Paris Peace Accords 23 Oct. 1991

Tuesday, April 22, 2014

ពលរដ្ឋ​​ខ្មែរ​ សម្រុក​ឆ្លង​ដែន ​ទៅ​ ថៃ​ ក្រោយ​ចូល​ឆ្នាំ

ព្រំដែនប៉ោយប៉ែត៣០៥
ថ្ងៃទី២៩ កញ្ញា ២០១០៖ ទិដ្ឋភាព​នៅ​លើ​ស្ពាន់​មិត្តភាព​កម្ពុជា-ថៃ ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ

ពលរដ្ឋ​​ខ្មែរ​ សម្រុក​ឆ្លង​ដែន ​ទៅ​ ថៃ​ ក្រោយ​ចូល​ឆ្នាំ

ដោយ សួន សុផលមុន្នី / អាស៊ីសេរី |​ ២១ មេសា ២០១៤

ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ច្រើន​នាក់ កំពុង​សម្រុក ​ឆ្លង​ដែន ​ទៅ​រក​ការងារ​ធ្វើ ​នៅ​ក្នុង​ទឹកដី​ថៃ។ លំហូរ​នេះ​ មាន​កំណើន​ច្រើន​ឡើង ​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤។
ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​ខ្មែរ​​នេះ​ ​ភាគ​ច្រើន​គឺ​ពួកគេ​ទៅ​តាម​រយៈ​​មេខ្យល់​ដែល​ជា​អ្នក​​នាំ​ឆ្លង​កាត់​តាម​ច្រក​របៀង​នានា នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ប្រទេស​ថៃ។
នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​បញ្ចប់​ទៅ​គេ​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​ក្រុង​នានា ដើម្បី​ទៅ​ប្រកប​ការងារ​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត។
អ្នក​ចំណាកស្រុក​ទាំង​នោះ​ ភាគ​ច្រើន​ត្រូវ​បាន​មេខ្យល់​នាំ​ផ្លូវ​ពី​ទឹកដី​ខ្មែរ​ ឆ្លង​កាត់​តាម​ច្រក​របៀង​នានា​ចូល​ទៅ​ទឹកដី​ថៃ។
ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ​ ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មេសា ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជន​ចំណាក​ស្រុក​ទាំង​នោះ​ បាន​ចំណាយ​លុយ​ចំនួន ១.២០០​បាត​ស្មើ​ជាង ១៤​ម៉ឺន​ប្រាក់​រៀល​ ទៅ​មេខ្យល់ ដើម្បី​រត់​ការ​ផ្លូវ​ ឆ្លង​កាត់​ច្រក​របៀង​ជា​ច្រើន​កន្លែង​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។
ពលរដ្ឋ​ខ្មែរ​នៅ​ជាយ​ដែន៖ «នៅ​តាម​ក្រវាត់​ព្រំដែន​ខេត្ត​បាត់ដំបង​ ឃើញ​ចំណាកស្រុក​ចេញ​ទៅ​ប្រទេស​ថៃ ជា​ហូរហែ​តាម​ច្រក​របៀង​ ដូច​ជា​ច្រក​អង់ទែន ច្រក ៩៩ ដល់​ច្រក​ភ្នំ​ដី ពលករ​សម្រុក​ចេញ​ហ្នឹង​យើង​ឃើញ​ជា​ហូរហែ។ និយាយ​រួម​ឲ្យ​តែ​មាន​ច្រក​របៀង​ ចេញ​មិន​ចេះ​ចប់​តែ​ម្ដង​ ការ​ដែល​សម្រុក​ចេញ គឺ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​តាម​ក្រវាត់​ព្រំដែន​មួយ​ចំនួន»
ប្រភព​ពី​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​ ប៉ាក់ ស្រីមុំ ថ្លែង​ថា ដោយសារ​ជីវភាព​ក្រីក្រ​លំបាក​ និង​ការងារ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​ជាង​ប្រទេស​ថៃ​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​បង្ខំ​ឲ្យ​ពួកគាត់​ធ្វើ​ចំណាកស្រុក។ ក្រៅ​ពី​ការ​ពឹង​ពាក់​មេខ្យល់​នាំ​ផ្លូវ​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​លួចលាក់​ក៏​មាន៖ «ដូច​ថា គេ​ស្គាល់​មេខ្យល់ អ៊ីចឹង​គេ​ឲ្យ ១.២០០ ថៃ​គេ​ទៅ​យក​ គេ​បាន​ម្នាក់ ១.២០០​បាត ខ្មែរ​យើង ថៃ ១.២០០ ហើយ​គេ​ជូន​យើង​ដូច​ថា ទាហាន​គេ​មិន​ត្រួត​ពិនិត្យ។ អ៊ីចឹង​ខ្លះ​ដូច​ថា អត់​ស្គាល់​មេខ្យល់ អ៊ីចឹង​គេ​ដើរ​តាម​ព្រៃ ទាហាន​ថៃ គេ​ចាប់​ចាប់ ៣០​នាក់ ទៅ ២០​នាក់​ថ្មីៗ ទាហាន​ថៃ​ គេ​ចាប់​ហើយ​មិន​ដឹង​គេ​លែង​ទៅ​វិញ​នៅ»
