Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

កម្មករ​ ១០​នាក់ រងរបួស នៅពេល​ប៉ះទង្គិច​ ជាមួយ​ អាជ្ញាធរ​ ក្រុង​បាវិត ខណៈ​ដែល​ពួកគេ​ ធ្វើបាតុកម្ម,​ ហើយ ​​ឈានដល់​ ផ្ទុះ​ហិង្សា​

កម្មករ​ ១០​នាក់ រងរបួស នៅពេល​ប៉ះទង្គិច​ ជាមួយ​ អាជ្ញាធរ​ ក្រុង​បាវិត ខណៈ​ដែល​ពួកគេ​ ធ្វើបាតុកម្ម,​ ហើយ ​​ឈានដល់​ ផ្ទុះ​ហិង្សា​

សុទ្ធ គឹម​សឿន​​ / វីអូឌី | ២៨ មេសា ២០១៤

កម្មករ​ចំនួន ១០​នាក់ បាន​រងរបួស នៅក្នុង​ការប៉ះទង្គិច​គ្នា​ រវាង ​កម្មករ ជាមួយ​ កម្លាំង​សមត្ថកិច្ច ​ខេត្ត​ ស្វាយរៀង ខណៈ​កម្មករ​-​កម្មការិនី​ ប្រមាណ ៤​ម៉ឺន​នាក់ ​ធ្វើការ​ នៅ​ក្នុង​តំបន់ ​សេដ្ឋកិច្ច​ ពិសេស ​ចំនួន​បី ក្នុង​ក្រុង​បាវិត ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា ទាមទារ​ លក្ខខណ្ឌ​ការងារ ​សមរម្យ និង​ដោះលែង​ជនជាប់ចោទ ​២១​នាក់​។​

​លោក សាន់ សូរិយា កម្មករ​រោងចក្រ​អេអឹ​ម​ហ្សេ នៅ​ក្រុង​បាវិត បាន​ប្រាប់ VOD ថា ការប៉ះទង្គិច​នេះ បាន​កើតឡើង​នៅ​ពេល​កម្មករ​ប្រមាណ ៤​ម៉ឺន​នាក់ ធ្វើការ​នៅ​រោងចក្រ​ចំនួន ៤០ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន តំបន់​សេដ្ឋកិច្ច​តាយសេង និង​តំបន់​សេដ្ឋកិច្ច​សាន​តុង ធ្វើបាតុកម្ម និង​បាន​ប៉ះ​ពាក្យសម្តី​ជាមួយ​សមត្ថកិច្ច​កិច្ច ឈាន​ទៅ​ដល់​ផ្ទុះ​ហិង្សា វាយ​កម្ទេច​របង​រោងចក្រ​អេអឹ​ម​ហ្សេ ដែល​ឋិត​ក្នុង​តំបន់​សេដ្ឋកិច្ច​តាយសេង​។ លោក​ថា ហិង្សា​នោះ បាន​បណ្តាលឲ្យ​កម្មករ​ចំនួ​ន ១០​នាក់ រងរបួស​ក្បាល និង​រាងកាយ​។
លោក​បន្តថា ការតវ៉ា​រហូត​ដល់​ផ្ទុះ​ហិង្សា​នេះ កើតឡើង​ដោយសារ​ភាគី​រោងចក្រ បាន​ក្រឡាស់​ពាក្យសន្យា ដែលថា នឹង​បន្ថែម​ប្រាក់​លើកទឹកចិត្ត​ចំនួន ៥០​ដុល្លារ ដល់​កម្មករ ប្រសិន​បើ​ពួកគេ​មិន​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ និង​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់​។
​មន្ត្រី​សម្របសម្រួល ​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ នៅ​ក្រុង​បាវិត លោក ហ៊ុន ម៉ា​លីន ឲ្យដឹង​បន្ថែម​ថា ក្រៅពី​ការទាមទារ​ប្រាក់​លើកទឹកចិត្ត​បន្ថែម ៥០​ដុល្លារ​នេះ កម្មករ​នៅ​រោងចក្រ​មួយ​ចំនួន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងបី​នេះ ក៏​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ ទាមទារ​ឲ្យ​តុលាការ​ទម្លាប់​ការចោទប្រកាន់​លើ​ជនជាប់ចោទ ២៣​នាក់ និង​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​ដែរ​។
ទាក់ទង​នឹង​ករណី​នេះ VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ភាគី​រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​មេន​ហាត​ធេន តំបន់​សេដ្ឋកិច្ច​តាយសេង និង​តំបន់​សេដ្ឋកិច្ច​សាន​តុង ព្រមទាំង លោក សេង សីលា អភិបាលក្រុង​បាវិត​ថ្មី​បាន​ទេ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។​
​អ្នកសម្របសម្រួល​នៃ​អង្គការ​លីកាដូ ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ណុ​ត បូ​ពិ​ណ្ណា​រ័ត្ន ដែល​បាន​តាមដាន​ករណីនេះ មានប្រសាសន៍ថា កម្មករ​ទាំងអស់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងបី​នេះ បាន​ផ្ទុះ​កូដកម្ម​ព្រមៗ​គ្នា ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៧​ចំណុច ដែល​ក្នុងនោះ​មាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ ទាមទារ​ឲ្យ​ដក​អ្នកគ្រប់គ្រង​ជា​ជនជាតិ​វៀតណាម ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ជាដើម​។ លោក​ថា នៅ​ក្នុង​ការតវ៉ា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មន្ត្រី​សហជីព​ចំនួន​ពីរ​រូប ក៏​រង​នូវ​ការចោទប្រកាន់​ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​ផងដែរ​។
បើ​តាម​មន្ត្រី​អង្គការ​លីកាដូ កម្មករ​ប្រមាណ ៤​ម៉ឺន​នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​មក ហើយ​នៅ​ថ្ងៃទី​២១ ខែ​មេសា អភិបាលក្រុង​បាវិត បាន​កោះហៅ​តំណាង​រោងចក្រ សហជីព និង​តំណាង​កម្មករ ទៅ​ធ្វើការ​ចរចា ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ជា​ផ្លែផ្កា​នោះទេ ទើប​កម្មករ​បន្ត​ការតវ៉ា​រហូតមកដល់​ពេលនេះ​៕



No comments:

Post a Comment