Paris Peace Accords 23 Oct. 1991

Wednesday, April 2, 2014

ហេតុ​អ្វី​ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ មិន​ចូល​និវត្តន៍​ តាម​ច្បាប់​កំណត់?

តុលាការ​កំពូល ៣០៥

ហេតុ​អ្វី​ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ មិន​ចូល​និវត្តន៍​ តាម​ច្បាប់​កំណត់?

ដោយ ជី វិតា / អាស៊ីសេរី | ០២ មេសា ២០១៤

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូល​និវត្តន៍។ ប៉ុន្តែ បច្ចុប្បន្ន​មាន​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន ដែល​មាន​អាយុ​ហួស​ច្បាប់​កំណត់​ទៅ​ហើយ​នោះ មិន​ត្រឹម​តែ​មិន​ចូល​និវត្តន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​នឹង​ត្រូវ​ឡើង​បុណ្យស័ក្តិ​ទៀត​ផង ប្រសិន​បើ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ដែល​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ឡាយ​ព្រះហស្តលេខា​លើ​បញ្ជី​ឈ្មោះ​ដំឡើង​ឋានៈ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នោះ​នៅ​ដើម​សប្ដាហ៍​ក្រោយ។
តើ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ ទាំង​នោះ​ ជា​នរណា?
ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​មាន​អាយុ​កាន់​តែ​ចាស់​ជរា ត្រូវ​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់ ប៉ុន្តែ​នៅ​ប្រឹង​បន្ត​ការងារ​ទៀត​នោះ រួម​មាន លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ និង​លោក ជុំ សំបាន ព្រះរាជ​អាជ្ញា​ខេត្ត​កំពត។
យោង​តាម​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០០៥ បាន​ត្រាស់​បង្គាប់​អោយ​ចៅក្រម​ត្រូវ​ចូល​និវត្តន៍​នៅ​ពេល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ទាំង លោក ឌិត មន្ទី ដែល​មាន​អាយុ ៦៥​ឆ្នាំ លោក ឃឹម ប៉ុណ្ណ ដែល​មាន​អាយុ ៧៤​ឆ្នាំ លោក ជីវ កេង ដែល​មាន​អាយុ ៦៣​ឆ្នាំ និង​លោក ជុំ សំបាន ដែល​មាន​អាយុ ៦២​ឆ្នាំ នៅ​តែ​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​បារម្ភ។ ដោយ​គ្មាន​ការ​បារម្ភ ប្រហែល​ជា​ដោយសារ​តែ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នេះ សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទំនង​ជា​អ្នក​គាំទ្រ​ពី​ក្រោយ។
យោង​តាម​ប្រភព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ក្រៅ​តែ​ពី​មិន​ត្រូវ​បាន​បង្ខំ​អោយ​ចូល​និវត្តន៍​តាម​ការ​កំណត់​នៃ​ច្បាប់ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​នេះ នឹង​ត្រូវ​បាន​ឡើង​ឋានៈ​ថែម​ទៀត។
ប្រភព​ដដែល​អោយ​ដឹង​ថា នឹង​មាន​ការ​កោះ​ប្រជុំ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ស្ដីពី​ការ​ផ្លាស់​ប្ដូរ និង​ដំឡើង​បុណ្យស័ក្តិ​ដល់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។
នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​នូវ​បញ្ជី​ឈ្មោះ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ជាច្រើន​នាក់ ដើម្បី​អោយ​ព្រះអង្គ​ពិនិត្យ និង​សម្រេច​ផ្លាស់​ប្ដូរ​តួនាទី។ ក្នុង​បញ្ជី​ឈ្មោះ​នោះ លោក ជីវ កេង បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ឡើង​ឋានៈ​ជា​អនុប្រធាន​តុលាការ​កំពូល។ លោក និល ណុន បច្ចុប្បន្ន​ជា​ប្រធាន​សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម នឹង​មាន​មុខ​តំណែង​ថ្មី​មួយ​ទៀត គឺ​អនុប្រធាន​តុលាការ​កំពូល​ដែរ។ ហើយ លោក ជុំ សំបាន បច្ចុប្បន្ន​ជា​ព្រះរាជ​អាជ្ញា​ខេត្ត​កំពត នឹង​ឡើង​ឋានៈ​ជា​ព្រះរាជ​អាជ្ញា​នៅ​តុលាការ​កំពូល។
យោង​តាម​គោលការណ៍ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​លើស​អាយុ​តាម​ច្បាប់​កំណត់ ហើយ​ចង់​បន្ត​ការងារ​ទៀត​នោះ ត្រូវ​មាន​ព្រះរាជក្រឹត្យ​អនុញ្ញាត​អោយ​បន្ត​ការងារ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំងអស់​នេះ បាន​បន្ត​បំពេញ​ការងារ​ដោយ​គ្មាន​ព្រះរាជក្រឹត្យ​អនុញ្ញាត​ពី​ព្រះមហាក្សត្រ។ អ្វី​ដែល​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ថា ប្រសិន​បើ​បញ្ជី​ឈ្មោះ​ដំឡើង​ឋានៈ​ដែល​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម នឹង​ថ្វាយ​ជូន​ព្រះមហាក្សត្រ​អោយ​ឡាយ​ព្រះហស្តលេខា​នោះ​បាន​សម្រេច វា​ជា​ការ​បំពាន​ច្បាប់​ទ្វេដង ពីព្រោះ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​បំពាន​ច្បាប់​ចូល​និវត្តន៍ មិន​ត្រូវ​បាន​ដាក់​អោយ​ចូល​និវត្តន៍ ប៉ុន្តែ​បែរ​ជា​ត្រូវ​ឡើង​បុណ្យស័ក្តិ​ថែម​ទៀត។
និយាយ​អំពី​មូលហេតុ​ដែល​មន្ត្រី​រាជការ​មិន​ចង់​ចូល​និវត្តន៍​វិញ នៅ​កម្ពុជា ទំនង​ជា​គ្មាន​នរណា​ចង់​ចូល​និវត្តន៍​ទេ ពីព្រោះ​ប្រាក់​ខែ​សម្រាប់​អ្នក​ចូល​និវត្តន៍​បាន​តិច​ជាង​ប្រាក់​ខែ​ដែល​កំពុង​បំពេញ​ការងារ។ ប្រាក់​ខែ​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នៅ​កម្ពុជា ក្នុង​ពេល​បំពេញ​ការងារ​មាន​ចំនួន​ជាង ២​លាន​រៀល ស្មើ​នឹង​ជាង ៥០០​ដុល្លារ​អាមេរិក។ ក្រោយ​ចូល​និវត្តន៍ ពួក​គេ​បាន​ត្រឹម​ពី ២០ ទៅ ៣០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។
ទោះ​ជា​យ៉ាង​ណា អ្នក​ច្បាប់​អោយ​ដឹង​ថា ច្បាប់ គឺ​ច្បាប់​ដែល​មនុស្ស​រាល់​រូប​ត្រូវ​តែ​គោរព ជាពិសេស​ដែល​មាន​តួនាទី​អនុវត្តន៍​ច្បាប់​ខ្លួន​ឯង​នេះ​តែ​ម្តង។ ម៉្យាង​ទៀត ការ​ចូល​និវត្តន៍​នៅ​ពេល​ដល់​អាយុ​កំណត់​ដោយ​ច្បាប់ គឺ​ជា​ការ​ទុក​ឱកាស​អោយ​អ្នក​ថ្មី ឬ​អ្នក​ទើប​ចេញ​ពី​សាលា អាច​ចូល​បម្រើ​ការងារ ដើម្បី​ដក​ពិសោធន៍ និង​នាំ​មក​នូវ​គំនិត​ថ្មី ដែល​អាច​នឹង​ធ្វើ​អោយ​គុណភាព​ការងារ​មាន​ភាព​ជឿនលឿន។
