ពិធីបញ្ជូនអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងប្រទេសកម្ពុជា អំឡុងពេលសង្គ្រាមវៀតណាម ៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០១៤។
RFA/Mom Sophon
អាមេរិក និងកម្ពុជា ធ្វើពិធីមាតុភូមិនិវត្តន៍ អដ្ឋិធាតុ ទាហានអាមេរិក បាត់ខ្លួន ៣នាក់
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ០២ មេសា ២០១៤
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក និងមន្ត្រីគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួននៃប្រទេសកម្ពុជា បានធ្វើពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុ ដែលគេជឿថា អាចជាបំណែកឆ្អឹងរបស់ទាហានអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម។
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួនក្នុងប្រទេសកម្ពុជា អំឡុងពេលសង្គ្រាមវៀតណាម ចំនួន ៣នាក់ បានចាប់ផ្ដើមនៅម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃពុធ ទី២ ខែមេសា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានមន្ត្រីកម្ពុជា និងអាមេរិករាប់រយនាក់ចូលរួម។
លោក វីល្លៀម ថត មានប្រសាសន៍ថា អដ្ឋិធាតុទាំងនេះអាចជាឆ្អឹងរបស់ទាហានអាមេរិក ដែលបានស្លាប់ក្នុងកាតព្វកិច្ចបម្រើប្រទេសជាតិជាង ៤០ឆ្នាំមុន។ លោកបន្តថា ក្នុងនាមលោកជាកូនប្រុសអ្នកបើកឧទ្ធម្ភាគចក្រ ដែលធ្លាប់ចូលរួមក្នុងបេសកកម្មសង្គ្រាមវៀតណាម ចំនួន ២ដង រូបលោកពិតជាមានកិត្តិយសដែលបានចូលរួមពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុដ៏មានសារសំខាន់នេះ។
លោកបន្តថា ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួននៅកម្ពុជា អាមេរិកបានស្នើកិច្ចសហការពីរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ លោកបន្តថា កាលពីប៉ុន្មានថ្ងៃមុនក្រុមការងារចម្រុះ អាមេរិកនិងកម្ពុជា បានបញ្ចប់បេសកកម្មថ្មីបំផុត ដោយបានរកឃើញអដ្ឋិធាតុដែលគេជឿថា អាចជាបំណែកឆ្អឹងរបស់ជនជាតិអាមេរិក បាត់ខ្លួននៅកម្ពុជា។
លោក វីល្លៀម ថត បានថ្លែងអំណរគុណក្នុងនាមពលរដ្ឋអាមេរិក និងលោក បារាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយស្វែងរកអដ្ឋិធាតុពលរដ្ឋអាមេរិក បាត់ខ្លួនក្នុងសង្គ្រាមវៀតណាម កន្លងមក។
លោក សៀង ឡាប្រេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។ លោកបានឲ្យដឹងក្នុងពិធីនោះថា សកម្មភាពពុះពារគ្រប់ឧបសគ្គរបស់ក្រុមការងារកម្ពុជា និងអាមេរិក ដើម្បីស្វែងរកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួនកន្លងមក បាននាំមកនូវថ្ងៃបញ្ចប់នៃការទន្ទឹងរង់ចាំយ៉ាងក្រៀមក្រំពីក្រុមគ្រួសាររបស់ពួកគេ។
លោកបន្តថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក បាត់ខ្លួននៅថ្ងៃអនាគតជាបន្តទៀត៖ «អាមេរិកាំងគេមានឯកសាររបស់គេ។ ជនជាតិគេស្លាប់នៅកន្លែងត្រង់ណាៗនោះ គឺគេមានកន្លែងរបស់គេ។ អ៊ីចឹងយើងសហការបានជិតស្និទ្ធណាស់។ យើងអត់លេងសើចបានទេ ពីព្រោះជាបេសកកម្មមនុស្សធម៌សុទ្ធសាធ ដូចសម្ដេចនាយកមានប្រសាសន៍អ៊ីចឹង»។
សេចក្ដីប្រកាសព័ត៌មានស្ថានទូតអាមេរិក បានឲ្យដឹងថា ទាហានអាមេរិក ចំនួន ៩០នាក់ បានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅក្នុងសង្គ្រាមវៀតណាម។ រហូតមកដល់ពេលនេះ បំណែកឆ្អឹងនៃទាហានចំនួន ៣៧នាក់ បានរកឃើញ និងកំណត់អត្តសញ្ញាណរួចហើយ។ ប៉ុន្តែនៅមានទាហានអាមេរិកចំនួន ៥៣នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា មិនទាន់រកឃើញនៅឡើយទេ៕
No comments:
Post a Comment