ភរិយា៖ លោក វន់ ពៅ ធ្លាក់ខ្លួន ឈឺធ្ងន់ ក្នុងគុក ត្រពាំងផ្លុង
ដោយ វណ្ណ វិចារ / RFA | 19 April 2014
ប្រធាន សមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលកំពុង ជាប់គុក ត្រពាំងផ្លុង ធ្លាក់ខ្លួន ឈឺធ្ងន់។ អ្នកស្រី ប្រាក់ សុវណ្ណារី ត្រូវ ជាប្រពន្ធ របស់លោក វន់ ពៅ បញ្ជាក់ ថា, ប្ដី របស់គាត់ ធ្លាក់ខ្លួន ឈឺជំងឺចាស់ ដូចជាជំងឺ ក្រពះ, ពោះវៀន, និងក្រលៀន, ហើយ ស្ថានភាពនេះ ពិតជាគួរ ឲ្យព្រួយបារម្ភ។
ភរិយា របស់ លោក វន់ ពៅ ដែលទើបត្រឡប់ពីសួរសុខទុក្ខប្តីនៅពន្ធនាគារ ម៣ ត្រពាំងផ្លុង ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៩ ខែមេសា នេះ បានចូលបន់ស្រន់នៅវត្តវិហារសួគ៌ ខេត្តកណ្ដាល ដើម្បីឲ្យប្ដីឆាប់ជាពីជំងឺ និងរួចផុតពីជាប់គុក។ អ្នកស្រីឲ្យដឹងថា អ្នកស្រីបន់ព្រះសំពះទេវតា ដោយសារបារម្ភពីជំងឺរបស់ប្ដីពេក បន្ទាប់ពីប្ដីរបស់គាត់បានបរាជ័យផ្ទួនៗក្នុងសវនាការស្នើសុំនៅ ក្រៅឃុំចំនួនបីលើករួចមកហើយនោះ។
អ្នកស្រី ប្រាក់ សុវណ្ណារី មានប្រសាសន៍ថា អ្នកស្រីមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ស្វាមីដែលកាន់ តែយ៉ាប់យ៉ឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារជំងឺក្រលៀនធ្វើទុក្ខ។ អ្នកស្រីបន្តថា រូបគាត់ខ្លោចចិត្តខ្លាំងណាស់ នៅពេលដែលប្ដីធ្លាក់ខ្លួនឈឺ ឯរូបគាត់ជាប្រពន្ធមិនមានឱកាសថែទ្រាំជំងឺប្ដីបាន៖ «ជំងឺចាស់ របស់គាត់ ជំងឺក្រលៀន ចុកក្រលៀនខ្លាំងមែនទែន ហើយនិងក្រពះពោះវៀនគាត់ហ្នឹង គឺក្តៅក្រហល់ក្រហាយ ធ្វើឲ្យសម្ពាធឈាមរបស់គាត់ចុះ ហើយឈាមរបស់គាត់សល់ត្រឹម៩ ទេ។ មកដល់ពេលនេះ យើងនៅរង់ចាំឲ្យមានការដោះលែងគាត់។»
លោក វន់ ពៅ ធ្លាប់មានប្រវត្តិវះកាត់ជំងឺក្រលៀន កាលពីឆ្នាំមុន។ នៅពេលនោះ គ្រួសាររបស់លោកមិនមានប្រាក់គ្រប់គ្រាន់ដើម្បីមើលជំងឺឡើយ តែលោកត្រូវបានមិត្តភ័ក្ដិ និងអង្គការសង្គមស៊ីវិលមួយចំនួន ឧបត្ថម្ភលុយកាក់សម្រាប់ព្យាបាលជំងឺ ហើយជំងឺក្រលៀននេះតម្រូវឲ្យលោកទៅជួបគ្រូពេទ្យនៅប្រទេសថៃ ដើម្បីតាមដានជំងឺទៀតផង។ តែដោយសារលោកជាប់គុក គឺលោកមិនបានទៅពេទ្យពិនិត្យតាមការណាត់ឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានពន្ធនាគារ ម៣ ត្រពាំងផ្លុង លោក គៀ សុវណ្ណា មានប្រសាសន៍ថា ស្ថានភាពរបស់ លោក វន់ ពៅ វិលរកសភាពធម្មតាវិញហើយ បន្ទាប់ពីពេទ្យបានព្យួរសេរ៉ូមឲ្យរួចមកនោះ។ ចំពោះបញ្ហាជំងឺក្រលៀនវិញ ពន្ធនាគារមិនមានលទ្ធភាពពិនិត្យថាឈឺ ឬមិនឈឺនោះឡើយ៖ «មិនមានបញ្ហាអីទេ គឺគាត់នឹកប្រពន្ធគាត់ គាត់សុំឲ្យដាក់សេរ៉ូម គ្រូពេទ្យយើងក៏ដាក់ឲ្យគាត់ ហើយក្រលៀននៅក្នុងនោះ ពេទ្យយើងមើលម៉េចបាន?»
លោក វន់ ពៅ និងអ្នកជាប់ឃុំទាំង ២០នាក់ផ្សេងទៀត នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះនៅថ្ងៃទី២៥ ខែមេសា ខាងមុខ។ មន្ត្រីសង្គមស៊ីវិលសន្និដ្ឋានថា ករណីចាប់ខ្លួន លោក វន់ ពៅ និងអ្នកទាំង ២២នាក់ផ្សេងទៀត ជាករណីជាប់ទាក់ទងនឹងបញ្ហានយោបាយ ហើយវាសនារបស់អ្នកទាំងនោះក៏ទំនងស្ថិតក្នុងកណ្ដាប់ដៃអ្នកនយោបាយ ដែរ។ លោក វន់ ពៅ ត្រូវបានកម្លាំងកងទ័ពពិសេសឆត្រយោង៩១១ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា នៅពេលដែលលោកដឹកនាំកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែកម្មករ នៅរោងចក្រ យ៉ាក ជីន និងបន្ទាប់ពីលោកចូលរួមដឹកនាំអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ធ្វើបាតុកម្មគាំទ្រគណបក្សប្រឆាំង ទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែងនោះ៕
No comments:
Post a Comment