ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១៤។
RFA/Morm Moniroth
លោក អាត់ ធន់ អំពាវនាវ រកថវិកាជំនួយ ដើម្បីធានា រូបលោក ឲ្យនៅក្រៅឃុំ
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ២៨ មេសា ២០១៤
ប្រធាន សហភាពការងារកម្ពុជា និងជាប្រធាន សម្ព័ន្ធសហជីព ប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ លោក អាត់ ធន់ អំពាវនាវ ដល់ សមាជិក-សមាជិកា សហជីព ព្រមទាំងកម្មករ-និយោជិត និងប្រជាពលរដ្ឋ ទូទៅ ឱ្យជួយផ្ដល់ថវិកា សម្រាប់ លោក យកទៅតម្កល់ទុកនៅតុលាការ ដើម្បីធានា រូបលោក ឲ្យនៅក្រៅឃុំ។
លោក អាត់ ធន់ កាលពីខែមីនា ឆ្នាំ២០១៤ ត្រូវបានក្រុមហ៊ុន អែស.អិល (SL) ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទលោកពីបទញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សានៅក្នុងការតវ៉ាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ និងច្រើនអ្នកផ្សេងទៀតរងរបួសនិងចាប់ខ្លួន។ ចំពោះករណីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ បានចេញសេចក្តីសម្រេចបង្គាប់ឲ្យលោកដាក់ប្រាក់តម្កល់ចំនួន ២៥.០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារ) នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលមួយខែ។ លើសពីនេះ លោក អាត់ ធន់ ក៏ត្រូវបានបង្គាប់មិនឲ្យទៅជួបកម្មករ-និយោជិត និងបុគ្គលមួយចំនួននៅតាមទីសាធារណៈឡើយ។
ទាក់ទងនឹងការសម្រេចនេះដែរ សង្គមស៊ីវិលបានសម្តែងក្តីបារម្ភ និងចាត់ទុកថា វាជាការរឹតត្បិតលើសិទ្ធិសហជីពរបស់លោក អាត់ ធន់ និងបានជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការចំពោះករណីរបស់លោក អាត់ ធន់ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
សង្គមស៊ីវិលក៏បានអំពាវនាវឲ្យក្រសួងការងារ ធានាឱ្យមានការគោរពចំពោះកិច្ចព្រមព្រៀង ដែលធ្វើឡើងរវាងសម្ព័ន្ធស៊ីខាវឌូ និងក្រុមហ៊ុន អែស.អិល (SL) កាលពីពេលកន្លងមកនេះ៕
No comments:
Post a Comment