Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន លែង​ខ្វល់​ រឿង​ចរចា ​ជាមួយ ​គណបក្ស​ប្រឆាំង​​

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន លែង​ខ្វល់​ រឿង​ចរចា ​ជាមួយ ​គណបក្ស​ប្រឆាំង​​


ស៊ុន ណារិន និង តាំង វីដា​ / វីអូឌី | ២៨ មេសា ២០១៤

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស ថា លោក ​មិន​ចង់​និយាយ​រឿង​នយោបាយ ដែល​ទាក់ទងនឹង ​ការចរចា ​ជាមួយ​ គណបក្ស​ សង្គ្រោះ​ជាតិ​ តទៅទៀត​ទេ ខណៈ​ការចរចា ​ជាមួយ​ លោក សម រង្ស៊ី នៅ​ជាប់គាំង ​ត្រង់​ចំណុច​ បោះឆ្នោត​ មុន​អាណត្តិ​។​

​កន្លងទៅ លោក ហ៊ុន សែន បាន​ជជែក​ជាមួយ​លោក សម រង្ស៊ី ដោយ​បាន​ឯកភាព​លើ​ចំណុច​ភាគច្រើន ក្នុងនោះ មាន​កំណែទម្រង់​ស្ថាប័ន​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​ចំណុច​មួយទៀត​ដែល​សំខាន់ នៅ​ជា​បញ្ហា​នោះ គឺ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។​
ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ដំណើរការ​រដ្ឋ នៅតែ​ធម្មតា ហើយ​លោក​ឈប់​និយាយ និង​ឈប់​ខ្វល់​ច្រើន ដែល​លោក​សំដៅ​ទៅលើ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បញ្ជាក់ថា ការមិន​ចូល​ក្នុង​រដ្ឋសភា ជា​រឿង​របស់​គណបក្សប្រឆាំង ហើយ​កុំ​មក​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​ ៖«និយាយម្តងអញ្ចឹង ម្តង​អញ្ចុះ ខ្ញុំអត់និយាយនយោបាយ ទុកមួយកន្លែងទៅ កុំខ្វល់ពេក បក្សនយោបាយនានា រហូតដល់៥ ចុះឈ្មោះបោះឆ្នោតធម្មតា វាមានអីខុសធម្មតា ឥលូវ​ហ្នឹង មានអីខុសធម្មតា ខុសតាអ្នកធ្វើខ្លួនឯងខុសទេតើ ឧទាហរណ៍គេចូលសាលា ខ្លួនឯង អត់ចូលសាលា ចាប់បង្ខំឲ្យអ្នកចូលសាលា ធ្វើ​ខ្លួន​ឯង​មិន​ចូលសាលាដែរ តែគេចូលសាលាគឺចូលហើយ អ្នកមិនចូលសាលា នៅក្រៅសាលាហើយ វាចប់ត្រឹមហ្នឹង។»

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​បិទ​ចោល​កិច្ចចរចា​ឡើយ ដោយសារ​បក្ស​នេះ ចង់បាន​ភាពស្របច្បាប់ និង​ការទទួលស្គាល់​ពី​សហគម​ន៍​បរទេស​។ លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ការតស៊ូ ការធ្វើ​បាតុកម្ម​ទាមទា​រ រហូតដល់​មាន​ដំណោះស្រាយ​សមរម្យ​ ៖«គណបក្សប្រជាជន ចង់​បាន​ភាពស្របច្បាប់របស់ខ្លួន ទាំងក្នុងសភា និងក្នុងជួររដ្ឋាភិបាល បើសិន​ជា​គណ​បក្សប្រជាជន គេសុទ្ធចិត្តដឹកនាំតាមរបៀបនេះរហូត ក៏​យើង​មិន​ខ្វល់​ដែរ មានតែការតស៊ូមតិ ធ្វើបាតុកម្មអីហ្នឹង។»
សម្រាប់ អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច គិតថា ការ​ដែល​អ្នកនយោបាយ​ទាំង​ពីរ​បន្ត​ខ្វែងគំនិត​គ្នា​នេះ គឺ​ដោយសារតែ​ភាគី​ទាំងសងខាង គិតតែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ជាង​គិត​ផលប្រយោជន៍​ជាតិ​។ លោក​ថា ដើម្បី​ឲ្យ​កិច្ច​ចរចា​នៅ​ថ្ងៃក្រោយ ឈានទៅរក​ការព្រមព្រៀង​បាន លទ្ធផល​នៃ​ជំនួប​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ  គប្បី​ធ្វើ​ជា​លាយ​លក្ខ​អក្សរ ដើម្បី​ឲ្យបាន​ពលរដ្ឋ បានដឹង​ឮ និង​វាយតម្លៃ ថា​តើ​ភាគី​ណា​មាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​ ៖«ខ្ញុំជឿជាក់ថា ក្រោយពីការចរចាហើយ ពង្រៀង​ជា​លាយ​​លក្ខអក្សរ ហើយបញ្ជូនទៅគ្រប់ភាគីនៃការចរចា ដើម្បីឲ្យឃើញថា ខ្លួនចង់បានអី ហើយបង្ហាញទៅមហាជន ថាតើអ្នកណា ជាអ្នក​កេង​ប្រវ័ញ្ច​លើ​ការចរចាហ្នឹង ហើយការចរចាហ្នឹង បម្រើផលប្រយោជន៍សង្គមកម្រិតណា។»
​ក្នុងជំនួប​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ឲ្យដឹង​ថា លោក​បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា សិន​។ ក្នុងជំនួប​តាម​ទូរស័ព្ទ​នោះ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា​នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​៕



No comments:

Post a Comment