Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

សង្គម​ស៊ីវិល​ ប្រមូល​ផ្ដុំ​គ្នា​ ធ្វើ​ពិធី​បង្សុកូល​ ឧទ្ទិស​កុសល​ ដល់​ វិញ្ញាណក្ខន្ធ​ លោក ឈុត វុទ្ធី

រំឭក​វិញ្ញាណក្ខន្ធ​២​ឆ្នាំ ឈុត វុទ្ធី ៦១០
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ និស្សិត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ព្រះសង្ឃ ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​គោរព​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៤។


សង្គម​ស៊ីវិល​ ប្រមូល​ផ្ដុំ​គ្នា​ ធ្វើ​ពិធី​បង្សុកូល​ ឧទ្ទិស​កុសល​ ដល់​ វិញ្ញាណក្ខន្ធ​ លោក ឈុត វុទ្ធី

ដោយ មុំ សុផុន អ៊ួន ឈិន និង សុ ជីវី / អាស៊ីសេរី | ២៦ មេសា ២០១៤

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ និស្សិត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ព្រះសង្ឃ​ផង សរុប​ប្រមាណ​ជាង ១០០​នាក់ មក​ពី​គ្រប់​ទិសទី បាន​ជួប​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ខេត្ត​កោះកុង ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល និង​គោរព​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ជា​អតីត​សកម្មជន​ព្រៃ​ឈើ​ក្នុង​ឱកាស​គម្រប់​ខួប​ពីរ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូប​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។
នៅ​ក្នុង​ឱកាស​នោះ​ដែរ អ្នក​ចូល​រួម​ទាំងអស់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​លើ​ករណី​បាញ់​សម្លាប់ លោក ឈុត វុទ្ធី កន្លង​មក​នោះ​ទេ និង​ទាមទារ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ 

សកម្មជន​បរិស្ថាន​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី នៅ​មុខ​ព្រះអង្គ​ដងកើ

ដោយ អ៊ួន ឈិន
ចំណែក​នៅ​ឯ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ សកម្មជន​បរិស្ថាន​មួយ​ចំនួន​ក៏​បាន​នាំ​គ្នា​រំឭក​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ដែល​គេ​ចាត់​ទុក​ថា ជា​វីរជន​ការពារ​បរិស្ថាន នៅ​ខាង​មុខ​ព្រះអង្គ​ដងកើ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​តែ​ចាត់​ទុក​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ថា​ជា​វប្បធម៌​អំពើ​ហិង្សា និង​និទ្ទណ្ឌភាព

ដោយ សុ ជីវី
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា បាន​ថ្លែងការណ៍​ចូល​រួម​មរណទុក្ខ​ក្នុង​ថ្ងៃ​គម្រប់​ខួប​២​ឆ្នាំ​នៃ​មរណភាព​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី។
មជ្ឈមណ្ឌល​នេះ នៅ​តែ​ចាត់​ទុក​ករណី​នេះ​ថា​ជា​វប្បធម៌​អំពើ​ហិង្សា និង​និទ្ទណ្ឌភាព​នៅ​កម្ពុជា ដោយ​សំអាង​ថា រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ការ​ស៊ើប​អង្កេត ដែល​គួរ​អោយ​ទុក​ចិត្ត​ទៅ​លើ​ករណី​ឃាតកម្ម​នេះ​ឡើយ នៅ​មាន​ចម្ងល់​ជាច្រើន​នៅ​មិន​ទាន់​មាន​ការ​បំភ្លឺ រួម​ទាំង​ហេតុការណ៍ ទាំង​ភស្តុតាង។
លើស​ពី​នេះ តុលាការ​ក៏​បាន​ខកខាន​ក្នុង​ការ​បញ្ជាក់​អោយ​ច្បាស់​លាស់​ពី​ហេតុការណ៍​ពិត។ ឯ​ការ​ប្រកាស​បិទ​សំណុំ​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១២ ដោយ​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់ គឺ​ស្រប​ពេល​ដែល​វប្បធម៌​អំពើ​ហិង្សា និង​និទ្ទណ្ឌភាព​នៅ​មិន​ទាន់​បញ្ចប់។
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​អោយ​អាជ្ញាធរ​បើក​សំណុំ​រឿង​នេះ​ឡើង​វិញ និង​ធានា​អោយ​មាន​ការ​ស៊ើប​អង្កេត​ពេញ​លេញ មាន​តម្លាភាព និង​ឯករាជ្យ៕


No comments:

Post a Comment