អាជ្ញាធរហាមឃាត់អតីតអ្នកភូមិបឹងកក់ មិនឲ្យតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០១៤
RFI/ Siv Channa
អតីត អ្នកភូមិ បឹងកក់ ត្រលប់មកធ្វើការ តវ៉ា ជាថ្មី ដើម្បី ទាមទារ សំណងបន្ថែម
ដោយ ញឹម សុផល / RFI | ២៨ មេសា ២០១៤
ដូចដែលបាន ជូនដំណឹងមែន អតីត អ្នករស់នៅ ក្នុងតំបន់ បឹងកក់ បានប្រមូលផ្តុំគ្នា តវ៉ា សំណងបន្ថែម នៅមុខសាលា រាជធានី ភ្នំពេញ។ ក៏ប៉ុន្តែ ការប្រមូលផ្តុំនេះ មិនមាន មនុស្សច្រើន ដូចការគ្រោងទុកឡើយ ដោយពួកគេ អះអាង ថា មានការ រារាំង ពីអាជ្ញាធរ។ ដោយមាន ការទទួលញត្តិ ពីសាលា រាជធានី ភ្នំពេញ ក្រុមប្រជាពលរដ្ឋ បានបោះបង់ចោល គម្រោង បោះតង់ នៅខាងមុខ សាលាក្រុង ដោយរង់ចាំ លទ្ធផល ពីសាលាក្រុង រយៈពេល មួយសប្តាហ៍ទៀត។
អតីតប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ប្រមាណជា១០០នាក់ ត្រូវបានកំលាំងសន្តិសុខសាលាក្រុងភ្នំពេញ ដែលមានពាក់មួកសុវត្ថិភាព និងអាវក្រោះ រុញច្រានចេញឲ្យទៅ នៅឆ្ងាយ ប្រមាណជាង១០ម៉ែត្រពីរបងសាលាក្រុង ខណៈដែលក្រុមប្រជាជនទាំងនោះ បានព្យាយាមចូលទៅស្រែកទាមទារសំណងបន្ថែម កាលពីព្រឹកថ្ងៃចន្ទនេះ។ មិនមានហេតុការណ៍ប៉ះទង្គិចគ្នាដោយហឹង្សាអ្វីឡើយ ក្រៅពីការបោះពាក្យសម្តីតវ៉ាខ្លាំងៗ ទៅលើក្រុមអាជ្ញាធរ ដែលមិនមានការតបត។
បន្ទាប់ពីមានការប៉ុនប៉ងចូលទៅជិតសាលាក្រុងមិនបានសម្រេច តំណាងអតីតអ្នកបឹងកក់ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យចូលជួបជជែកគ្នានៅខាងក្នុង។ តំណាលគ្នានោះ ក្រុមអ្នកតវ៉ាក៏បានឲ្យដឹងដោយផ្ទាល់មាត់ និងតាមរយៈលិខិតទាមទារមួយថា ពួកគេស្នើសុំឲ្យលោកអភិបាលក្រុងជួយដោះស្រាយសំណងបន្ថែម ដើម្បីបំពេញនិងលើកកំពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។
ការតវ៉ាដែលមានការប្រមូលផ្តុំមិនបានជុំគ្នាតាមផែនការនោះរួមមានពីរចំណុចគឺ ទី១សុំ ទាមទារសំណងបន្ថែមចំនួន២ម៉ឺនដុល្លារ ក្នុងមួយខ្នងផ្ទះ ផ្អែកតាមសាលប័ត្រព័ត៌មាន ទទួល ស្គាល់ដោយសាលារាជធានីភ្នំពេញ។ រីឯចំណុចទី២គឺ សុំទាមទារដីទំហំ៥ម៉ែត្រគុណនឹង ១៦ម៉ែត្រចម្ងាយមិនលើសពី៣ ទៅ ៥គីឡូម៉ែត្រពីតំបន់អភិវឌ្ឍន៍បឹងកក់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំង RFI ថា សាលារាជធានីបានទទួលញត្តិរបស់អ្នកភូមិរួចរាល់ហើយ ដោយលោកបញ្ជាក់ថា ចំណុចទាមទារទាំងនេះ ហួសពីសមត្ថកិច្ចរបស់សាលាក្រុង។ ដោយមានការសង្ស័យថា អាចជាការញុះញង់ពីខាងណាមួយ ឬបញ្ហានេះត្រូវបានជ្រៀតចូលដោយនយោបាយ លោក ឡុង ឌីម៉ង់ បញ្ជាក់ថាសាលារាជធានី រួមជាមួយអង្គការនានា បានជួយអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋទាំងនោះជាបន្តបន្ទាប់កន្លងមក។
ផ្ទុយទៅវិញ អ្នកស្រី សយ កូឡាប មេដឹកនាំម្នាក់នៃអតីតអ្នកបឹងកក់ក្នុងចំណោមពីរនាក់ដែលបានចូលទៅក្នុងសាលាក្រុងកាលពីព្រឹកមិញ បានថ្លែងរៀបរាប់ពីការលំបាករបស់ពួកគាត់ នៅឯសហគមន៍របស់ពួកគាត់នៅឯជាយក្រុង។ សកម្មជនអតីតអ្នកបឹងកក់រូបនេះ អះអាងថា ពួកគេនឹងវិលមកបោះតង់មែនទែន រស់នៅតវ៉ាមុខសាលាក្រុង ក្នុងរយៈពេលមួយសប្តាហ៍ទៀត ប្រសិនបើមិនមានដំណោះស្រាយ។
សូមរំលឹកថា អតីតអ្នកភូមិបឹងកក់ដែលបានអះអាងថា ផ្ទះរបស់គេត្រូវបានបូមខ្សាច់លុបដោយក្រុមហ៊ុនស៊ូកាគូអ៊ីន ហើយបានចាកចេញជាមួយសំណងចំនួនជាង៨ពាន់ដុល្លារ បានប្រកាសកាលពីថ្ងៃទី២៧មេសាថា សហគមន៍អតីតអ្នកបឹងកក់ និងបណ្តាញសន្តិភាពសហគមន៍ដីធ្លីរាជធានីភ្នំពេញ ប្រមាណ៦០០នាក់ នឹងធ្វើយុទ្ធនាការទាមទារសំណងបន្ថែម ដោយគ្រោងបោះតង់នៅមុខសាលារាជធានីភ្នំពេញ ស្នាក់នៅទីនោះទាំងយប់ទាំងថ្ងៃ រហូតមានដំណោះស្រាយ។
ការដែលមិនអាចធ្វើតាមគម្រោងបាននៅពេលនេះ ត្រូវអតីតអ្នកភូមិបឹងកក់ពន្យល់ថាពួកគេ
ត្រូវបានរារាំងឲ្យបែកខ្ញែកគ្នា ហើយម្យ៉ាងទៀតរង់ចាំដំណោះស្រាយពីអាជ្ញាធរក្រុងផងដែរ៕
No comments:
Post a Comment