ទោះ​ជា​យ៉ាង​ណា មនុស្ស​ចាស់​ព្រឹទ្ធាចារ្យ​មាន​បទ​ពិសោធន៍​ច្រើន ដែល​អាច​ចែក​រំលែក​ដល់​មនុស្ស​ជំនាន់​ក្រោយ។
លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ចាស់​ព្រឹទ្ធាចារ្យ​ដែល​មាន​បទ​ពិសោធន៍​ការងារ​ពេញ​ខ្លួន អាច​ធ្វើ​ជា​អ្នក​ពិគ្រោះ ឬ​អ្នក​ផ្តល់​យោបល់ ប៉ុន្តែ​មិន​គួរ​នៅ​កាន់​ការ​ជា​ថ្នាក់​ដឹក​នាំ​ទេ៖ «ដូច​នៅ​ប្រទេស​ថៃ បើ​សិន​ជា​ដល់​ចូល​និវត្តន៍​ហើយ ចៅក្រម​ខ្លួន​ឯង​គាត់​ចង់​បន្ត ហើយ​សុខភាព​គាត់​អាច​នៅ​បម្រើ​ការងារ​បាន គេ​អនុញ្ញាត​ឲ្យ​បន្ត​ទៀត​បាន ប៉ុន្តែ​គេ​ត្រូវ​មើល​ប៉ុន្មាន​ឆ្នាំ​ម្ដង ពិនិត្យ​សុខភាព។ ប៉ុន្តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​សិន​ជា​គាត់​បន្ត គាត់​មិន​អាច​កាន់​តួនាទី​ជា​អ្នក​ដឹក​នាំ​ទេ គាត់​អត់​អាច​ជា​ប្រធាន​តុលាការ អត់​អាច​ជា​ប្រធាន​តុលាការ​កំពូល អត់​អាច​ជា​ប្រធាន​សាលា​ឧទ្ធរណ៍​អី​អត់​ទេ គឺ​បាន​តែ​ចូល​រួម​កាត់​ក្ដី។ ហេតុ​អី? ដោយសារ​គេ​គិត​ថា គាត់​ជា​ចៅក្រម​ល្អ ហើយ​កាល​ណា​គាត់​អាយុ​កាន់​តែ​ច្រើន គាត់​គិត​ធម៌​អារ្យ គាត់​គិត​រឿង​យុត្តិធម៌​ច្រើន​ជាង​យើង​នៅ​ក្មេងៗ ព្រោះ​យើង​ក្មេងៗ ពេល​ខ្លះ​អត់​សូវ​គិត​រឿង​ធម៌​អារ្យ​ឡូកឡំ អ៊ីចឹង​ការ​កាត់​ក្ដី ជួន​កាល​លម្អៀង​ដែរ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​គេ​មើល​ពី​សុខភាព​ដែរ»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា ផល​ប៉ះពាល់​ដល់​ភាព​បរិសុទ្ធ​យុត្តិធម៌​នៃ​រឿង​ក្តី អាច​នឹង​កើត​មាន​ឡើង​នៅ​ពេល​សាលា​ក្តី​មួយ​មាន​ប្រធាន​តុលាការ ឬ​ចៅក្រម​ព្រះរាជ​អាជ្ញា​ជាន់​ខ្ពស់​ចាស់​ជរា និង​ភ្លេចភ្លាំង​ស្មារតី នៅ​តែ​បន្ត​ដឹក​នាំ​សវនាការ។ លោក​ថា ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​ធ្វើ​ការ​ថ្លឹងថ្លែង​អំពី​រឿង​នេះ៖ «សំខាន់​ឧត្ដម​ក្រុម​ប្រឹក្សា​ចៅក្រម​ត្រូវ​សម្រេច​ចិត្ត​ដោយ​ច្បាស់​លាស់ ហើយ​សាមី​ខ្លួន ខ្លួន​ឯង​ត្រូវ​តែ​មាន​សីលធម៌​ដោយ​ខ្លួន​ឯង​ដែរ។ បើ​យើង​ដឹង​ថា​សុខភាព​យើង​មិន​បាន​ហើយ ភ្លេចភ្លាំង​ច្រើន​ហើយ យើង​នៅ​ក្រាញ​ធ្វើ​អី​ទៀត»
ទាក់ទង​នឹង​ស្មារតី​ចុះ​ខ្សោយ​ដោយសារ​តែ​មាន​វ័យ​កាន់​តែ​ជរា​នេះ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ដែល​បច្ចុប្បន្ន​មាន​អាយុ ៧៤​ឆ្នាំ និង​លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល ដែល​មាន​អាយុ ៦៥​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​ភាំងៗ និង​ភ្លេច​មុខ​ភ្លេច​ក្រោយ នៅ​ពេល​កំពុង​បើក​សវនាការ និង​ក្នុង​ពេល​បំពេញ​ការងារ​ផ្សេងៗ។
