លោកស្រី មួរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ
Siv Channa/RFI
លោកស្រី មួរ សុខហួរ ព្យាយាម ចូលទៅ ទីលានប្រជាធិបតេយ្យ តែត្រូវ អាជ្ញាធរ ហាមឃាត់
ខណៈ ដែលតំណាងរាស្ត្រ គណបក្ស ប្រជាជនកម្ពុជា កំពុងប្រជុំសភា តំណាងរាស្ត្រ បក្សប្រឆាំងម្នាក់ គឺ លោកស្រី មួរ សុខហួរ បានព្យាយាមចូលទៅកាន់ ទីលានប្រជាធិបេតយ្យ នៅព្រឹកថ្ងៃពុធ ទី ០២ មេសានេះ។ គោលបំណង គឺ ដើម្បីបង្ហាញពី សេរីភាព នៃទីលានមួយនេះ ក៏ប៉ុន្តែ កងសន្តិសុខ រាជធានីភ្នំពេញ បានហាមឃាត់ មិនឲ្យ លោកស្រី ចូលទៅកាន់ទីនោះទេ។ តំណាងរាស្ត្រ បក្សប្រឆាំង រូបនេះ អះអាង ថា នឹងចូលទៅកាន់ ទីលាន នោះ ជារៀងរាល់ថ្ងៃ។
ដើម្បីបង្ហាញពីសេរីភាពនៃមតិដែលអាជ្ញាធរបំបិទសិទ្ធិនោះ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធ ទី ០២ មេសានេះ បានព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលបាត់ដំបងរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានកងសន្តិសុខជាច្រើនហ៊ុមព័ន្ធ និងរារាំងមិនឲ្យចូលទៅកាន់ទីលានសម្តែងមតិនេះឡើយ។
ទោះជាមានការរារាំងក៏ដោយ ក៏លោកស្រីមួរ សុខហួរ បានបញ្ជាក់ថា លោកស្រីនឹងព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យនេះតែម្នាក់ឯងជារៀងរាល់ថ្ងៃប្រសិនបើលោកស្រីស្ថិតនៅក្នុងរាជធានីភ្នំពេញ។ លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋហ៊ានចូលទៅកាន់ទីលានប្រជាធិបតេយ្យផងដែរពីព្រោះទីលាននោះជារបស់ប្រជាពលរដ្ឋគ្រប់រូប។
មន្ត្រីបក្សប្រឆាំងរូបនេះបានសម្តែងការងឿងឆ្ងល់ថា អាជ្ញាធរបានដាក់បម្រាមមិនឲ្យមានការជួបជុំលើសពី៩នាក់ ក៏ប៉ុន្តែ ហេតុអ្វីបានជាសមត្ថកិច្ចរារាំងខណៈដែលលោកស្រីចូលទៅទីនោះតែម្នាក់ឯង។ លោកស្រី មួរ សុខហួរ ក៏បានស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆ្លើយបំភ្លឺចំពោះមុខសភា និង ប្រជាពលរដ្ឋថា កងប្រដាប់អាវុធមានតួនាទីបែបណា ហើយកងសន្តិសុខទាំងនោះមកពីណា។ តំណាងរាស្ត្រជាប់ឆ្នោតស្ត្រីគណពក្សសង្គ្រោះជាតិដដែលក៏ បានចោទប្រកាន់កងប្រដាប់អាវុធ និង កងសន្តិសុខទាំងនោះថា អសីលធម៌ និង ចូលចិត្តប្រើអំពើហិង្សា។
សូមបញ្ជាក់ថា បន្ទាប់ពីផ្ទុះអំពើហិង្សារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមបាតុករកម្មករនៅផ្លូវវេងស្រេងកាលពីដើមខែមករាដែលបណ្តាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ខ្លួនជាច្រើននាក់រួចមក អាជ្ញាធរបានហាមឃាត់មិនឲ្យការជួបជុំ ហើយបានដាក់ទីលានប្រជាធិបតេយ្យស្ថិតក្នុងការស៊ើបអង្កេតមិនឲ្យមានរៀបចំពិធីជួបជុំសម្តែងមតិទៀតឡើយ៕
No comments:
Post a Comment