រដ្ឋសភាជាតិកម្ពុជា
RFI/Siv channa
រដ្ឋសភា បន្តអនុម័តច្បាប់ ទោះជា បក្សប្រឆាំង និងសង្គមស៊ីវិល សុំផ្អាក ក៏ដោយ
នៅថ្ងៃពុធនេះ រដ្ឋសភា បានបន្តបើកកិច្ចប្រជុំ ដើម្បី ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ មួយចំនួន ដែលបានគ្រោងទុក។ ទោះបី ជា គណបក្ស ប្រឆាំង ចោទថា ជា រដ្ឋសភាខុសច្បាប់ និងបើទោះជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យផ្អាក ការអនុម័តច្បាប់ ដើម្បីរង់ចាំ ការវិលចូល សភា របស់តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ក៏ដោយ ក៏រដ្ឋសភា ឯកបក្ស ដែលមានតែតំណាងរាស្ត្រ គណបក្ស ប្រជាជន នៅតែបន្តការងារ របស់ខ្លួន ជាធម្មតា។ មានរបៀបវារៈ ចំនួន៦ ដែលត្រូវអនុម័ត។
ដូចការគ្រោងទុក រដ្ឋសភាដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាបានបន្តកិច្ចប្រជុំរបស់ខ្លួនជាធម្មតានៅព្រឹកថ្ងៃពុធ ទី២ មេសានេះ បន្ទាប់ពីបានប្រកាសបើកកិច្ចប្រជុំលើកទី២ នីតិកាលទី៥ កាលពីថ្ងៃអង្គារ។ កិច្ចប្រជុំសភាថ្ងៃនេះ គឺដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ផ្លូវថ្នល់ និងសេចក្តីព្រាងច្បាប់ស្តីពីពិធីសារកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមទាក់ទងនឹងការការពារវិនិយោគ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាព្រួយបារម្ភថា សេចក្តីព្រាងច្បាប់ទាំងនោះនឹងមិនត្រូវបានពិភាក្សាពិនិត្យពិច័យឲ្យបានល្អិតល្អន់ ហើយក៏មិនតំណាងឲ្យផលប្រយោជន៍ប្រជាជនទូទៅបានដែរដោយសារអវត្តមានរបស់តំណាងរាស្ត្រ៥៥នាក់មកពីគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិដែលពហិការមិនចូលប្រជុំសភាដោយសារតែខ្លួនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះក៏បានហៅរដ្ឋសភាឯកបក្សនេះថា ជាសភាខុសច្បាប់ដែរ។ ប៉ុន្តែ សំឡេងទាំងនេះមិនត្រូវបានរដ្ឋសភាចាប់អារម្មណ៍ទេ។
គណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេង៦៨កៅអីក្នុងសភាបានពន្យល់ថាការបង្កើតរដ្ឋសភាអាណត្តិទី៥នេះស្របតាមរដ្ឋធម្មនុញ្ញទាំងស្រុង។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ រដ្ឋសភាក៏បានបង្ហាញរបាយការណ៍ការងារមួយចំនួនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិដែលបង្ហាញថារដ្ឋសភាកម្ពុជាមានសុពលភាព និងមានការទទួលស្គាល់ពីដៃគូអន្តរជាតិគ្រប់គ្រាន់។
គួរបញ្ជាក់ថា រយៈពេលជាង៨ខែមកហើយដែលវិបត្តិនយោបាយក្រោយការបោះឆ្នោតបានអូសបន្លាយ។ គណបក្សជាប់ឆ្នោតទាំងពីរអះអាងដូចគ្នាថាខ្លួនកំពុងរៀបចំឲ្យមានជំនួបកំពូលរវាងមេដឹកនាំបក្សទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីរកដំណោះស្រាយនយោបាយដែលអាចអនុញ្ញាតឲ្យតំណាងរាស្ត្របក្សប្រឆាំងអាចចូលទៅអង្គុយក្នុងរដ្ឋសភាបាន
No comments:
Post a Comment