សង្គមស៊ីវិល៖ ពលរដ្ឋខ្មែរ ៦លាននាក់ នឹងចំណាកស្រុក បើឡាវ សង់ទំនប់វារីអគ្គិសនី ដនសាហុង
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014
តំណាង ជនជាតិដើមភាគតិចកួយ ខេត្តស្ទឹងត្រែង បារម្ភ ថា ពួកគេ រាប់រយគ្រួសារ ដែលរស់នៅតាមដងទន្លេមេគង្គ នឹងធ្វើ ចំណាកស្រុក ដើម្បីស្វែងរកមុខរបរថ្មី សម្រាប់ ចិញ្ចឹមជីវិត បើប្រទេសឡាវ សង់ទំនប់វារីអគ្គិសនី ដនសាហុង នៅជាប់ព្រុំដែនកម្ពុជា បានជោគជ័យ ដូចការគ្រោងទុកនោះ។
រដ្ឋាភិបាលឡាវ គ្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង មួយបន្ថែមទៀត ក្នុងតំបន់ស៊ីផាន់ដន លើដងទន្លេមេគង្គប្រទេសឡាវ នៅខែធ្នូឆ្នាំ២០១៤នេះ។
តាមរបាយការណ៍នានាបង្ហាញថា ទំនប់នេះមានកម្ពស់ពី៣០ទៅ៣២ម៉ែត្រ មានថាមពល២៦០មេហ្កាវ៉ាត់ គ្រោងចំណាយថវិកា៣.៨០០លានដុល្លារ នឹងមានចម្ងាយប្រហែល២គីឡូម៉ែត្រ ប៉ុណ្ណោះពីព្រំប្រទល់ប្រទេសកម្ពុជា។
មានមាឌតូចស្ដើង សម្បុរខ្មៅ អាយុប្រហែលជាង៥០ឆ្នាំ តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ខាន ស្រស់ បានប្រាប់អ្នកសារព័ត៌មាន ទាំងភ្នែកសម្លឹង អន្លង់ផ្សោត ជាប់ព្រំ ប្រទល់ប្រទេសឡាវ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ថា បើរដ្ឋាភិបាលមិនអាចទប់ស្កាត់ គម្រោងសាងសង់ទំនប់វារីអគ្គិសនី របស់ឡាវនេះបានទេ នោះពលរដ្ឋច្រើនរយគ្រួសារទៀតប្រឈមនឹងការធ្វើចំណាកស្រុកដើម្បីរស់។
មិនមែនមានតែជនជាតិដើមភាគតិចទេ ដែលព្រួយបារម្ភពីគម្រោងសាងសង់ទំបន់វារីអគ្គិសនីដនសាហុងនេះ សូម្បីតែក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្តោតលើបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលនៅថ្នាក់មូលដ្ឋានខ្លះ ក៏អះអាងថា ទំនប់វារីអគ្គិសនីរបស់ឡាវនេះ អាចប៉ះពាល់ដល់ពលរដ្ឋខ្មែរប្រហែក៦លាននាក់និងប្រទេស ៥ទៀតផ្សេងទៀត ដែលរស់នៅនៅតាមដងទន្លេមេគង្គ ដូចជា ភូមា ថៃ វៀតណាម សរុប៣៦០លាននាក់។
មើលឃើញពីបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលអាចកើតឡើងនាពេលអនាគតដ៏ខ្លីបែបនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជិត២០ដូ បានសហការគ្នាបើកយុទ្ធនាការលើបីខេត្តជាប់ៗគ្នា ដូចជាខេត្តក្រចេះ ស្ទឺងត្រែង និងខេត្តកំពង់ចាម កាលពីថ្ងៃទី២៩,៣០ និង៣១ខែមីនាឆ្នាំ២០១៤នេះ។
សង្គមស៊ីវិលអះអាងថា យុទ្ធនាការនោះដើម្បីបញ្ជ្រាបចំណេះដឹងពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងប្រមូលនូវការព្រួយបារម្ភនោះ ដាក់ជូនប្រមុខរដ្ឋាភិបាល ឲ្យយកទៅ ជជែកជាមួយប្រទេសជាដៃគូ នៅដើមខែក្រោយនេះ ក្នុងបំណងទប់ស្កាត់កុំឲ្យប្រទេសឡាវ សាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសនេះ។
ក្នុងយុទ្ធនាការ បណ្តាញសមាគមនេសាទស្រុកសំបូរខេត្តក្រចេះ លោក អាន ហ៊ូ ត្អូញត្អែរថា បើទំនប់វារីអគ្គិនីរបស់ឡាវនេះ ធ្វើបានសម្រេចដូចការគ្រោងទុកមែននោះ វានឹងប៉ះពាល់ ដល់ជីវចម្រុះរបស់មច្ឆាជាតិ ផលនេសាទដែលជាមុខរបរចិញ្ចឹមជីវិត ប៉ះពាល់ដល់បរិស្ថាន ពិសេសធ្វើឲ្យផុតពូជផ្សោត ដែលជាសត្វកម្រ ជាប្រភពទាក់ទាញទេសចរ និងជាប្រភពចំណូលរបស់សហគមន៍។
