កម្ពុជា ប្រកាសទទួលយក ជនភៀសខ្លួន ខុសច្បាប់ ពី អូស្ត្រាលី
ដោយ យន់ សាមៀន / អាស៊ីសេរី | ៣០ មេសា ២០១៤
រដ្ឋាភិបាល កម្ពុជា ប្រកាសទទួលយក ជនភៀសខ្លួន ទាំងឡាយណា ដែលសមត្ថកិច្ច អូស្ត្រាលី ឃាត់ខ្លួន នៅពេលព្យាយាម ធ្វើដំណើរខុសច្បាប់ ទៅសុំសិទ្ធិរស់នៅ ឯប្រទេសអូស្ត្រាលី។ មន្ត្រីជាន់ខ្ពស់ អង្គការ សហប្រជាជាតិ ស្វាគមន៍ រដ្ឋាភិបាលកម្ពុជា ហើយសន្យា នឹងផ្ដល់ ការគាំទ្របន្ថែម លើគម្រោងនេះ ប្រសិនបើ រដ្ឋាភិបាល ត្រូវការជំនួយ។
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានប្រកាសប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៩ ថា រដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) កាលពីខែកុម្ភៈ ទទួលយកជនភៀសខ្លួនដែលត្រូវបានចាប់ខ្លួនឃុំឃាំងនៅពេលពួកគេព្យាយាមទៅសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី។ លោកបន្តថា ជាគោលការណ៍ រដ្ឋាភិបាលកម្ពុជា ទទួលយកសំណើរបស់អូស្ត្រាលី យោងទៅតាមលក្ខខណ្ឌអន្តរជាតិ។
ឧត្ដមស្នងការរងជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី ហ្វ្លារៀ ផានស៊េរី (Flavia Pansieri) កាលពីថ្ងៃទី២៩ មេសា នៅក្នុងជំនួបជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានសំដែងការគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ហើយសន្យានឹងគាំទ្រគម្រោងរដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលកម្ពុជា ស្នើសុំ។ អ្នកស្រីបញ្ជាក់ថា តាមរយៈការប្ដេជ្ញាចិត្តនេះ រដ្ឋាភិបាលកម្ពុជា ពិតជាបានយល់ពីកាតព្វកិច្ចអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សកម្ពុជា សំដែងក្តីបារម្ភថា កម្ពុជាមិនទាន់ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលយកជនភៀសខ្លួនទាំងនោះរស់នៅកម្ពុជា នៅឡើយទេ។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា កន្លងមករដ្ឋាភិបាលកម្ពុជា មិនបានយកចិត្តទុកដាក់ដល់ជនភៀសខ្លួនមួយចំនួន ដែលសុំសិទ្ធិជ្រកកោននៅប្រទេសកម្ពុជា ហើយជនភៀសខ្លួនផ្សេងទៀត ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសដើមកំណើតវិញ៖«ខ្ញុំមានការព្រួយបារម្ភចំពោះជនភៀសខ្លួន រដ្ឋាភិបាលបរាជ័យការពារសិទ្ធិរបស់ជនភៀសខ្លួន»។
លោក អ៊ូ វីរៈ ក៏បានរិះគន់រដ្ឋាភិបាលអូស្ត្រាលី ដែលមិនអនុវត្តកាតព្វកិច្ចអន្តរជាតិស្ដីពីសិទ្ធិជនភៀសខ្លួន។ លោកបន្តថា រដ្ឋាភិបាលអូស្ត្រាលី ពិតជាសន្យាទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងផ្ដល់ជំនួយផ្សេងៗទៀត ប្រសិនបើព្រមទទួលយកជនភៀសខ្លួនទាំងនោះ។
នាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី លោក តូនី អេបបុត្រ (Tony Abbott) ដែលបានចូលកាន់តំណែងកាលពីឆ្នាំ២០១៣ បានប្រកាន់គោលការណ៍តឹងរ៉ឹងប្រឆាំងជនភៀសខ្លួនសុំសិទ្ធិជ្រកកោនពីប្រទេសម៉ាឡេស៊ី ដោយប្ដេជ្ញាបញ្ឈប់រាល់ការប្រើប្រាស់ទូកឆ្លងសមុទ្រចូលមកទឹកដីប្រទេសអូស្ត្រាលី។
ប្រទេសអូស្ត្រាលី បានបង្កើតមជ្ឈមណ្ឌលឃុំឃាំងនៅប្រទេសប៉ាពូញូវហ្គីណេ (Papua New Guinea) និង ណាវរូ (Nauru) ដើម្បីឃុំខ្លួន ជនភៀសខ្លួនទាំងឡាយណាដែលអាជ្ញាធរអូស្ត្រាលី ចាប់បាន។ ជនភៀសខ្លួនភាគច្រើនត្រូវបានចាប់ខ្លួនក្នុងទូក ដែលមានសភាពបាក់បែក៕
No comments:
Post a Comment