Paris Peace Accords 23 Oct. 1991

Friday, April 4, 2014

រដ្ឋាភិបាល​ បដិសេធ​របាយការណ៍​ លីកាដូ​ ពី​ការ​ រំលោភ​ដីធ្លី

រដ្ឋាភិបាល​ បដិសេធ​របាយការណ៍​ លីកាដូ​ ពី​ការ​ រំលោភ​ដីធ្លី

អ្នក​ភូមិ​បឹងកក់​តវ៉ា​អំពី​ជម្លោះ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​​០៥ ខែ​មិថុនា ឆ្នាំ​២០១៣។
អ្នក​ភូមិ​បឹងកក់​តវ៉ា​អំពី​ជម្លោះ​ដីធ្លី កាល​ពី​ថ្ងៃ​ទី​​០៥ ខែ​មិថុនា ឆ្នាំ​២០១៣។

គង់ សុឋានរិទ្ធ / វីអូអេ | 04 មេសា 2014  
ភ្នំពេញ — ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ដែនដី ​នគរូបនីយកម្ម​និង​សំណង់បាន​ទាត់ចោល​របាយការណ៍ប្រកប​ដោយ​ការ​រិះគន់​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ទាក់​ទង​ទៅ​នឹង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ​ក្នុង​ខេត្ត​ព្រះវិហារ​បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​នឹង​ការ​រំលោភ​ដីធ្លី​ពួកគេ។
កាលពី​ថ្ងៃ​អង្គារ​ទី​១​ខែមេសា អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ចេញ​របាយការណ៍​មួយ​ដោយបង្ហាញ​ថា​មាន​ប្រជា​ពលរដ្ឋ​ជាង​កន្លះ​លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រងគ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​២០០០​រហូត​ដល់​ខែ​មិនា ​ឆ្នាំ​២០១៤​នេះ ​ពោល​គឺ​ក្នុង​អំឡុង​រយៈ​ពេល​១៤​ឆ្នាំ។​
របាយការណ៍​បញ្ជាក់​ថា ​ជម្លោះ​នៅ​តែ​បន្ត​កើតឡើង​ ​ហើយ​រដ្ឋា​ភិបាល​បាន​បរាជ័យ​នៅ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ។
លោក​ស សុវណ្ណ ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​បានប្រតិកម្ម​តប​នៅ​ក្នុង​សន្និសីទ​កាសែតនៅព្រឹក​ថ្ងៃ​នេះ​ថា​ព័ត៌មាន​របស់​អង្គការ​លីកាដូ ​ជា​ព័ត៌មាន​មិន​ពិត។
«ក្រសួង​មិន​ទទួល​ស្គាល់​តួលេខ​នេះ​ទេ​ពីព្រោះ​ថា​គឺជា​តួលេខ​មិន​ពិត»។
យ៉ាងណា​ក៏ដោយ​ក្រសួង​នគរូបនីយកម្ម​មិន​បាន​បង្ហាញ​តួលេខ​ណា​មួយ​ថា​ មាន​ជន​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​នោះ​ទេ។​ប៉ុន្តែ​បាន​លើកឡើង​ថា​មាន​អត្រា​ទំនាស់​ដី​ធ្លី​តិចតួច​តែ​ប៉ុណ្ណោះ។
​លោក​ស សុវណ្ណ ​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «ចម្លើយ​គឺ​ថា​យើង​មាន​ពី​បី​ទៅ​បួន​ទំនាស់​ក្នុង​មួយ​ពាន់​ក្បាល​ដី»។
​ថ្វី​បើ​បែប​នេះ​ក្តី​របាយការណ៍​របស់​អង្គការ​លីកាដូ​បញ្ជាក់​ថា៖ «ឆ្នាំ​២០១៤​នាំ​មកនូវ​រលក​ថ្មី​នៃ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា»​ហើយ​ចំនួន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​ដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋ​និង​ភ្នាក់ងារ​របស់​រដ្ឋ​បាន​កើន​ឡើង​ដល់​ជាង​៥០​ម៉ឺន​នាក់​និង​គ្រាន់តែ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែដើម​ឆ្នាំ​២០១៤ ​នេះ ​រលក​នៃ​ការ​រំលោភ​ដីធ្លី ​ដែល​មាន ​អំពើ​ហិង្សា​នៅតែ​បន្ត​កើត​មាន​ឡើង​និង​បាន​ជះ​ផល​ប៉ះពាល់​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ២,២៤៦ ​គ្រួសារ​នៅ​ស្ទើរ​គ្រប់​ខេត្ត។
នេះ​បើ​ផ្អែក​តាម​របាយការណ៍​របស់អង្គការ​លីកាដូ។
