Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

កម្មករ​ រោងចក្រ​ រាប់​ពាន់​នាក់ ​នៅ​កំពង់ចាម​ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦

កម្មករ​ រោងចក្រ​ រាប់​ពាន់​នាក់ ​នៅ​កំពង់ចាម​ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦

ដោយ​ សូត សុខប្រាថ្នា / អាស៊ីសេរី | ២៨ មេសា ២០១៤

កម្មករ​រោងចក្រ​ស្បែក​ជើង ជូហួយ (JUHUI FOOTWER) ជា​ច្រើន​ពាន់​នាក់ ដែល​មាន​ទីតាំង​នៅ​ឃុំ​ខ្មុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា បាន​នាំ​គ្នា​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ទាម​ទារ​ឱ្យ​ភាគី​រោងចក្រ​ចេញ​មក​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់។ កម្មករ​បាន​យល់​ព្រម​បើក​ផ្លូវ​ឡើង​វិញ នៅ​ម៉ោង​ជាង ១​រសៀល តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខេត្ត ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​អាច​កម្មករ​ទទួល​យក​បាន​នោះ​ទេ។
កម្មករ​រោងចក្រ​ស្បែក​ជើង ជូហួយ ប្រមាណ​ជាង ៣​ពាន់​នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៦ ដើម្បី​ទាម​ទារ​ឱ្យ​ខាង​ភាគី​រោងចក្រ​ចេញ​មក​ដោះស្រាយ​នូវ​លក្ខខ័ណ្ឌ​ការងារ​មួយ​ចំនួន ដូចជា​កុំ​ឱ្យ​ភាគី​រោងចក្រ​កាត់​ប្រាក់​បំណាច់​ឆ្នាំ​អំឡុង​ពេល​ដែល​កម្មករ​ឈប់​សម្រាក​ក្រោយ​ពេល​ចូល​ឆ្នាំ សុំ​ដំឡើង​ប្រាក់​បាយ និង​ប្រាក់​លើក​ទឹក​ចិត្ត​ការងារ ព្រម​ទាំង​សុំ​ឱ្យ​ភាគី​រោងចក្រ​គិតគូរ​កន្លែង​ចត​រថយន្ត​ដឹក​កម្មករ។
តំណាង​កម្មករ​រោងចក្រ ជូហួយ ម្នាក់​ គឺ​លោក ចន ស្រេង បាន​ឱ្យ​ដឹង​ថា កម្មករ​បាន​នាំ​គ្នា​តវ៉ា​ដោយ​ផ្លូវ​ជាតិ​លេខ​៦ ទាំង​ស្រុង នៅ​ម៉ោង​ប្រមាណ​ជាង ៧​ព្រឹក ដើម្បី​ទាម​ទារ​ឱ្យ​ភាគី​រោងចក្រ​ចេញ​មុខ​មក​ដោះស្រាយ ប៉ុន្តែ​មិន​មាន​តំណាង​រោងចក្រ​ណា​ម្នាក់​មក​ជួប​កម្មករ​នោះ​ទេ។ លោក​បន្ត​ថា មាន​ខាង​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ខេត្ត​បាន​ចូល​ជួប​ជាមួយ​ខាង​រោងចក្រ​ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​គ្រប់​ចំណុច​តាម​ការ​ទាម​ទារ​របស់​កម្មករ​នៅ​ឡើយ។
