ពិធីចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក អាឡាំង ហ្វកតាំង ភារធារីស្ថានទូតបារាំងប្រចាំកម្ពុជា។ (រូបភាពដោយស្ថានទូតបារាំង)
កម្ពុជា និងទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង ព្រមព្រៀង ផ្តល់កម្ចីសម្បទាន ១៥លានដុល្លារ លើគម្រោង ទឹកស្អាត និងអគ្គិភ័យ
ស៊ុន ណារិន / វីអូឌី | ២៨ មេសា ២០១៤
ប្រទេសបារាំង និងកម្ពុជា នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់កម្ចីសម្បទានចំនួន១៥លានដុល្លារ គាំទ្រគំរោងផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីនៅតំបន់ជនបទតាមរយ:ការផ្តល់ហិរញ្ញប្បទានដល់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក អាឡាំង ហ្វកតាំង ភារធារីស្ថានទូតបារាំងប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀតថា ជាមួយជំនួយថ្មីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង នឹងបន្តសកម្មភាពរបស់ខ្លួន ដើម្បីលើកស្ទួយលទ្ធភាពក្នុងការទទួលបានទឹកស្អាត និងអគ្គិសនីនៅតាមទីជនបទ ក៏ដូចជាជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រេចគោលដៅដែលខ្លួនបានកំណត់ក្នុងវិស័យនេះ។ ការពង្រីកបណ្តាញទឹក និងអគ្គិសនីនៅតាមជនបទ និងជាយក្រុង នឹងអនុញ្ញាតឲ្យប្រជាជនប្រមាណ ៥០០០០ គ្រួសារបន្ថែមទៀតទទួលបានទឹកស្អាត ប្រើប្រាស់ ហើយ៣៥០០០គ្រួសារ ទទួលបានអគ្គិសនី តាមរយ:អង្គភាពផ្គត់ផ្គង់ទឹក និងអគ្គិសនីជាង៥០៕
No comments:
Post a Comment