អង្គការ​ដដែល​បាន​ពិពណ៌នា​ពិស្តារ​ថាជន​រងគ្រោះ​បណ្តាល​មក​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចដល់​ក្រុមហ៊ុន​ឯកជន​ហើយ​ក្រុមហ៊ុន​ចិន​ចំនួន​ប្រាំ​ពីរ​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​របស់​សហគមន៍​ប្រជា​ពលរដ្ឋ ​ការធ្វើទំនប់​វារីអគ្គិសនី ​និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍។ ​ក្រៅ​ពីនោះ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុកមួយ​របស់​លោក​ឧកញ៉ា​ទ្រី ភាព ​ដ៏​ល្បីល្បាញ​ផង​ដែរ។
​លោកស សុវណ្ណ ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​បាន​ថ្លែង​ទទួល​ស្គាល់​វិបត្តិ​ដីធ្លី​ដែល​កំពុង​កើតឡើងនេះ​ដោយ​ប្រយ័ត្ន​ប្រយែង។
«ដោយសារ​តែមាន​ការយក​ចិត្តទុកដាក់​របស់​រាជរដ្ឋា​ភិបាល​នេះ​ហើយ​បាន​ជា​លោកមាន​គោល​នយោបាយ​កំណែ​ទម្រង់​ដីធ្លី​ស៊ីជម្រៅ។​នេះ​គឺជា​ការ​ទទួល​ស្គាល់​និងជា​ការដោះស្រាយ​បញ្ហា​សង្គម»។
​លោក លឹម វ័ន ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​ម្នាក់ទៀត​បាន​រៀបរាប់​ថា​ក្នុង​ជំហាន​ឆ្ពោះ​ទៅ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​រដ្ឋាភិបាល​បានចុះ​បញ្ជី​ដី​ធ្លី​បាន​ជាង​២,៦​លាន​ក្បាល​ដី​និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ជិត២,៣​លាន​ប័ណ្ណ។ ​ក្រៅ​ពី​នោះ​មាន​ការ​ចុះវាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៧០​ម៉ឺន​ក្បាល​ដី​និង​បាន​ចែក​ជា​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន​៥០​ម៉ឺន​ប័ណ្ណ។
បើ​ទោះជា​មាន​ការ​ច្រាន​ចោល​របាយការណ៍​ពី​មន្ត្រី​រដ្ឋា​ភិបាល​លោកអំ សំអាត ​ប្រធាន​ការិយាល័យ​គ្រប់​គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការលីកាដូ ​បាន​ការពារ​របាយការណ៍​របស់​ខ្លួន។
លោក​បញ្ជាក់​ថា៖ «មុន​នឹង​ផ្សាយ​ចេញ ​យើង​មាន​ការ​ស្រាវជ្រាវ​យ៉ាង​ច្បាស់​លាស់​ហើយ​ចំណុច​ដែល​សំខាន់​គឺ​នៅ​ដើម​ឆ្នាំ​២០១៤​នេះ ​ទំនាស់​ដីធ្លី​ចាប់​ផ្តើម​កក្រើក។ អីចឹង​ហើយ​បាន​យើង​មាន​ការ​ព្រួយ​បារម្ភ​ ហើយ​យើង​ចេញ​ជា​របាយការណ៍​នេះ​ដើម្បី​ដាស់តឿន​និង​រំលឹក​ដល់​រដ្ឋា​ភិបាល​ឲ្យ​ចាត់វិធាន​ការ​និង​រក​យន្តការ​ដើម្បី​ទប់ស្កាត់​និង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ»។
​ដំណាល​គ្នា​នឹង​ការច្រាន​ចោល​របាយការណ៍​ស្តីពីទំនាស់ដីធ្លី​របស់​អង្គការ​លីកាដូ ​ពី​សំណាក់​មន្ត្រី​រដ្ឋា​ភិបាល​ខាងលើ ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ជាង​៣០០​នាក់ ​នៃ​ឃុំប្រមេ ​ខេត្តព្រះវិហារ បាន​ឡើង​មក​តវ៉ា ​នៅទីរួម​ខេត្ត​ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រប​ច្បាប់​ប្រឆាំង​នឹង​ការរំលោភ​យក​ដីរបស់​ពួក​គេ​ពី​ក្រុម​ហ៊ុន​ចិន​ចំនួន​ពីរ​ដែល​ទទួល​បាន​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច។
កញ្ញា ហ៊ាន សាគន់ ​អ្នកតវ៉ាម្នាក់​ក្នុង​ចំណោម​នោះ​បាន​បញ្ជាក់​ថា៖ «គឺ​មក​ដើម្បី​ឲ្យ​ខាង​អភិបាល​ខេត្ត​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ឈូសឆាយ»។
​ទោះបី​ជាយ៉ាង​ណា​អង្គការ​លីកាដូ ​ក៏​បាន​កត់​សម្គាល់​ថា​មាន​និន្នាការ​ធ្លាក់ចុះ​នៃ​គ្រួសារ​ដែលរង​ផលប៉ះពាល់ដោយ​សារ​ជម្លោះ​ដីធ្លី​ថ្មីៗ​នេះ​នៅ​ក្នុង​ខេត្ត​ចំនួន​១៣ ក្នុង​អំឡុង​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៣៕

No comments:

Post a Comment