កំណើន​នៃ​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​កម្ពុជា​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ចំនួន​ច្រើន​នៅ​ក្រោយ​ការ​បញ្ចប់​ពិធី​បុណ្យ​ជាតិ​ធំៗ ​របស់​កម្ពុជា​ ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ជា​ដើម។ ប្រភព​ពី​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ប្រកប​ការងារ​នៅ​ស្រុក​បូរិន ថ្លែង​ថា ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​នេះ​ បាន​ធ្វើ​ពួកគាត់​ប្រឈម​ទៅ​ភាព​ប្រថុយប្រថាន​យ៉ាង​ច្រើន។ អ្នក​ខ្លះ​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​ និង​កងទាហាន​ថៃ ការពារ​ព្រំដែន​ចាប់​ធ្វើ​បាប​ជាដើម។
លោក បូរិន ​បន្ត​ថា សមត្ថកិច្ច​ខ្មែរ​ត្រូវ​បាន​គេ​ស្ដី​បន្ទោស​ ដោយសារ​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ៖«ពលករ​វា​មាន​ច្បាប់​ទម្លាប់​ឡាន​ដឹក​ ក្នុង​ស្រុក​សំពៅលូន ពេញ​តែ​ផ្លូវ​ចាប់​ពី​ម៉ោង ៥​ជិត​ភ្លឺ រហូត​មក​ម៉ោង ៥​ល្ងាច ច្រក​របៀង​ច្រើន​ណាស់​ក្នុង​ស្រុក​សំពៅលូន គ្រាន់​តែ​យក​ច្រក​តូច ទល់​ព្រំប្រទល់​ស្រុក​ម៉ាឡៃ ប្រហែល ១០​ច្រក​ហើយ ហើយ​ក្នុង​ចំណោម ១០​ច្រក​ហ្នឹង ចម្រុះ​ទាំង​អស់ ប៉ុន្តែ​អត់​មាន​សមត្ថកិច្ច​ហាម​ឃាត់»
ការ​ធ្វើ​ចំណាកស្រុក​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ​ របស់​ពលរដ្ឋ​ខ្មែរ​នេះ​ ត្រូវ​បាន​គេ​ធ្វើ​បាប​ ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ បណ្ដាល​ឲ្យ​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់។ ដោយ​មើល​ពី​បញ្ហា​នេះ​ ក្នុង​រយៈពេល​កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ បញ្ឈប់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ។
ទន្ទឹមគ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​ ត្រូវ​មាន​វិធានការ​ហាម​ឃាត់​ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​នោះ​ឡើយ​ ប៉ុន្តែ​វិធានការ​នេះ​ គេ​សង្កេត​ឃើញ​ថា ប្រៀប​បាន​ទៅ​នឹង​វែក​ចក​នៅ​ក្នុង​ទឹក។ ជាក់​ស្ដែង​ ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ​ បញ្ជាក់​ថា នៅ​ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​បាន​បញ្ចប់​ទៅ​ ចំនួន​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ បាន​ធ្វើ​ចំណាក​ស្រុក​ឆ្លងដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ជា​ដដែល៕



No comments:

Post a Comment