Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

អតីត​ អ្នក​ភូមិ ​បឹងកក់​ ៦០០​នាក់​ ប្រកាស​ដេក​តវ៉ា​ ទាំង​យប់​ ទាំង​ថ្ងៃ​ នៅ​មុខ​ សាលា​ក្រុង ​ភ្នំពេញ

ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានីភ្នំពេញនាពេលកន្លង។
ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានីភ្នំពេញនាពេលកន្លង។ RFI-Monika

អតីត​ អ្នក​ភូមិ​ បឹងកក់​ ៦០០​នាក់​ ប្រកាស ​ដេក​តវ៉ា​ ទាំង​យប់​ ទាំង​ថ្ងៃ​ នៅ​មុខ​ សាលា​ក្រុង​ ភ្នំពេញ

ដោយ វ៉ា សំណព្វ / RFI | ២៧ មេសា ២០១៤
នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ អតីត​ អ្នក​ចាក​ចេញ ពី​តំបន់​បឹងកក់ ប្រមាណ​ជា ៦០០នាក់ នឹង​មកជួប​ជុំគ្នា ​តវ៉ា នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សំណង​បន្ថែម។  តាម​គម្រោង យុទ្ធនា​ការ​តវ៉ា​នេះ មាន​រយៈពេល​ ៣យប់ ៣ថ្ងៃ ដោយ​អ្នកភូមិ ​នឹង​បោះតង់​​ ដេក ​ទាំងយប់ ​ទាំង​ថ្ងៃ និង​ដាំ​បាយ​ ស្ល នៅមុខ​សាលា​រាជធានី​ភ្នំពេញ ​តែម្តង។  ប៉ុន្តែ ​អាជ្ញាធរ ​ក្រុងភ្នំពេញ​បញ្ជាក់ថា នឹង​ចាត់​វិធាន​ការ ​ដោះស្រាយ។

យុទ្ធនា​ការទារ​សំណង​បន្ថែម ដោយ​ដេក​ទាំងយប់ ដេក​ទាំង​ថ្ងៃ នៅមុខ​សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ចន្ទ​ទី២៨មេសា​រហូតដល់​ថ្ងៃទី៣០មេសា ដោយ​អតីត​អ្នកភូមិ​បឹងកក់ និង​សមាជិក​បណ្តាញ​សន្តិភាព​សហគមន៍​ដីធ្លី​ប្រមាណ៦០០នាក់។ នេះ​បើ​យោងតាម​អ្នកស្រី សយ កូ​ឡាប តំណាង​ម្នាក់​នៃ​ក្រុមអ្នកតវ៉ា ដែល​បញ្ជាក់ថា ពួកគាត់​មិនបាន​សុំ​អនុញ្ញាតិ​ពី​អជ្ញាធរ​ដែនដី​ឡើយ ហើយ​ថា អ្នកភូមិ​នឹង​ទ្រាំ​ឱ្យ​អាជ្ញាធរ​វាយដំ ប្រសិនបើ​សមត្ថកិច្ច​សម្រេចចិត្ត​ធ្វើ​ដូច្នេះ ។

អ្នកស្រី សយ កូ​ឡាប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃអាទិត្យ​នេះ​ថា យុទ្ធនាការ​នេះ អតីត​អ្នកភូមិ​បឹងកក់ នឹង​ដាំបាយ ស្ល បោះតង់​ដេក​ទាំងយប់​ទាំង​ថ្ងៃ រហូត​ទទួលបាន​ដំណោះ​ស្រាយ​ដើម្បី​បំពេញបន្ថែម​និង​លើកកម្ពស់​កំរិតជីវភាព​របស់​គ្រួសារ​អតីត​អ្នកភូមិ ដែល​អ្នក​ស្រី​​បញ្ជាក់ថា កំពុង​ជួប​ការលំបាក។

យុទ្ធនាការ​រយៈពេល​បី​ថ្ងៃនេះ ពួកគេ​នឹង​ទាមទារ​ការដោះស្រាយ​ចំនួន​ពីរ​ចំណុច ទី១ ទាម​ទារ​​ប្រាក់​សំណង​បន្ថែមចំនួន២ម៉ឺន​ដុល្លា និង​ទី២ ទាមទារ​ដី​ផ្ទះ​ទំហំ៥ម៉ែត្រ​គុណ​នឹង១៦ម៉ែត្រ ជា​ដី​នៅលើ​ទីតាំង​ណា​ក៍ដោយ ដែលមាន​ចំងាយ​ត្រឹម៥គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។
ប៉ុន្តែ​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​បាន​បញ្ជាក់ថា អាជ្ញាធរ​ទំនងជា​មិន​អាច​​ទទួលយក​បានទេ តែ​ថា កន្លងមក​អាជ្ញាធរ​ក្រុងភ្នំពេញ ធ្លាប់បាន​គិតគូរ​ពី​កង្វះខាត​របស់​អតីត​អ្នកភូមិ​បឹងកក់​ដែល​ចាក​ចេញទៅ​ទាំង​នោះដែរ។ លោក​បន្តថា ប្រសិនបើ​យុទ្ធនាការ​នៅ​ថ្ងៃស្អែក​កើតមាន​មែន នោះអាជ្ញាធរ​មានតែ​ការសម្របសម្រួល ប្រជុំ​ដោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ។

គួរ​បញ្ជាក់ថា អតីត​អ្នកភូមិ​បឹងកក់ ដែល​ប្រកាស​បើក​យុទ្ធនា​ការតវ៉ា​នៅមុខ​សាលាក្រុង​ភ្នំ​ពេញ​​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ គឺជា​អ្នកភូមិ​បឹងកក់ ដែល​បាន​សំរេចចិត្ត​ចាក​ចេញទៅ​កាលពី​ឆ្នាំ​២០០៨ ឆ្នាំ២០០៩ ដែល​កាលណោះ​ពួកគេ​បាន​យល់ព្រម​ទទួលយក​សំណង​ជា​ប្រាក់​៨ពាន់​ដុល្លា​និង២លាន​រៀល ជា​ថ្នូ​នឹង​ការចាកចេញ ខណៈដែល​សកម្មភាព​នៃ​ការ​បូម​ខ្សាច់​លុប​បឹង​ដោយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន បាន​ធ្វើឡើង​យ៉ាងសកម្ម។

ប៉ុន្តែ៥ឆ្នាំ​ក្រោយពី​ការចាកចេញ ពួកគេ​បាន​វិល​ត្រលប់មក​តវ៉ា​ឡើងវិញ។ ការ​នេះ នឹង​បង្ក​ការ​ឈឺ​​ក្បាល​កាន់តែខ្លាំង សំរាប់​អាជ្ញាធរ​ក្រុងភ្នំពេញ ស្រប​ពេលដែល​ជំលោះ​នៅ​តំបន់​បឹង​កក់​ដែល​ដឹកនាំ​ដោយ​អ្នកស្រី​ទេព វ​ណ្ណី និង​អ្នកស្រី យ៉ោ​ម បុ​ប្ឆា នៅ​មិនទាន់​ដោះស្រាយ​អោយ​ចប់សព្វគ្រប់​នៅឡើយ៕



No comments:

Post a Comment