ពលរដ្ឋនាំគ្នាជិះឡានឈ្នួលចាកចេញពីរាជធានីភ្នំពេញ ត្រឡប់ទៅស្រុកកំណើតវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១។
RFA/Mom Sophon
សហជីពកម្មករ ស្នើឲ្យ ទប់ស្កាត់ ការដំឡើងថ្លៃ សេវាដឹកជញ្ជូន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ០៩ មេសា ២០១៤
មេដឹកនាំសហជីពកម្មករ ស្នើឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ការដំឡើងថ្លៃដឹកជញ្ជូនរបស់រថយន្តឈ្នួលគ្រប់ប្រភេទ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីឆ្នាំថ្មី ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទៅ បានធ្វើដំណើរទៅលេងស្រុកកំណើតឲ្យបានច្រើនកុះករ។ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានផ្ញើសារជូនពរប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យមានសិរីសួស្តី និងសេចក្តីសុខគ្រប់ៗគ្នា និងស្នើឲ្យប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍។
មេដឹកនាំសហជីពកម្មករមួយចំនួន បានចេញលិខិតអំពាវនាវ និងបង្ហាញពីការព្រួយបារម្ភចំពោះការដំឡើងតម្លៃសេវាដឹកជញ្ជូនរបស់ម្ចាស់រថយន្តឈ្នួលគ្រប់ប្រភេទ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានសំណូមពរដល់ម្ចាស់រថយន្តឈ្នួលគ្រប់ប្រភេទ ឲ្យរក្សាតម្លៃសេវាដឹកជញ្ជូនរបស់ខ្លួនឲ្យនៅថេរ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្រីក្រ មន្ត្រីរាជការ និងកម្មករ អាចមានឱកាសធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំឪពុកម្តាយបានច្រើន។ ជាងនេះទៅទៀត សហជីពនេះក៏បានស្នើដល់កងមន្ត្រីនគរបាល និងម្ចាស់បេនរថយន្ត បញ្ឈប់សកម្មភាពជំរិតយកលុយពីម្ចាស់រថយន្តឈ្នួល នៅពេលមានពិធីបុណ្យទានម្តងៗ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «សូមឲ្យប៉ូលិសហាន ឬក៏កងកម្លាំងសមត្ថកិច្ច ដែលគាត់មានតួនាទីយកលុយយកកាក់ ចំពោះឡានតាក់ស៊ី ឬក៏រថយន្តក្រុង និងរ៉ឺម៉កម៉ូតូកង់បីជាដើមហ្នឹង សូមឲ្យគាត់ពិចារណាឡើងវិញ ពីព្រោះនៅពេលមានបុណ្យទានម្តងៗ ប្រជាពលរដ្ឋយើងតែងតែធ្វើដំណើរទៅផ្ទះតាមឡានតាក់ស៊ីអីផ្សេងៗ ប៉ុន្តែស្នើឲ្យគាត់ហ្នឹងកុំយកចំណុចហ្នឹងជាឱកាសសម្រាប់ពួកគាត់ ដើម្បីឲ្យគាត់ហ្នឹងយកលុយចូលក្នុងហោប៉ៅខ្លួនគាត់។ ប៉ុន្តែ គាត់បំពេញតម្រូវការខ្លួនគាត់ វាខកចិត្តចំពោះប្រជាពលរដ្ឋទូទៅភាគច្រើន។ ដូច្នេះសូមឲ្យពួកគាត់ពិចារណាចំណុចនេះឡើងវិញ»។
ដូចគ្នាដែរ សម្រាប់មេដឹកនាំសហជីពកម្មករច្រើនស្ថាប័នទៀត ក៏បានចេញលិខិតអំពាវនាវដល់រដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណាជួយរក្សាតម្លៃដឹកជញ្ជូនឲ្យនៅតម្លៃធម្មតា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមេសា បានផ្ញើសារតាមរយៈលិខិតជូនពរដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំថ្មីឆ្នាំនេះ។ បន្ថែមលើលិខិតកាលពីថ្ងៃច័ន្ទ ទី៧ ខែមេសា លោកបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ឲ្យបង្កើនសកម្មភាពការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ ក្នុងពិធីបុណ្យចូលឆ្នាំដែលនឹងចូលមកដល់ក្នុងប៉ុន្មានថ្ងៃទៀតនេះ។
ប្រមុខរដ្ឋាភិបាលក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ នៅពេលធ្វើដំណើរ និងស្នើដល់ក្រុមយុវជន មិនត្រូវលេងជះទឹក ឬប៉ាតម្សៅ ដែលមិនមែនជាល្បែងប្រជាប្រិយរបស់ខ្មែរ និងបានស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ភោជនីយដ្ឋាននៅទូទាំងប្រទេស មិនត្រូវបង្កើនថ្លៃសេវាខ្ពស់ខុសថ្ងៃធម្មតា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះទេ៖ «សុំកុំឲ្យសណ្ឋាគារ ផ្ទះសំណាក់ ថ្លៃម្ហូបអាហារ ថ្លៃសេវាដឹកជញ្ជូនអីទាំងអស់ហ្នឹងឡើងថ្លៃពេក។ បើរក្សាតម្លៃហ្នឹងលក់ឲ្យបានច្រើនតែកុំឡើងថ្លៃពេក ព្រោះអ៊ីចេះ ជួនកាលយើងរកស៊ីបានតែមួយឆ្នាំទេ។ ឆ្នាំក្រោយគេទៅរកកន្លែងផ្សេងហើយ។ បើសិនជាយើងលក់តាមតម្លៃធម្មតា ឬបើឡើងថ្លៃឡើងតិចតួច យើងនឹងទទួលបានអតិថិជនហ្នឹងទៀតនៅឆ្នាំក្រោយ»។
ជារៀងរាល់ឆ្នាំនៅពេលមានពិធីបុណ្យជាតិធំៗចូលមកដល់ គេសង្កេតឃើញថា តម្លៃសេវាដឹកជញ្ជូនរបស់រថយន្តឈ្នួលគ្រប់ប្រភេទ និងតម្លៃសេវាស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងអាហារហូបចុក ជាដើម ត្រូវម្ចាស់ធ្វើអាជីវកម្មបានដំឡើងតម្លៃខ្ពស់ទ្វេដង។
បញ្ហានេះដែរ សម្រាប់ម្ចាស់រថយន្តឈ្នួល ឬម្ចាស់បម្រើសេវាកម្មស្នាក់នៅ និងម្ហូបអាហារ ជាដើម បានអះអាងថា ការដំឡើងតម្លៃសេវាកម្មរបស់ខ្លួន គឺបានធ្វើឡើងតៗគ្នាពីផ្នែកពាក់ព័ន្ធ៕
No comments:
Post a Comment