Paris Peace Accords 23 Oct. 1991

Wednesday, April 2, 2014

អាជ្ញាធរ​មូលដ្ឋាន​ នៅ​សៀមរាប​ រង​ការ​ចោទ ​ថា​ លក់​ដី​ព្រៃ ​របស់​ រដ្ឋ

អាជ្ញាធរ​មូលដ្ឋាន​ នៅ​សៀមរាប​ រង​ការ​ចោទ ​ថា​ លក់​ដី​ព្រៃ ​របស់​ រដ្ឋ

ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០២​ មេសា ២០១៤

មន្ត្រី​ សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ នៅ​ឃុំ​ស្លែងស្ពាន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ ព្រៃ​ការពារ​ របស់​ រដ្ឋ​ កាន់​តែ​ច្រើន​ឡើងៗ ដោយ​មិន​អាច​ទប់ស្កាត់​បាន​ទេ​ ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ។ ការ​បំផ្លាញ​ ព្រៃ​ការពារ​ នោះ គឺ​នៅ​ស្រប​ពេល​ដែល​ដំឡូង មី​កាន់​តែ​មាន​ទីផ្សារ ហើយ​ក្រុម​អ្នក​ភូមិ និង​ពួក​ឈ្មួញ​ខ្លះ ត្រូវ​ការ​ពង្រីក​យក​ដី​ដាំដុះ​ដំឡូងមី។
ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ឃុំ​ស្លែងស្ពាន បាន​ចោទ​ប្រកាន់​ថា បច្ចុប្បន្ន​អាជ្ញាធរ​ភូមិ ព្រម​ទាំង​មន្ត្រី​ឃុំ​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​ការពារ​របស់​រដ្ឋ​មួយ​កន្លែង​ឈ្មោះ មណ្ឌល​ដូន​សុខ ទៅ​ឱ្យ​អ្នក​ចំណូល​ថ្មី និង​ក្រុម​ឈ្មួញ​កាន់​កាប់​ខុស​ច្បាប់។
បុរស​ម្នាក់​ជា​តំណាង​អ្នក​ភូមិ​កណ្ដាល ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ។ គាត់​បាន​អះអាង​ថា បច្ចុប្បន្ន​ដី​ព្រៃ​ការពារ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​មណ្ឌល ដូន សុខ ជាប់​ព្រំប្រទល់​គ្នា​ជាមួយ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ កំពុង​ត្រូវ​អ្នក​ចំណូល​ថ្មី និង​ក្រុម​ឈ្មួញ​ខ្លះ​ទិញ​យក ហើយ​ឈូស​ឆាយ និង​កាប់​រាន​បំផ្លាញ​ព្រៃ​ឈើ​ជា​បន្តបន្ទាប់។
បុរស​ដដែល​បាន​បញ្ជាក់​ថា ការ​ឈូស​ឆាយ និង​កាប់​រាន​ព្រៃ​កាន់​កាប់​ដី​ខុស​ច្បាប់​នោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ឃុំ​ស្លែងស្ពាន ព្រម​ទាំង​មេ​ភូមិ​ខ្លះ​ដែល​បាន​លក់​ដូរ​ទៅ​ឱ្យ​ឯកជន។ អ្នក​ភូមិ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លក់​ដូរ​ដី​ព្រៃ​របស់​រដ្ឋ​នោះ​ទេ ហើយ​គេ​បាន​ព្យាយាម​តវ៉ា​តាម​រយៈ​ការ​សរសេរ​សំបុត្រ ដាក់​ក្នុង​ប្រអប់​គណនេយ្យ​ភាព​នៅ​សាលា​ឃុំ ក៏ប៉ុន្តែ​ការ​តវ៉ា​មិន​មាន​ប្រសិទ្ធភាព៖ «ឃុំ​គេ​លក់​ឱ្យ​ឈ្មួញ។ ប្រជាពលរដ្ឋ​តវ៉ា​ថា​កុំ​ឱ្យ​លក់​ដី​នោះ ពីព្រោះ​ដី​ត្រូវ​សហគមន៍។ ខ្ញុំ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​តាម​ប្រអប់​ខ្លះ​ដែរ ប៉ុន្តែ​គេ​អត់​ទទួល​ស្គាល់ បាត់​ឈឹង​អស់​ទៅ»