ទោះ​ជា​យ៉ាង​ណា កត្តា​ដែល​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​ដែល​ហួស​អាយុ​ចូល​និវត្តន៍ ហើយ​នៅ​តែ​អាច​បន្ត​ការងារ​ទៀត​នោះ ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ដោយសារ​តែ​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់​អំណាច​ផង។ មន្ត្រី​តុលាការ​ដែល​ត្រូវ​ចូល​និវត្តន៍​ទាំង​នោះ សុទ្ធតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។ ឧទាហរណ៍ លោក ឌិត មុន្ទី បច្ចុប្បន្ន​ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំ​ការ​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ក្រៅ​តែ​ពី​មាន​សម្ព័ន្ធភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ លោក និង​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។
លោក​មេធាវី សុក សំអឿន បន្ត​ថា ការ​ទុក​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ដែល​ហួស​អាយុ​ចូល​និវត្តន៍ បន្ត​ការងារ​ដើម្បី​សម្រេច​គោលដៅ​ផ្សេង ជា​ជាង​ដើម្បី​យុត្តិធម៌​សង្គម គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «គុណ​វិបត្តិ​ត្រង់​ថា បើ​សិន​ជា​យើង​ចេះ​តែ​ទុក​មនុស្ស​គ្រាន់​តែ...។ មួយ​ទុក​ក្នុង​គោល​បំណង​ដើម្បី​បម្រើ​វិស័យ​យុត្តិធម៌ មួយ​ទុក​ដើម្បី​គោល​បំណង​ផ្សេង ដើម្បី​គាំទ្រ​សែ​នេះ​សែ​នោះ​អ៊ីចឹង អា​ហ្នឹង​វា​ទៅ​ជា​គុណ​វិបត្តិ​ហើយ»
ដូច្នេះ បើ​គេ​និយាយ​អំពី​ផល​ប្រយោជន៍​វិញ ទាំង​មន្ត្រី​តុលាការ​ដែល​ត្រូវ​ចូល​និវត្តន៍ និង​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​បាន​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ថា គ្រាន់​តែ​បន្ត​ភក្តី​ភាព​ចំពោះ​បក្ស និង​បម្រើ​ផល​ប្រយោជន៍​ជូន​បក្ស​ជា​ការ​ស្រេច សម្រាប់​ជា​ថ្នូរ​បាន​បន្ត​ការងារ​ដែល​មាន​ប្រាក់​ខែ​អាច​រស់​បាន​គ្រាន់​បើ​ជាង​ប្រាក់​ខែ​ចូល​និវត្តន៍។ ហើយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា វិញ ការ​ដែល​មាន​ចៅក្រម ព្រះរាជ​អាជ្ញា និង​ប្រធាន​តុលាការ​ដែល​ស្មោះស្ម័គ្រ​ចំពោះ​បក្ស​នោះ វា​ស្មើ​នឹង​មាន​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត បើ​ទោះ​ជា​ខុស​ច្បាប់​ក៏ដោយ​ចុះ។
សម្រាប់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន​មាន លោក ជីវ កេង ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​ចាប់​បង្ខំ​អោយ​ចូល​និវត្តន៍​តាម​ច្បាប់​ជា​ធរមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​នឹង​ត្រូវ​ឡើង​បុណ្យស័ក្តិ​ជា​អនុប្រធាន​តុលាការ​កំពូល​ថែម​ទៀត ប្រសិន​បើ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​លើ​កញ្ជាប់​បញ្ជី​ឈ្មោះ​ដែល​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម បាន​រៀប​ចំ​ជា​ស្រេច​សម្រាប់​ដាក់​ថ្វាយ​ព្រះអង្គ​អោយ​ពិនិត្យ និង​សម្រេច នៅ​ថ្ងៃ​ទី​៨ មេសា ខាង​មុខ​នេះ៕



No comments:

Post a Comment