លោក ចន ស្រេង៖ «អា​នេះ​យើង​យោគយល់​ស្មារតី​អភិបាល​ខេត្ត! អភិបាល​ខេត្ត​បាន​ស្នើ​សុំ​ឱ្យ​ពួក​យើង​បើក​ផ្លូវ​ហើយ គាត់​នឹង​ធ្វើការ​ដោះស្រាយ​ជូន​បង​ប្អូន​ ហើយ​នៅ​ថ្ងៃ​ស្អែក​ព្រលឹម​ឡើង​នេះ គេ​នឹង​ជូន​ដំណឹង​មក​​យើង​ភ្លាម ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ទេ គឺ​យើង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​បន្ត​ទៀត»
លោក​បន្ត​ថា នៅ​ម៉ោង​ប្រមាណ​ជា ១​រសៀល ក្រុម​កម្មករ​បាន​យល់​ព្រម​បើក​ផ្លូវ​ឡើងវិ​ញ ក្រោម​ការ​ស្នើ​សុំ​ពី​ខាង​អភិបាល​រង​ខេត្ត​កំពង់ចាម ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្មករ​នឹង​នៅតែ​បន្ត​ធ្វើ​កូដកម្ម​តទៀត ​នៅ​ថ្ងៃ​បន្ទាប់ រហូត​ដល់​មាន​ដំណោះស្រាយ។
អ្នក​បក​ប្រែ​ភាសា​ចិន នៅ​ក្នុង​រោងចក្រ ជូហួយ កញ្ញា ម៉ី លីង មិន​បាន​បញ្ជាក់​ថា​យ៉ាង​ណា​នោះ​ទេ ដោយ​កញ្ញា​បាន​លើក​ឡើង​ថា កញ្ញា​កំពុង​ជួប​ប្រជុំ និង​មិន​បាន​ដឹង​ថា ខាង​ថៅកែ​ចិន សម្រេច​យ៉ាង​នោះ​ឡើយ។
អភិបាល​រង​ខេត្ត​កំពង់ចាម ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​កូដកម្ម​និង​បាតុកម្ម លោក ជីម លាវ មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​ខេត្ត​បាន​ជួប​ជាមួយ​ខាង​ភាគី​រោងចក្រ​ក្នុង​ចំណោម​ចំណុច​ទាំង​បួន​ដែល​កម្មករ​បាន​ស្នើ​ឡើង​នោះ គឺ​ខាង​ភាគី​រោងចក្រ​បាន​យល់​ព្រម​រឿង​គិតគូរ​កន្លែង​ចត​រថយន្ត​​ដឹក​កម្មករ​តែប៉ុណ្ណោះ ក្រៅ​ពី​នោះ គឺ​ខាង​រោងចក្រ​មិន​យល់​ព្រម​នោះឡើយ ដោយ​អះអាង​ថា ទុក​ឱ្យ​ខាង​ក្រុមប្រឹក្សា​អាជ្ញាធរ​ជា​អ្នក​ដោះស្រាយ។
លោក ជឹម លាវ៖ «គេ​នឹង​ខិត​ខំ​ធ្វើ​ចំណត​រថយន្ត​ឱ្យ​កម្មករ ឱ្យ​កម្មករ​បើក​ឡាន​ចូល​ទុក​ក្នុង​រោងចក្រ​គេ ហើយ​កម្មករ​យើង​ក៏​បាន​រំសាយ​ឈប់​បិទ​ផ្លូវ​ហើយ ក្រោយ​ពេល​ខ្ញុំ​និយាយ​ប្រាប់​គេ​ទៅ​ ថា​យើង​តវ៉ា​នៅ​តែ​តវ៉ា​ចង់​ដោះស្រាយ​អ្វី​ដែល​យើង​យល់​ព្រម​គ្នាៗ។ ឥឡូវ​កម្មករ​យល់​ព្រម​បើកផ្លូវ​ឱ្យ​ធ្វើ​ចរាចរណ៍​ធម្មតា»
លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​ខេត្ត​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​ភាគី​ទាំង​ពីរ ប៉ុន្តែ​​មិន​សម្រេច​សេចក្តី​យ៉ាង​នោះ​ទេ ហើយ​ការ​ទាមទារ​ណា​មួយ​របស់​កម្មករ គឺ​សិទ្ធិ​សេរី​របស់​ពួកគាត់ ក៏​ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់ ឬ​បង្ក​ការ​រំខាន​ដល់​អ្នក​ដទៃ​នោះ​ឡើយ៕


No comments:

Post a Comment