Paris Peace Accords 23 Oct. 1991

Tuesday, April 8, 2014

លោក ​ហ៊ុន សែន​ ព្រមាន​ប្តឹង ​​លោក ​សម រង្ស៊ី​ ដែល​គ្រោង​ធ្វើ ​មហា​បាតុកម្ម

លោកសាយ ឈុំ ​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​​(ខាងឆ្វេង)​ ​និង​​លោក​ហ៊ុន សែន​ អនុ​ប្រធាន​គណ​បក្ស​​នេះ​​​ ពេល​ចរចាជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​មុន។​
លោកសាយ ឈុំ ​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​​(ខាងឆ្វេង)​ ​និង​​លោក​ហ៊ុន សែន​ អនុ​ប្រធាន​គណ​បក្ស​​នេះ​​​ ពេល​ចរចាជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​មុន។​

លោក ​ហ៊ុន សែន​ ព្រមាន​ប្តឹង ​​លោក ​សម រង្ស៊ី​ ដែល​គ្រោង​ធ្វើ ​មហា​បាតុកម្ម

ហេង រស្មី / វីអូអេ | ០៨ មេសា ២០១៤

ភ្នំពេញ — មេ​ដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារជាថ្មី​ទៀត​នៅ​ថ្ងៃ​ទី​២​ខែ​ឧសភា​ខាង​មុខ​នេះ​ ​ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ព្រមាន​ប្តឹង​លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នេះ ទៅ​កាន់​តុលាកា​ក្រុង​ភ្នំពេញ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​

ការ​ដាក់​សម្ពាធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មេដឹក​នាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​បាន​កើត​មាន​ឡើង​ ក្នុង​ខណៈពេល​ដែល​ការ​ចរចា​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ឲ្យមាន​ការ​កែ​ទម្រង់សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​ទាម​ទារ​ឲ្យបោះឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ។​

មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន​រយនាក់​នៅ​ក្នុង​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ឱកាស​គម្រប់​ខួប១​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​នេះ​ លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​ បាន​ប្រកាស​កៀង​គរ​ប្រជា​ពលរដ្ឋ​ឲ្យចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២​ខែ​ឧសភា​ឲ្យបាន​ដល់​២​លាន​នាក់។​

លោក​និយាយ​ថា៖​«អត់មាន​អ្នក​ណា​រារាំង​ទេ។ ច្បាប់​បោះ​ឆ្នោត​អនុញ្ញាត​ឲ្យយើង​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​លក្ខខណ្ឌ។​ ​ឥឡូវ​បង​ប្អូន​ត្រៀម​ខ្លួន​ទៅ​ ថ្ងៃ​២​ឧសភា ​ខ្ញុំ​សូម​២​លាន​នាក់»។​

ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២​ ខែ​ឧសភា​នេះ​តទៅ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែ​ឧសភា។

លោកសម រង្ស៊ី​បាន​បញ្ជាក់​ថា ​លោក​យក​ថ្ងៃ​ឃោសនា​រក​សំឡេងឆ្នោតជា​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​ដោយ​ដើរ​ក្បួន​ដង្ហែ​ពាស​ពេញ​ទី​ក្រុង​ភ្នំពេញ។​ ក៏​ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​យ៉ាង​ណា​ក៏​ដោយ​ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បើក​ផ្លូវ​ឲ្យមាន​ការ​ចរចា​ដើម្បី​រក​ដំណោះ​ស្រាយ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា។​

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែតក្រោយ​ពី​បញ្ចប់​ពិធី​ខួបគណបក្ស​ ​លោកសម រង្ស៊ី​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ទាមទារ​ពីរ​ចំណុច​ធំៗ​គឺ​ឲ្យគ.ជ.ប.ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​ ដែល​មាន​តួនាទី​និង​សមាភាព​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ស្នើ​ឲ្យកំណត់​ថ្ងៃ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ។

លោក​និយាយ​ថា៖​ «ការ​ព្រម​ព្រៀង​គ្នា​លើ​ចំណុច​ទាំង​ពីរ​ហ្នឹង​ហើយ​ទើប​អាច​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ដែល​នៅ​សេស​សល់»។

គណបក្ស​ជាតិ​និយម​ ដែល​ជា​អតីត​គណបក្ស​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិក៏​បាន​ប្រកាស​ថា​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​ចំនួន​៥០​រូប​នឹង​របស់​គណបក្ស​នេះ​នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះជាតិ​ ព្រម​ទាំង​គាំទ្រ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី។

លោកមុត ចន្ថា​ អគ្គលេខា​ធិការ​គណបក្ស​ជាតិនិយម​ បាន​បញ្ជាក់​ថា៖​«យើង​ចូល​រួម​ជារៀង​រហូត​មក​ តាម​គ្រប់​លទ្ធភាព​ និង​គ្រប់​រូប​ភាព​ទាំង​អស់។​ ​ដូច​ជា​ថ្ងៃ​ម្សិល​មិញ យើង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ប្រឆាំងការ​ថ្កោល​ទោស​ពី​សំណាក់​រដ្ឋាភិបាល​មក​លើ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​យើង​គិត​ថា​ ជា​ការ​វាយ​ប្រហារ​ដោយ​អយុត្តិធម៌​ ជា​ការ​មួល​បង្កាច់​ដោយ​នយោបាយ»។​

ក្នុង​ខណៈពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​អះអាង​សារ​ជាថ្មី​អំពី​លទ្ធភាព​នៃ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​លក្ខណៈទ្រង់ទ្រាយ​ធំនោះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បញ្ជាក់​ថា​ លោកបាន​ឲ្យមេធាវី​រដ្ឋាភិបាល​សិក្សា​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​សម រង្ស៊ី​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ពាក្យ​បណ្តឹង​នេះ​ពាក់​ព័ន្ធនឹង​ការ​អត្ថាធិប្បាយ​របស់​លោកសម រង្ស៊ី​ ដោយ​លើក​ឡើង​ថា ​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​នេះ​បាន​រិះគន់​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ៕​



No comments:

Post a Comment