លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
លោក វណ្ណី ជាអ្នកស្នើឲ្យលោកស្រី មូរ សុខហួរ បញ្ឈប់ការប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
លោកស្រី មូរ សុខហួរ ប្តេជ្ញា ទៅកាន់ទីលានប្រជាធិបតេយ្យ រៀងរាល់ព្រឹក ដើម្បី រំលឹកគុណ អ្នកគាំទ្រ និងអប់រំ សមត្ថកិច្ច
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាស្ត្រីមួយរូប ប្តេជ្ញាទៅកាន់ទីលានប្រជាធិបតេយ្យជារៀងរាល់ថ្ងៃ ដើម្បីរំលឹកគុណដល់អ្នកគាំទ្រគណបក្សនេះ និងអប់រំដល់កងកម្លាំងប្រដាប់អាវុធ ដែលបិទទីលានប្រជាធិបតេយ្យ មិនឲ្យពលរដ្ឋប្រមូលផ្តុំនៅទីនោះ។
លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង ដែលមានយុវជនគាំទ្រគណបក្សនេះប្រមាណ ៣០នាក់ អមដំណើរជាមួយនោះ ឲ្យដឹងថា លោកស្រី នឹងទៅកាន់ទីលានប្រជាធិបតេយ្យ ជារៀងរាល់ថ្ងៃនៅម៉ោង ៨ព្រឹក ដើម្បីរំលឹកគុណដល់អ្នកគាំទ្រ ដែលបានចូលរួមបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបោះឆ្នោតឡើងវិញ នាពេលកន្លងមក។
ទោះជាយ៉ាងណា គោលបំណងដែលទៅកាន់ទីលានប្រជាធិបតេយ្យនេះ របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះ ត្រូវបានបរាជ័យជាថ្មី ដោយសារកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានដាក់របាំងបិទច្រកចេញចូលទីលានប្រជាធិបតេយ្យ នៅព្រឹកនេះ។
នៅពេលដែលអ្នកស្រីកំពុងមានវត្តមាននៅទីលានប្រជាធិបតេយ្យ ក៏មានយុវជនម្នាក់ឈ្មោះ វណ្ណី បានចេញមុខប្រាប់ទៅអ្នកស្រី ឲ្យបញ្ឈប់ការប្រមូលផ្តុំនេះដែរ ដោយអះអាងថា ប្រជាពលរដ្ឋមិនចង់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនោះទេ ហើយថាការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនាពេលកន្លងមក គឺគ្រាន់តែជាកលល្បិចនយោបាយរបស់បក្សប្រឆាំងនេះប៉ុណ្ណោះ «រួចចុះឆន្ទៈរាស្ត្រដូចខ្ញុំនេះ ឥឡូវគាត់យកឆន្ទៈរាស្ត្រដើម្បីធ្វើបាតុកម្ម ចុះខ្ញុំមានសិទ្ធិជាឆន្ទៈរាស្ត្រ ខ្ញុំសូមឲ្យគាត់ផ្អាកធ្វើបាតុកម្មបានអត់ នេះបើគាត់ធ្វើតាមឆន្ទៈរាស្ត្រមែន»។
សម្រាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា ទីលានប្រជាធិបតេយ្យ នឹងត្រូវបើកឲ្យមានការប្រមូលផ្តុំ លុះណាតែសង្គមកម្ពុជា មានស្ថិរភាពនឹងនរឡើងវិញ។ លោកយល់ថា សកម្មភាពរបស់លោកស្រី មូរ សុខហួរ គឺចេតនាបង្កជម្លោះរវាងគណបក្សនយោបាយទាំងពីរ «ដោះស្រាយការងារ ដោះស្រាយតាមចិញ្ចើមថ្នល់ ដោះម៉េចនឹងចេញ បើមិនចូលសភា។ ខ្ញុំយល់ថា ទៅប្រជុំមានប្រយោជន៍ជាង ទៅទីលានប្រជាធិបតេយ្យហ្នឹង។ ហើយបើទៅទីលានប្រជាធិបតេយ្យ បានន័យថាម៉េច? បានន័យថា គាត់អត់ការងារធ្វើចេះតែសន្សំរឿងទៅ»។
អ្នកវិភាគនយោបាយលោក បណ្ឌិត សុខ ទូច យល់ថា ចំពោះស្ថានភាពជាក់ស្តែងនៅពេលនេះ ទីលានប្រជាធិបតេយ្យ គប្បីបើកទូលាយឲ្យមានការប្រមូលផ្តុំបញ្ចេញមតិ ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។
កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃ បានចេញបម្រាប ហាមឃាត់ការប្រមូលផ្តុំ នៅលើទីលានប្រជាធិតេយ្យ ដែលមានមនុស្សចាប់១០នាក់ឡើយទៅ ក្រោមហេតុផលស្តារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឡើងវិញ។
ក្រោយការដាក់បម្រាមនេះ កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយ លើបរិវេណទីលានប្រជាធិបតេយ្យ ហើយរាល់ការប៉ុនប៉ងប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ និងកម្មកររោងចក្រ គឺត្រូវបានរារាំង រហូតឈានដល់ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់៕
កែតម្រូវ ៖ លោកស្រី មូរ សុខហួរ ទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីទាមទារសិទ្ធិសេរីភាព ទីលានប្រជាធិបតេយ្យ មិនមែនរហូតដល់មានជំនួបកំពូល និងមានដំណោះស្រាយលើបញ្ហានយោបាយនៅកម្ពុជា ដូចបានការចុះផ្សាយមុនទេ។ |
No comments:
Post a Comment