អ្នក​ភូមិ​កណ្ដាល ម្នាក់​ទៀត​ឈ្មោះ ឆវ័ន បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ដី​ព្រៃ​ការពារ​របស់​រដ្ឋ​ជាច្រើន​ហិកតារ​នៅ​ជិត​ភូមិ​កណ្ដាល ភូមិ​លាភ និង​ភូមិ​សាលា ក្រោម​ការ​គ្រប់គ្រង​របស់​មណ្ឌល ដូន សុខ កំពុង​ត្រូវ​បាន​គេ​លក់​ដូរ​ខុស​ច្បាប់​ជា​បន្តបន្ទាប់៖ «មេ​ឃុំ​នោះ​ស៊ីញេ​លក់​យក​ថ្លៃ​ក្នុង ១​ហិកតារ ២០​ដុល្លារ ឬ​មួយ ៥០​ដុល្លារ តាម​អ្នក​ស្រុក​គេ​ព្រមព្រៀង​ឱ្យ ក៏ប៉ុន្តែ​ស៊ីញេ​លក់​ដី​ព្រៃ​ទាំងអស់។ រាល់​ថ្ងៃ​លក់​ឱ្យ​ឈ្មួញ​កណ្ដាល ១​ហិកតារ​ថ្លៃ ៣០០ ឬ​ក៏ ៤០០​ដុល្លារ ដី​ព្រៃ។ ឃុបឃិត​គ្នា​លក់»
ដី​ព្រៃ​ការពារ​របស់​រដ្ឋ​ក្រោម​ការ​គ្រប់គ្រង​របស់​មណ្ឌល ដូន សុខ នោះ គឺ​មាន​ទំហំ​ប្រមាណ​ជាង ១០០​ហិកតារ។ ក៏ប៉ុន្តែ​អ្នក​ភូមិ​បាន​អះអាង​ថា ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ការ​លក់​ដូរ​ខុស​ច្បាប់​ទៅ​ឱ្យ​ឯកជន និង​ក្រុម​ឈ្មួញ​អស់​ប្រហែល​ជិត​ពាក់​កណ្ដាល​នៃ​ផ្ទៃដី​សរុប​ទៅ​ហើយ។
សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ក្នុង​ស្រុក​ស្រីស្នំ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាប់​រាន​តំបន់​ព្រៃ​ការពារ​ជា​បន្តបន្ទាប់​នោះ។
មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​នៅ​ភូមិ​លាភ លោក យិន យ៉ា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ជន​ចំណូល​ថ្មី​ខ្លះ និង​ក្រុម​ឈ្មួញ​ខ្លះ បាន​យក​គ្រឿងចក្រ និង​ជួល​មនុស្ស​ឱ្យ​ទៅ​ឈូស​ឆាយ និង​កាប់​ឆ្ការ​ព្រៃ​ការពារ​របស់​រដ្ឋ។ លោក យិន យ៉ា បាន​បញ្ជាក់​ថា ការ​ឈូស​ឆាយ និង​កាប់​ឆ្ការ​ព្រៃ​នោះ គឺ​ដើម្បី​យក​ដី​ដាំ​ដំឡូងមី នៅ​ពេល​ដែល​ដំណាំ​នោះ​កំពុង​មាន​ទីផ្សារ​ត្រូវ​ប៉ាន់។
មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ដដែល​បាន​អះអាង​ថា អ្នក​ដែល​ចូល​ទៅ​ឈូស​ឆាយ និង​កាប់​ឆ្ការ​ព្រៃ បាន​ប្រាប់​ថា គេ​បាន​ទិញ​ដី​នោះ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ប្រាកដ​ថា អ្នក​ណា គឺ​ជា​អ្នក​លក់​ទេ ពីព្រោះ​លោក​មិន​ទាន់​រក​ឃើញ​ភស្តុតាង និង​ឯកសារ​ទិញ​លក់​ឱ្យ​ច្បាស់​លាស់៖ «អា​ដី​ខាង​លិច​ភូមិ​លាភ ហ្នឹង គេ​លក់​ប្រហែល​ជា ២០-៣០​ហិកតារ។ ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​មើល ថែម​ទាំង​ដេញ​ពួក​ត្រាក់ទ័រ​ពួក​អី​ដែល​គេ​មក​ធ្វើ ធ្លាប់​ទាំង​ចាប់​យក​កាំបិត ចាប់​ពូថៅ។ ដឹង​ថា​គេ​លក់ ប៉ុន្តែ​យើង​អត់​រក​បាន​លិខិត​ស្នាម​លក់​នោះ។ មាន​ប្រជាជន​គាត់​កាប់​ឆ្ការ​ម្ដង​បន្តិចៗ យើង​ការពារ​ដែរ ជួន​កាល​យើង​ដេញ​តែ​ពេល​ថ្ងៃ គាត់​ធ្វើ​យប់។ ពេល​ខ្លះ​អាជ្ញាធរ​ឃុំ ភូមិ គាត់​លក់ ប៉ុន្តែ​គ្រាន់​ថា​យើង​ចាប់​ភស្តុតាង​អត់​បាន គេ​អត់​ឱ្យ​ឯកសារ​យើង​មើល»
