Paris Peace Accords 23 Oct. 1991

Friday, April 4, 2014

សាលាដំបូង បដិសេធ​ជាថ្មី​ លើ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ បណ្តោះអាសន្ន​ របស់​ លោក​ វ​ន់ ពៅ​​

​សាលាដំបូង បដិសេធ​ជាថ្មី​ លើ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ បណ្តោះអាសន្ន​ របស់​ លោក​ វ​ន់ ពៅ​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014 

ប្រជាសហគមន៍អ្នកមានជម្លោះដីធ្លី ស្រែកតវ៉ា បន្ទាប់ពីសាលាដំបូងបន្តបដិសេធពាក្យសុំនៅក្រៅឃុំរបស់លោក វន់ ពៅ (រូបថត៖ តាត ឧត្តម)
សាលាដំបូង​រាជធាន​ភ្នំពេញ បានសម្រេច​បដិសេធ​ជាថ្មី​លើ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ថា ការលែង​លោក អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ​។​
បន្ទាប់ពី​បើក​សវន​ការ​រយៈពេល​ជិត​មួយ​ម៉ោង ដោយ​អវត្តមាន​លោក ​វន់ ពៅ នោះ​តុលាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​លើ​ក​ទី​៣ របស់​លោក​វន់ ពៅ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពីដើម​ខែ​មករា កន្លងទៅនេះ​។ តុលាការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​ហេតុផល​ដដែល​ថា ការដោះលែង​លោក វ​ន់ ពៅ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​ដំណើរការ​សវនាការ​។​
​នៅ​ខាងក្រៅ​សាលាដំបូង​ឯណោះ​វិញ បន្ទាប់ពី​បាន​ទទួលដំណឹង​ថា តុលាការ មិន​អនុញ្ញាតឲ្យ​លោក​វន់ ពៅ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ គ្រួសារ​លោក​វន់ ពៅ និង​សមាជិកសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ ៥០​នាក់ បាន​ស្រែក​ទ្រហោយំ ដោយថា តុលាការ​អយុត្តិធម៌ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​វន់ ពៅ ដោយ​គ្មាន​លក្ខខណ្ឌ​។​
​ភរិយា​របស់​លោក វ​ន់ ពៅ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី លើកឡើងថា ការសម្រេច​របស់​សាលាដំបូង មាន​ភាពអយុត្តិធម៌​សម្រាប់​ស្វាមី ក៏ដូចជា​ក្រុម​គ្រួសារ​​របស់​អ្នកស្រី​ទាំងមូល ខណៈ​​លោក​វ​ន់ ពៅ មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ និង​កំពុង​មាន​ជំងឺ​ប្រចាំកាយ​។
ការបដិសេធ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ធ្វើឡើង​មុនពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវន​ការ​ជា​សាធារណៈ ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​លោក​វ​ន់ ពៅ និង​ជនជាប់ចោទ​ទាំង ២២​នាក់​ទៀត នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ខាងមុខនេះ​។​
លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ​ទាំង ២២​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។
បច្ចុប្បន្ន​លោក វ​ន់ ពៅ និង​មនុស្ស​២០​នាក់​ទៀត កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ខណៈ​កម្មករ​ពីរ​នាក់ ត្រូវបាន​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​៕
ទិដ្ឋភាពអ្នកតវ៉ាសុំឲ្យលោក វន់ ពៅ នៅក្រៅឃុំបណ្តោះអាសន្ន នៅមុខសាលាដំបូងរាជធានី (រូបថត៖ តាត ឧត្តម)


No comments:

Post a Comment