Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

មន្ត្រី​ បក្ស ​សម ​រង្ស៊ី ​២​នាក់ ​ត្រូវ​ក្រសួង ​មហាផ្ទៃ​ លុប​ឈ្មោះ ​ពី ​សមាជិក ​ក្រុម​ប្រឹក្សា ​ក្រុង​ប៉ៃលិន

មន្ត្រី​ បក្ស ​សម ​រង្ស៊ី ​២​នាក់ ​ត្រូវ​ក្រសួង ​មហាផ្ទៃ​ លុប​ឈ្មោះ ​ពី ​សមាជិក ​ក្រុម​ប្រឹក្សា ​ក្រុង​ប៉ៃលិន

ដោយ សួន សុផលមុន្នី / អាស៊ីសេរី​ | ០១ មេសា ២០១៤

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ក្រុង ខណ្ឌ ស្រុក នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​មាន​ឡើង​ទាក់ទិន​ទៅ​នឹង​ការ​លុប​ឈ្មោះ និង​ដាក់​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ។ បញ្ហា​នេះ​បាន​កើត​មាន​ចំពោះ​សមាជិក​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ខេត្ត​ប៉ៃលិន។
មន្ត្រី​គណបក្ស សម រង្ស៊ី ពីរ​នាក់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ប្រកាស​លុប​ឈ្មោះ​ចេញ​ពី​សមាសភាព​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ប៉ៃលិន របស់​គណបក្ស សម រង្ស៊ី ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ នួន ប៊ុនឈឿន និង​ម្នាក់​ទៀត​ឈ្មោះ ឃឹម ប៉ុន។
លោក ឃឹម ប៉ុន ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ថា ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​រើសអើង​ខាង​ផ្នែក​នយោបាយ។ លោក​ថា មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស សម រង្ស៊ី ពីរ​នាក់ ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ ហើយ​ត្រូវ​បាន​គណបក្ស សម រង្ស៊ី លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​តាំង​ពី​ឆ្នាំ​២០១៣ នោះ មិន​ត្រូវ​ក្រសួង​មហាផ្ទៃ លុប​ឈ្មោះ​នោះ​ឡើយ៖ «ឈ្មោះ កែវ ឆន និង​ឈ្មោះ អេង ឡុង ត្រូវ​បាន​បាត់​ឈ្មោះ​គាត់​ទៅ​ចូល​គណបក្ស​ប្រជាជន។ អ៊ីចឹង គណបក្ស​ប្រជាជន ជា​សមាជិក​ចុង​ក្រោយ ប៉ុន្តែ​គាត់​នៅ​តែ​រក្សា​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គាត់​ហ្នឹង ហើយ​គាត់​នៅ​តែ​បន្ត​បើក​ប្រាក់​ឧបត្ថម្ភ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ មក​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០១៤ ក៏​គាត់​នៅ​តែ​បន្ត​បើក»
អតីត​មន្ត្រី​គណបក្ស សម រង្ស៊ី ទាំង​ពីរ​នាក់​ដែល​បាន​ចុះ​ចូល​ជាមួយ​ប្រជាជន​កម្ពុជា នោះ​មាន​ឈ្មោះ កែវ ឆន និង​ឈ្មោះ អេង ឡុង បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ ទោះ​បី​ជា​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ទាំង​ពីរ​នាក់​នៅ​តែ​បន្ត​ប្រើប្រាស់​តួនាទី​ក្នុង​នាម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស សម រង្ស៊ី ហើយ​បាន​បន្ត​បើក​ប្រាក់​ខែ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ពី លោក កែវ ឆន និង​លោក អេង ឡុង បាន​ទេ ប៉ុន្តែ លោកស្រី ប៊ុន សុភី ប្រធាន​លេខាធិការដ្ឋាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន ទទួល​ស្គាល់​ថា ក្រសួង​មហាផ្ទៃ ពិត​ជា​ពុំ​ទាន់​បាន​លុប​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្ទឹងកាន់ ទាំង​ពីរ​នាក់​ដែល​អតីត​មន្ត្រី​គណបក្ស សម រង្ស៊ី នោះ​ឡើយ៖ «រយៈពេល​តវ៉ា​គ្នា​មិន​ទាន់​មាន​អស់​សុពលភាព​ណា​អស់​សុពលភាព បាន​យើង​កែប្រែ​លែង​បាន ឥឡូវ​ពេល​បាន​ប្រកាស​មហាផ្ទៃ​ឡើង យើង​នឹង​រៀប​ចំ​ផ្លាស់​ប្ដូរ​អស់​ហើយ»
គណបក្ស សម រង្ស៊ី បាន​សម្រេច​លុប​ឈ្មោះ លោក កែន ឆន និង ​លោក អេង ឡុង ចេញ​ពី​បញ្ជី​ឈ្មោះ​គណបក្ស សម រង្ស៊ី តាំង​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៣។ ទន្ទឹម​គ្នា​នេះ គណបក្ស សម រង្ស៊ី បាន​ធ្វើ​របាយការណ៍​លើ​ករណី​នេះ​ជូន​ទៅ​ឃុំ​ស្រុក​ខេត្ត​ប៉ៃលិន ដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រសួង​មហាផ្ទៃ ជា​បន្តបន្ទាប់។ មន្ត្រី​គណបក្ស សម រង្ស៊ី បញ្ជាក់​ថា តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​រាជធានី​ចែង​ថា សមាជិក​ក្រុម​ប្រឹក្សា​គ្រប់​រូប​ត្រូវ​តែ​ជា​សមាជិក​របស់​គណបក្ស​នយោបាយ ហើយ​ពួក​គេ​អាច​បាត់​បង់​បេក្ខភាព​នៅ​ពេល​ណា​ដែល​គណបក្ស​នយោបាយ​សាមី ប្រកាស​រំលាយ​បេក្ខភាព៕



No comments:

Post a Comment