ក៏ប៉ុន្តែ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្លែងស្ពាន បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាជ្ញាធរ​ភូមិ​ឃុំ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​លក់​ដី​ព្រៃ​ទី​នោះ។
មេ​ឃុំ​ស្លែងស្ពាន លោក ចៀម ចក បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ដែល​ដឹង​ថា ដី​ព្រៃ​មួយ​ចំនួន​នៅ​ម្ដុំ​ភូមិ​លាភ នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​ការពារ​ទេ ហើយ​លោក​ក៏​មិន​ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ដូរ​ដី​ព្រៃ​ទាំង​នោះ​ដែរ មាន​តែ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ចូល​ទៅ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី។ លោក​មេ​ឃុំ​បាន​ពន្យល់​ថា ការ​ចោទ​ប្រកាន់​រូប​លោក ព្រម​ទាំង​ស្មៀន​ឃុំ​ផង ថា​ពាក់ព័ន្ធ​ក្នុង​រឿង​លក់​ដូរ​ដី​ព្រៃ គឺ​មិន​ពិត​ទេ វា​គ្រាន់​តែ​ជា​ការ​មួលបង្កាច់ ដោយសារ​ទំនាស់​អ្វី​មួយ​ប៉ុណ្ណោះ៖ «បើ​ខ្ញុំ​លក់​អ៊ីចុះ ខ្ញុំ​មាន​បាត់​ទៅ​ហើយ មិន​បាច់​ខ្ញុំ​ក្រ​ដូច្នេះ​ទេ។ ខ្ញុំ​អត់​ដែល​បាន​ចុះ​ហត្ថលេខា ឬ​មួយ​នេះ​ទេ។ ពួក​មេ​ព្រៃ​នោះ​បាន​ទាស់ទែង​ជាមួយ​ខ្ញុំ ព្រោះ​អី​មេ​ព្រៃ​ដើរ​ដក​កាំបិត​ដក​អី​ប្រជាជន​ទៅ ដូច​ថ្ងៃ​ទី​២៤ ខែ​មករា នោះ គេ​ដក ១៣​កាំបិត។ ដល់​ខ្ញុំ​ទៅ​ដោះស្រាយ គេ​អត់​ដោះស្រាយ​ឱ្យ បាន​ឈ្លោះ​គ្នា​ជាមួយ​ខ្ញុំ​ទៅ​ដល់​នេះ មាន​បំណង​ចង់​រក​រឿង​ខ្ញុំ។ ចេះ​តែ​បង្ខូច​ខ្ញុំ តាម​ការ​ពិត ខ្ញុំ​អត់​បាន​ដឹង​ទេ អា​រឿង​ដី​អី​ណា​ណី​នៅ​ខាង​កើត​ភូមិ​លាភ អី ខ្ញុំ​អត់​បាន​ដឹង​ទេ»
ទោះ​យ៉ាង​ណា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្លែងស្ពាន ខ្លះ​នៅ​តែ​អះអាង​ថា អាជ្ញាធរ​ឃុំ និង​ស្មៀន​ឃុំ ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ស៊ីញេ និង​បោះ​ត្រា​លើ​ឯកសារ​លក់​ដី​ព្រៃ​របស់​រដ្ឋ​នោះ​មួយ​ចំនួន។
ជំទប់​ទី​២ ឃុំ​ស្លែងស្ពាន លោក អំ ប៉ែល បាន​មាន​ប្រសាសន៍​ថា ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​កន្លែង ត្រូវ​ក្រុម​អ្នក​ភូមិ​ដើរ​ចាប់​យក​ទៅ​លក់​ដូរ ហើយ​នៅ​ក្នុង​ចំណោម​នោះ គេ​តែង​ឃើញ​ស្មៀន​ឃុំ​ស្លែងស្ពាន ក៏​សម្បូរ​ដី​លក់​ដែរ។
មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ស្រីស្នំ បាន​បញ្ជាក់​ថា ពេល​បច្ចុប្បន្ន ដោយសារ​សន្ទុះ​នៃ​ដំឡូងមី​ឡើង​ថ្លៃ​លើ​ទីផ្សារ បណ្ដាល​ឱ្យ​មាន​ការ​សម្រុក​ទៅ​កាប់​រាន​ព្រៃ​ទីនោះ ដើម្បី​យក​ដី​កាន់​កាប់​ដោយ​ខុស​ច្បាប់ ហើយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មាន​កម្លាំង​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ទប់ស្កាត់​ឱ្យ​បាន​ជា​ប្រចាំ​ថ្ងៃ​ទេ៕



No comments:

Post a Comment