Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

លោក ហ៊ុន សែន ចំអក​ សង្គម​ស៊ីវិល ឲ្យ​មានភាព​អៀនខ្មា​ស រឿង​សុំ​មើល​ សេចក្តីព្រាងច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ(រូបថតដោយណាត សុភាព)

លោក ហ៊ុន សែន ចំអក​ សង្គម​ស៊ីវិល ឲ្យ​មានភាព​អៀនខ្មា​ស រឿង​សុំ​មើល​ សេចក្តីព្រាងច្បាប់​​

ស៊ុន ណារិន​ / វីអូឌី | ២៨ មេសា ២០១៤

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ រិះគន់​សង្គម​ស៊ីវិល​មួយចំនួន ដែល​ទាមទារ​ការត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​ របស់​រា​ជ​រដ្ឋាភិបាល ដោយ​ លោក​ ចាត់ទុកថា នេះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​កិច្ច​របស់ខ្លួន​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​រិះគន់​សង្គម​ស៊ីវិល​មួយចំនួន ដែល​តែងតែ​ស្នើ​សុំ​យោបល់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​។ លោកនាយក​រដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល បាន​ស្តាប់​ច្រើន​ហើយ​ពី​ប្រជាពលរដ្ឋ ហើយ​បញ្ញត្តិ​ច្បាប់ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​មាន​ការអនុញ្ញាត​ឲ្យ​គណៈរ​ដ្ឋ​មន្ត្រី ប្រគល់​សេចក្តីព្រាងច្បាប់​ទៅ​នរណា​ម្នាក់ គឺមាន​តែ​អ្នក​ព្រាង​ច្បាប់ បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី និង​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​។ លោក​បញ្ជាក់ថា គណៈរដ្ឋមន្ត្រី មិន​មាន​កន្លែង​ទៅ​សុំ​យោបល់​សង្គម​ស៊ីវិល ហើយ​សង្គម​ស៊ីវិល កុំអាល​ទាមទារ​សិទ្ធិ​ហួសពេល និង​សុំឲ្យ​មាន​ការអៀនខ្មាស និង​កុំ​ទាមទារ​កិច្ចការ​របស់​គេ​មក​ធ្វើ ។​
លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា សង្គម​ស៊ីវិល តែងតែ​រិះគន់​នៅពេលដែល​រាជរដ្ឋាភិបាល ធ្វើ​ការងារ​យឺត​ក្នុង​ការអនុម័ត​ច្បាប់ តែ​ពេល​ច្បាប់​ត្រូវបាន​អនុម័ត​លឿន នៅតែ​ចោទសួរ​សំណួរ​ថា​តើ​ហេតុអ្វី ក៏​អនុម័ត​លឿន​ម៉្លេះ​។​

​លោកនាយក​រដ្ឋមន្ត្រី លើកឡើង​បែប​នេះ ជាការ​សំដៅ​ទៅ​រក​ច្បាប់​ចំនួន​៣ ដែល​ទើបតែ​ឆ្លង​ទៅ​គណៈរដ្ឋមន្ត្រី គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​រៀ​ប​ចំ​អង្គការ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​រៀបចំ​និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​។​
​កន្លងទៅ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) បាន​អំពាវនាវ​ឲ្យ​រដ្ឋសភាផ្អាក​ការអនុម័​ត​សេចក្តីព្រាងច្បាប់​ចំនួ​ន​បី ដែល​គណៈរដ្ឋមន្ត្រី​អនុម័ត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ ដើម្បី​ទុក​ពេល ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចេញយោបល់​លើ​សេចក្តីព្រាង​នេះ​ជា​មុន​សិន​។ ​CCHR​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ទាំងនោះ​មិន​បាន​ផ្សព្វផ្សាយ និងបើក​កិច្ច​ពិគ្រោះ​យោបល់​ជា​ចំហរ និង​ទូលាយ​នោះទេ​។​
​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋសភាផ្អាក​ការអនុម័​ត រង់ចាំ​តំណាងរាស្ត្រ​ទាំងអស់​របស់​គណបក្ស​
នយោបាយ​ទាំងពីរ ដែល​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចូលកាន់​តំណែង និង​រង់ចាំ​សេចក្តីព្រាងច្បាប់​នោះ​ឆ្លង​ការពិភាក្សា​ពិគ្រោះ​យោបល់ ពី​សាធារណជន​ឲ្យបាន​ទូលាយ​ជាមុនសិន​។​
​ទាក់ទង​នឹង​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សេចក្តីព្រាងច្បាប់​ទាំងនោះ នឹង​ត្រូវ​អនុម័ត លើកលែងតែ​ក្នុង​ករណី​មិន​មាន​កូរ៉ុម​គ្រប់គ្រាន់​ក្នុង​ការកោះប្រជុំ​។ ​លោក​បន្តថា ដំណើរការ​រដ្ឋ គឺធ្វើឡើង​ធម្មតា បើ​ទោះជា​គណបក្ស​ប្រឆាំង មិន​ចូល​ក្នុង​រដ្ឋសភា​ក៏ដោយ​៕



No comments:

Post a Comment