សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (រូបថត៖ សុទ្ធ គឹមសឿន)
និស្សិត ទន្តសាស្ត្រ រិះគន់ ប្រព័ន្ធអប់រំ នៅសាលាពេទ្យ ទទួលលុយ រាប់ម៉ឺនដុល្លារ រឿងធ្វើនិក្ខេបបទ
តាំង វីដា / វីអូឌី | ២១ ខែមេសា ២០១៤
និស្សិត ភាគច្រើន ដែលកំពុងសិក្សា ឆ្នាំចុងក្រោយ នៅសកល វិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល រិះគន់ ថ្នាក់ដឹកនាំ សាលា ចំពោះរឿង ដែលនិស្សិត ត្រូវ ផ្តល់លុយ សម្រាប់ ការធ្វើនិក្ខេបបទ បញ្ចប់ឆ្នាំ ដែលក្នុងមួយនាក់ យ៉ាងតិច ១ពាន់ដុល្លារ ជាថ្នូរ នឹងការធ្វើនិក្ខេបបទ។
និស្សិតបញ្ជាក់ ថា, ការ ដែលពួកគេ ផ្តល់លុយនេះ មិនមែន ជាការ តម្រូវ ពីសាលា នោះទេ, តែ ពួកគេ ជឿជាក់ ថា ប្រសិនបើ មិនមាន ការផ្តល់លុយ ឲ្យគ្រូបង្រៀន ឬថ្នាក់ដឹកនាំ សាលា ជាថ្នូរ នឹងការធ្វើ និក្ខេបបទ ឲ្យពួកគេ នឹងមិនមាន ឱកាសជាប់ ដើម្បី ឈានទៅប្រឡង ថ្នាក់ជាតិ និងទទួល សញ្ញាបត្រ ឡើយ។
លោកបញ្ជាក់ថា «ការដែលនិស្សិតផ្តល់លុយនេះ មិនមែន ដោយសារនិស្សិតមិនមានសមត្ថភាពទេ។ ទោះជានិស្សិតពូកែៗក្តី ក៏ពួកគេនៅតែបង់លុយ សម្រាប់ជំនួសការធ្វើនិក្ខេបបទនេះ ដោយសារពួកគេខ្លាចរងការវាយតម្លៃ មិនឲ្យខ្លួនជាប់»។
និស្សិតរូបនោះ អះអាងបន្ថែមថា ការផ្តល់លុយនេះ គឺទៅកាន់គ្រូទទួលបន្ទុកដឹកនាំធ្វើនិក្ខេបបទផ្ទាល់ តែលោកថា នេះប្រាកដជាជាប់ទាក់ទងនឹងថ្នាក់ដឹកនាំសាលា ដោយសារការវាយតម្លៃនិក្ខេបបទ នឹងត្រូវត្រួតពិនិត្យដោយសាលា ហើយមានការផ្តល់ប្រាក់ទៅគណៈកម្មការក្នុងការវាយតម្លៃ។ លោក រិះគន់ប្រព័ន្ធធ្វើនិក្ខេបបទនេះ អាចប៉ះពាល់ដល់គុណភាពសិក្សា និងសមត្ថភាពរបស់និស្សិត។
និស្សិតស្រីផ្នែកទន្តសាស្ត្រម្នាក់ទៀត និយាយដោយមិនបញ្ចេញឈ្មោះថា បើសិស្សឆ្នាំទី៧ មិនមាននិក្ខេបបទ ឬនិក្ខេបបទមិនជាប់ទេនោះ និស្សិត មិនអាចចូលរួមប្រឡងថ្នាក់ជាតិទេ។ មុនប្រឡងថ្នាក់ជាតិ សាលាពេទ្យ តម្រូវឲ្យនិស្សិត មាននិក្ខេបបទ ការប្រឡងចេញនៅសាលាផ្ទាល់ និងការអនុវត្តជាមួយការធ្វើធ្មេញនៅសាលា។ កញ្ញា សង្កេតឃើញនិស្សិតបីជំនាន់ហើយ ដែលបានឲ្យលុយជាថ្នូរនឹងការធ្វើនិក្ខេបបទ។ និស្សិតម្នាក់នេះ បានរិះគន់គ្រូ មិនមានសមត្ថភាពក្នុងការបង្រៀននិស្សិតឲ្យធ្វើនិក្ខេបបទ ដើម្បីបញ្ចប់ការសិក្សាឡើយ។
VOD បានទាក់ទង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក សាផុន វឌ្ឍនៈ ជាច្រើនលើក តែលោក មិនលើកទូរស័ព្ទ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ដែលករណីនេះ ក្រសួងអប់រំ មិនមានដែនសមត្ថកិច្ចឡើយ។
VOD មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដើម្បីអត្ថាធិប្បាយលើបញ្ហានេះនៅនៅឡើយទេ។
មន្ត្រីសម្របសម្រួលបណ្តាញរួបរួមដើម្បីសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ ចាត់ទុកករណីនេះថា ជាអំពើពុករលួយដោយប្រយោលនៃប្រព័ន្ធអប់រំនៅកម្ពុជា ដែលកំពុងកើតមានឡើងក្នុងគ្រឹះស្ថានអប់រំមួយចំនួន។ លោក ស្នើឲ្យក្រសួងអប់រំ ស៊ើបអង្កេត និងចាត់វិធានការលើករណីនេះ និងជំរុញឲ្យនិស្សិតដែលជួបប្រទះផ្ទាល់ ដាក់បណ្តឹងទៅអង្គភាពស្ថាប័នសាមី ដោយកុំមានការភ័យខា្លច។
កន្លងទៅ និស្សិតពេទ្យនៅសាលកវិទ្យាល័យសុខាភិបាល បានប្រមូលផ្តុំតវ៉ា ទាមទារលុបចោលការប្រឡងថ្នាក់ជាតិ ដោយអះអាងថា មិនមានសមភាពជាមួយសាលាពេទ្យឯកជន។ សំណើនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាកលវិទ្យាធិការសកលវិទ្យាល័យសុខាភិបាល បញ្ជូនទៅសុំអនុសាសន៍ពីទីស្តីការគណៈរដ្ឋមន្ត្រី។ ជាលទ្ធផលនៅចុងសប្តាហ៍មុន ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសឲ្យនិស្សិតសាលាពេទ្យ ដែលកំពុងតវ៉ាសុំកុំឲ្យមានការប្រឡងថ្នាក់ជាតិ ទទួលយកអ្វីដែលក្រសួងសុខាភិបាល តម្រូវឲ្យមានការប្រឡងថ្នាក់ជាតិ៕
No comments:
Post a Comment