Paris Peace Accords 23 Oct. 1991

Thursday, April 10, 2014

អ្នកវិភាគ ៖ វប្បធម៌​ហៃអើ ​របស់​ មន្ត្រី​ បក្ស​កាន់អំណាច ថ្កោលទោស លោក សម រង្ស៊ី គ្មាន​ប្រសិទ្ធភាព​​

អ្នកវិភាគ ៖ វប្បធម៌​ហៃអើ ​របស់​ មន្ត្រី​ បក្ស​កាន់អំណាច ថ្កោលទោស លោក សម រង្ស៊ី គ្មាន​ប្រសិទ្ធភាព​​


ដោយ៖​ ណាត សុភាព​ / វីអូឌី | ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014

អ្នកវិភាគ និង​មន្ត្រី​ សង្គម​ស៊ីវិល នៅ​ថ្ងៃ​ពុធ​នេះ បាន​ហៅ វប្បធម៌​ហៃអើ របស់​ មន្ត្រី ​គណបក្ស​កាន់​អំណាច​ មួយ​ចំនួន ថា មិន​មាន​ប្រសិទ្ធិភាព​ទេ ចំពោះ​ការចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​លោក សម រង្ស៊ី ដោយ​ចោទ​ថា ធ្វើឲ្យ ប៉ះពាល់​ ដល់​ អង្គ​ព្រះមហាក្សត្រ នោះ​។​
​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ថា រដ្ឋសភា​បច្ចុប្បន្ន គឺជា​សភា​ឯក​បក្ស ដែល​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ មិនមែន​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ឡើយ​។ បន្ទាប់មក មាន​សេចក្តីថ្លែងការណ៍​ថ្កោល​ទោសជា​បន្តបន្ទាប់ ទៅលើ​លោក សម រង្ស៊ី ដោយ​ពួកគេ​ចោទថា លិខិត​នោះ​ជា​ការប្រមាថ​ព្រះមហាក្សត្រ​។ ស្ថាប័ន​ដែល​ថ្កោលទោស​លោក សម រង្ស៊ី រួមមាន ព្រឹទ្ធសភា សាលា​រាជធានី​ភ្នំពេញ សាលាខេត្ត​កណ្តាល ក្រសួង​ការពារជាតិ ក្រសួង​យុត្តិធម៌ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង វិទ្យាស្ថាន​ពលរដ្ឋវិទ្យា របស់លោក ឈឹម ផល​វរុណ ជាដើម គឺ​បានប្រកាស​គាំទ្រ លោក ហ៊ុន សែន និង​ប្រឆាំង​លោក សម រង្ស៊ី​។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ព្រះបរមរាជវាំង លោក អ៊ុំ ដារ៉ាវុធ បាន​ចេញ​លិខិត​បំភ្លឺថា អ្វី​ដែល​លោក សម រង្ស៊ី លើកឡើង មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​ទេ​។​
អ្នកវិភាគ​ឯករាជ្យ លោក កែម ឡី កត់សម្គាល់ថា យុទ្ធសាស្ត្រ​ដដែលៗ របស់​គណបក្ស​ប្រជាជ​កម្ពុជា ដោយ​ប្រើ​មន្ត្រី​ ហៃអើ ឲ្យ​គាំទ្រ​សម្តីនាយករដ្ឋមន្ត្រី​នេះ មិន​អាច​ធ្វើឲ្យ​ប្រជាប្រិយភាព​គណបក្សប្រឆាំ​ង​ធ្លាក់​ចុះ​ទេ​ «ប្រសិនជារដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី បញ្ហាជនអន្តោរប្រវេសន៍បាន នោះបានវាប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែឈឺចាប់ដដែល ទោះបីធ្វើស្អីក៏វាមិនប៉ះពាល់»។
ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា មិនមាន​អ្វី​ចំលែក​ទេ ចំពោះ​វប្បធម៌​ហៃអើ​នៅ​កម្ពុជា ដែល​មន្ត្រី​គណបក្សកាន់អំណាច ដែល​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​ខ្លួន ​ដោយ​មិន​បាន​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​។ លោក​យល់ថា អ្វី​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខំគាំទ្រ លោក ហ៊ុន សែន ទំនង​ជា​ពួកគេ​ធ្វើឡើង​ដើម្បីចង់​តែ​បាន​ឋានៈ ឬ​បុណ្យស័ក្តិ ​ឬ​លាភសក្ការៈ​តែប៉ុណ្ណោះ «[ការចេញលិខិតថ្កោលទោសលោក សម រង្ស៊ី]ជាវប្បធម៌មួយថែរក្សាបុណ្យសក្តិរបស់ខ្លួន ឬក៏យកចិត្តអ្នកកាន់អំនាចក្នុងបក្ស មានអំណាចក្នុងការឲ្យដំណែងនេះឯង ហើយខ្ញុំគិតថានេះមិនមែន ជារឿងថ្មី ហើយទី២ ក៏គ្មានឥទ្ធិពលអ្វីដែរ គឺថារបៀបនេះគឺជា របៀបចាស់ ដូចក្នុងសម័យកុម្មុយនីស្ត ទេដែលគេប្រើ»។
​ប្រធាន​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ជា​ស្ថាប័ន​រដ្ឋ​មួយ ដែល​ថ្កោលទោស មេ​បក្ស​ប្រឆាំង​ដែរនោះ លោក សំ ប្រជាមានិត មានប្រសាសន៍ថា មូលហេតុ​ដែល​ចេញ​សេចក្តីថ្លែងការណ៍​នេះ ដោយសារ​ស្ថាប័ន​មួយ​នេះ ជា​ស្ថាប័ន​រដ្ឋ ដូចនេះ ក្រសួង​ត្រូវ​គាំទ្រ​ថ្នាក់ដឹកនាំ​របស់​ខ្លួន «បើយើងនិយាយថា ក្រសួងគាំទ្ររដ្ឋាភិបាលវាត្រឹមត្រូវហើយ ក្រសួងទាំងអស់ស្ថិតនៅក្រោមរាជរដ្ឋាភិបាល ដូច្នេះត្រូវតែគាំទ្រដាច់ខាតជាមួយរដ្ឋាភិបាល។ រាជរដ្ឋាភិបាល គាត់ធ្វើអី យើងត្រូវគាំទ្រ ព្រោះនេះជាការត្រឹមត្រូវមួយហើយ របស់ក្រសួងស្ថាប័នរដ្ឋ»។
ដោយឡែក ក្រសួង​អប់រំ និង​ក្រសួង​ការបរទេស​ជាដើម ដែលជា​ក្រសួង​របស់​រដ្ឋាភិបាល​ដែរ មិនទាន់​បាន​ឃើញ​ចេញ​សេក្តីថ្លែងការណ៍​គាំទ្រ លោក ហ៊ុន សែន នោះទេ ហើយ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ទាំងនោះ​មាន​នៅឡើយ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​
​វប្បធម៌​ហៃអើ​នេះ ត្រូវបាន​មន្ត្រី​ក្រោម​អំណាច​របស់​លោកនាយ​ក​រដ្ឋមន្ត្រី អនុវត្ត​ព្រមៗ​គ្នា ធ្វើបាតុកម្ម កាលពី​មុន​បោះឆ្នោតជាតិ ដើម្បី​ប្រឆាំង​លោក កឹម សុខា ដោយ​ចោទ​ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​គុក​ទួលស្លែង​៕

អត្ថបទទាក់ទង




No comments:

Post a Comment