនឃើញមានការទប់ស្កាត់ ឬចាប់ជនដៃដល់ណាមួយយកទៅអនុវត្តតាមផ្លូវច្បាប់ទេ។ កងកម្លាំងសន្តិសុខជាអ្នកប្រើអំពើហិង្សា ឯកងកម្លាំងសមត្ថកិច្ចប៉ូលិសគាត់អ្នកឈរមើល។ បើតាមផ្លូវច្បាប់ កាលណាមានបទល្មើសកើតឡើង គាត់ត្រូវអនុវត្តតាមផ្លូវច្បាប់ ទប់ស្កាត់បទល្មើស ទី២ បើសិនមានបទល្មើសជាក់ស្ដែង គាត់ត្រូវអនុវត្តតាមផ្លូវច្បាប់...។»
នៅថ្ងៃដដែលនេះ គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីប្រកាសឱ្យដឹងថា អ្នកស្រី មូរ សុខហួរ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ ទី២២ មេសា ស្ដីអំពីការប្រើអំពើហិង្សាមានលក្ខណៈជាប្រព័ន្ធពីសំណាក់កម្លាំងអាជ្ញាធរនេះ៕
No comments:
Post a Comment