Paris Peace Accords 23 Oct. 1991

Friday, April 4, 2014

សាលាដំបូង​រាជធានី​ភ្នំពេញបើក​សវនាការ​លើ​ពាក្យសុំនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​វ​ន់ ពៅ​​

សាលាដំបូង​រាជធានី​ភ្នំពេញបើក​សវនាការ​លើ​ពាក្យសុំនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​វ​ន់ ពៅ​​

ដោយ៖​ ពេជ្រ សុធារី​ | ថ្ងៃសុក្រ ទី4 ខែមេសា ឆ្នាំ2014

អ្នកគាំទ្រ ទាមទារឲ្យដោះលែងលោក វន់ ពៅ(រូបថតដោយជន ស្រីណុច)
​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ បាន​បើក​សវនាកា​រលើ​ពាក្យសុំ​ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន របស់​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពីដើម​ខែ​មករា កន្លងទៅនេះ​។​
លោក គីម សុជាតិ មេធាវី​សហភាព​ការងារ​កម្ពុជា (CLC) និង​ជា​មេធាវី​ការពារ​សិទ្ធិ​លោក វ​ន់ ពៅ ឲ្យដឹងថា ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​លើក​ទី​៣ ក្នុង​ដំណាក់កាល​មុន​អង្គសេចក្តី​របស់​តុលាការ​នេះ ​បាន​​បើក​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​សុក្រ ទី​៤ ខែ​មេសា​នេះ​។ លោក​បន្តថា ក្នុង​ដំណាក់​នីតិវិធី​​នេះ តុលាការ​សាលាដំបូង ត្រូវ​បើក​សវនាការ​ដោយ​មាន​វត្តមាន​របស់​លោក វ​ន់ ពៅ​។​
ប៉ុន្តែនៅព្រឹក​នេះ គេពុំឃើញមាន​វត្តមាន​របស់​លោក វន់ ពៅ នៅក្នុង​សវនការ​នោះទេ។
ខណៈដែល​សាលា​ដំបូង​កំពុង​បើកសវនការ​នោះដែរ អ្នកមានជម្លោះដីធ្លីនៅរាជ​ធានីភ្នំពេញ និងសមាជិក​សមាគម​ប្រជា​ធិបតេយ្យឯករាជ្យ​​នៃ​សេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ ប្រមាណ៥០នាក់ ក៏បាន​ប្រមូល​ផ្តុំនៅមុខ​សាលា​ដំបូង​នោះដែរ ដោយជំរុញ​ឲ្យ​តុលាការ​ដោះលែង​លោក​វន់ ពៅ ឲ្យមាន​សេរីភាព​វិញ។
​ការបើក​សវន​ការ​ លើ​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ធ្វើឡើង​មុនពេល​ដែល​សាលាដំបូង​ បើក​សវន​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៤​។​
​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ​ទាំង ២២​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។
បច្ចុប្បន្ន​លោក វ​ន់ ពៅ និង​មនុស្ស​២០​នាក់​ទៀត កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ខណៈ​កម្មករ​ពីរ​នាក់ ត្រូវបាន​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ​៕

No comments:

Post a Comment