ជាមួយគ្នានោះដែរ នាយករដ្ឋបាលជលផលខេត្តក្រចេះ លោក សៀន គិន យល់ថាគម្រោងវារីអគ្គិសនី ដនសាហុងនេះនឹងផ្តល់នូវផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើន លើធនធានជលផល ដែលជាមហន្តរាយលើធម្មជាតិ ជីវភាពរស់នៅ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ របស់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គប៉ែកខាងក្រោម។
ក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងលោក លោក ឈឿន ឈន អះអាងថា នេះជាលើកទី២ហើយដែលប្រទេសជិតខាងមួយនេះ ធ្វើឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាល និងសហគមន៍នៅតាមដងទន្លេមេគង្គ ព្រួយបារម្ភពីផលប៉ះពាក់ពីគម្រោងសាងសង់ទំនប់វារី អគ្គីសនីនេះ បន្ទាប់ពី សាង់សង់ទំនប់វារីអគ្គិសនី សាយ៉ាបូរី។
របាយការណ៍ពីអង្គការសង្គមស៊ីវិល បង្ហាញថា ក្នុងខែតុលាឆ្នាំ២០១៣រដ្ឋាភិបាលឡាវបានជូនដំណឹងទៅគណៈកម្មាការទន្លេមេគង្គថា ទំនប់ដនសាហុងនេះគឺមិនស្ថិតនៅលើតួទន្លេមេនៃទន្លេមេគង្គទេ ដែលតម្រូវឲ្យរដ្ឋាភិបាលឡាវ គ្រាន់តែជូនដំណឹងជាមុន ជំនួសការពិគ្រោះយោបល់ជាមុន។ ប៉ុន្តែលេខាធិការដ្ឋាននៃគណៈកម្មាការទន្លេមេគង្គបង្ហាញថា ដនសាហុង គឺជាទំនប់ស្ថិតនៅលើតួទន្លេមេគង្គ ដែលមានទាំងក្នុងផែនការអភិវឌ្ឍន៍អាង និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាយុទ្ធសាស្ត្រនៃទំនប់ស្ថិតនៅលើតួទន្លេមេនៃទន្លេមេគង្គ។
មន្ត្រីផ្នែកច្បាប់នៅវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក វង្ស កុសល្យ ដែលចូលរួមយុទ្ធនាការប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុងនេះ អះអាងថា កាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំពលរដ្ឋអាស៊ានទាំង១០ប្រទេស ដែលធ្វើនៅប្រទេសភូមា បានឯកភាព ថានឹងជំរុញឲ្យប្រទេសឡាវ ផ្អាកការសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសនេះ។
របាយការណ៍មន្ត្រីជំនាញរបស់រដ្ឋាភិបាល ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤បង្ហាញថា មន្ត្រីជំនាញបានជួប្រជុំជាមួយមន្ត្រីជំនាញរដ្ឋាភិបាលឡាវរួចហើយ ពីផលប៉ះពាល់នេះ ប៉ុន្តែភាគីទាំងពីរមិនបានឯកភាពគ្នាលើកាសិក្សាពីផលប៉ះពាល់ទេ ដោយអង្គប្រជុំបានស្នើសុំឲ្យលើកយកបញ្ហានេះ ទៅដាក់នៅក្នុងក្រុមប្រឹក្សា ដើម្បីធ្វើការពិនិត្យ និងដោះស្រាយ។ ម្យ៉ាងវិញទៀតបើតាមញត្តិរបស់សហគមន៍ ដែលប្រមូលបានក្រោយបើកយុទ្ធនាការប្រឆាំង គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនេះ បានស្នើដោយទទូច ឲ្យរដ្ឋាភិបាលកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំលើកទី២នៅកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ នៅប្រទេសវៀតណាម ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤នេះ នូវការព្រួយបារម្ភរបស់ពួកគេ ដើម្បីជំរុញឲ្យប្រទេសឡាវបញ្ឈប់គម្រោងសាងសង់នេះ។
No comments:
Post a Comment