ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថតដោយតាត ឧត្តម)
លោក សម រង្ស៊ី បើកទូលាយ ឲ្យមាន ការបញ្ចេញខ្សែអាត់ នៃការសន្ទនា ជាមួយ លោក ហ៊ុន សែន
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា លោកបើកទូលាយ ចំពោះ ការបញ្ចេញខ្សែអាត់ នៃការសន្ទនា រយៈពេល ៤៤នាទី ជាមួយ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ។
លោក សម រង្ស៊ី ឆ្លើយតបបែបនេះទៅនឹងការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍អ្វីខុសពីការសន្ទនា លោក នឹងបញ្ចេញខ្សែអាត់សំឡេងនៃការសន្ទនា។ ក្នុងពិធីចែកសញ្ញាបត្រដល់ដល់និស្សិតនៅវិទ្យាស្ថានអប់រំនៅព្រឹកថ្ងៃព្រហស្បតិ៍នះ លោក ហ៊ុន សែន បានចាក់ផ្សាយការចាប់ផ្តើមនែការសន្ទនាបន្តិចរវាងលោក និងលោក សម រង្ស៊ី ជាភ័ស្តុតាង ដែលលោកបានថតទុក។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងជ្រើសតាំងតំណាងរាស្រ្តនៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា តែលោកហ៊ុន សែន ស្នើថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា៕
No comments:
Post a Comment