លីកាដូ ៖ ឆ្នាំ២០១៤ នាំមកនូវ រលកថ្មី នៃជម្លោះដីធ្លី នៅកម្ពុជា
ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃអង្គារ ទី1 ខែមេសា ឆ្នាំ2014
របាយការណ៍ថ្មីមួយ កត់សំគាល់ថា នៅឆ្នាំ២០១៤នេះ នាំមកនូវរលកថ្មី នៃជម្លោះដីធ្លី នៅកម្ពុជា ដែលមានហិង្សា នៅតែបន្ត កើតមានឡើង ហើយផ្តល់ផលអាក្រក់ ដល់ ប្រជាជន ២២៤៦ គ្រួសារនៅស្ទើរគ្រប់ខេត្ត ដែលអង្គការ លីកាដូ បានឃ្លាំមើល។
របាយការណ៍របស់អង្គការលីកាដូ ដែល VODទទួលបាននៅថ្ងៃអង្គារនេះ បានបង្ហាញថា ចំនួនគ្រួសាររងគ្រោះ ដោយសារជម្លោះដីធ្លីពាក់ព័ន្ធនឹងមន្ត្រីរដ្ឋ និងភ្នាក់ងាររដ្ឋក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក បានកើនឡើង ជាងកន្លះលាននាក់។
នាយកាអង្គការលីកាដូ លោកស្រី ណាលី ពីលូក និយាយក្នុងរបាយការណ៍នោះថា «តួរលេខចុងក្រោយនេះពិតជាគួរឲ្យភ្ញាក់ផ្អើល។ កន្លះលាននាក់ប្រជាពលរដ្ឋដែលរងគ្រោះ គឺជារឿងមួយគួរឲ្យអៀនខ្មាស»។ លោកស្រីបន្តថា «រដ្ឋាភិបាលគួរធ្វើសកម្មភាពដើម្បីបញ្ចប់ជម្ងឺដ៏រាំរ៉ៃ ដែលរាលដាលមួយនេះ»។
លីកាដូ បានកត់សំគាល់ថា រលកថ្មីនៃជម្លោះដីធ្លីនេះ កើតឡើងក្រោយពេលដែលលោក ហ៊ុន សែន ចេញបទបញ្ជាក្នុង ខែឧសភា ឆ្នាំ២០១២ ឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច។
បញ្ហាដែលលីកាដូបានរកឃើញគឺ កម្មវិធីផ្តល់កម្មសិទ្ធិដីដែលធ្វើឡើងដោយ យុវជនស្ម័គ្រចិត្តនោះ មិនមានតម្លាភាព និងការត្រួតពិនិត្យដោយឯករាជ្យ។
លីកាដូ បានលើកយកករណីជម្លោះដីធ្លីជាច្រើនដែលកើតឡើងនៅទូទាំងប្រទេស ហើយបានហៅកម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិរបស់រដ្ឋាភិបាលដោយយុវជនស្ម័គ្រចិត្តនោះ ថា “បរាជ័យ” ក្នុងការបញ្ចប់ជម្លោះ៕
No comments:
Post a Comment