អគារវិមានសន្តិភាព (រូបថត៖ តាំង វីដា)
តើ កម្ពុជា គួរ មានវប្បធម៌ នៃការលាលែង ពីតំណែង ឬទេ សម្រាប់ អ្នកបម្រើ ប្រជាជន?
ស៊ុន ណារិន / វីអូឌី | ២៨ មេសា ២០១៤
កាលពីថ្ងៃអាទិត្យ ទី២៧ខែមេសា នាយករដ្ឋមន្ត្រីប្រទេសកូរ៉េខាងត្បូង លោកChung Hong-won ប្រកាសសុខចិត្តលាលែងពីតំណែង ដោយសារតែឧបទ្ទវហេតុនៃការលិចសាឡាង បណ្តាលឲ្យមនុស្សជាង៣០០នាក់ បាត់ខ្លួន និងស្លាប់។អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងប្រជាជនកម្ពុជាមួយចំនួន ចាប់ផ្តើមភ្ញាក់ផ្អើលនឹងព័ត៌មាននេះ និងចាប់ផ្តើមរិះគន់កម្ពុជាពីព្រឹត្តិការណ៍រត់ជាន់គ្នានៅស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០ ដែលបណ្តាលឲ្យមនុស្សជាង៣៥០នាក់ស្លាប់ និងជាង៣០០នាក់ រងរបួស។
សារព័ត៌មានChannel News Asiaចុះផ្សាយសម្តីរបស់លោកChung Hong-wonថា «ខ្ញុំ សូម អភ័យទោស ចំពោះ ការមិនអាច ការពារហតុការណ៍ និងមិនអាច ឆ្លើយតប ឲ្យបានត្រឹមត្រូវ បន្ទាប់ ពីហេតុការណ៍ កើតឡើង។ ខ្ញុំ ជឿជាក់ ថា ក្នុងនាម ជានាយករដ្ឋមន្ត្រី ប្រាកដត្រូវតែ ទទួលខុសត្រូវ និងចុះចេញ ពីតំណែង។»
សារព័ត៌មានChannel News Asiaចុះផ្សាយសម្តីរបស់លោកChung Hong-wonថា «ខ្ញុំ សូម អភ័យទោស ចំពោះ ការមិនអាច ការពារហតុការណ៍ និងមិនអាច ឆ្លើយតប ឲ្យបានត្រឹមត្រូវ បន្ទាប់ ពីហេតុការណ៍ កើតឡើង។ ខ្ញុំ ជឿជាក់ ថា ក្នុងនាម ជានាយករដ្ឋមន្ត្រី ប្រាកដត្រូវតែ ទទួលខុសត្រូវ និងចុះចេញ ពីតំណែង។»
លោក Chung Hong-won កាន់តំណែង ជានាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៣។
ព្រឹត្តិការណ៍រត់ជាន់គ្នា នៅកោះពេជ្រ កាលពីឆ្នាំ២០១០ ដែលស្លាប់មនុស្សជាង៣៥០នាក់ មានការលើកឡើងថា គួរតែមានការលាលែងពីតំណែងពីសំណាក់មន្ត្រីទទួលខុសត្រូវ ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងអតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ ជាដើម។ តើកម្ពុជា
គួរមានវប្បធម៌ លាលែងពីតំណែងដោយខ្លួនឯងដែរឬទេ?
នៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៧ នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន លោក ហ្សីនហ្សូ អាបេ (Shinzo Abe) បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារកង្វះការទុកចិត្តពីប្រជាពលរដ្ឋ។ តែនៅឆ្នាំ២០១២ លោកត្រូវបានប្រជាពលរដ្ឋជប៉ុន ដាក់សេចក្តីទុកចិត្តឡើងវិញ ដោយបោះឆ្នោតឲ្យលោកជាប់ជានាយករដ្ឋមន្ត្រីម្តងទៀត។ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ អភិបាលក្រុងបាងកក ប្រទេសថៃ លោក Sukhumbhand Paribatra បានលាលែងពីតំណែង ដោយសារការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាពន្យារ។ សម្រាប់នៅកម្ពុជា មិនធ្លាប់មានមន្ត្រីណា ដាក់ពាក្យលាលែងពីតំណែងទេ។ តើដោយសារមូលហេតុអ្វី? តើការលាលែងពីតំណែង អាចមានប្រយោជន៍ដល់កម្ពុជាដែរឬទេ? តើកម្ពុជា អាចអនុវត្តវប្បធម៌នៃការលាលែងពីតំណែង ដូចប្រទេសដទៃបានទេ?
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច លើកឡើងថា បញ្ហាកង្វះសមត្ថភាព ការប្រកាន់គោលជំហរអំណាចមិនមែនជាទីសក្ការៈ និងឆន្ទៈសម្រាប់ប្រយោជន៍ជាតិ ធ្វើឲ្យបុគ្គល ដែលមានមុខងារក្នុងជួររដ្ឋាភិបាល គាំទ្រដោយប្រជាជន លាលែងពីតំណែង «ប្រទេសជាតិគឺជារបស់យើងទាំងអស់គ្នា មិនមែនរបស់យើងតែម្នាក់ឯង ឬរបស់គ្រួសារយើងទេ ចឹងការយើងមិនមានសមត្ថភាពគ្រប់គ្រាន់ យើងត្រូវតែលាលែងចេញ ហេតុអ្វីត្រូវការលាលែង យើងកុំយល់ថាអំណាចគឺជាគ្រឿងសក្ការៈ អំណាចគឺយកមកដើម្បីបំរើ និងរកផលប្រយោជន៍ទៅឲ្យមនុស្សនៅក្រោមយើង ដែលគេគ្មានសមត្ថភាព ឬក៏មានអ្នកដទៃ ដែលគេមានសមត្ថភាព តែគ្មានឱកាស ការលាលែងចេញពីអំណាចនេះគឺជាការឆន្ទៈដ៏មុះមុតរបស់បុគ្គលម្នាក់ ដែលទទួលខុសត្រូវ ទៅមុខតំណែងរបស់ខ្លួន។»
លោក សុខ ទូច បន្តថា ការលាលែងពីតំណែងនេះ អាចជាប្រយោជន៍ដល់ប្រទេសជាតិ ដែលទាមទារមេដឹកនាំនានា យកចិត្តទុកដាក់ និងចេះទទួលខុសត្រូវ។ លោកបន្តថា ការទុកបញ្ហាប្រទេសជាតិ ជាធំ ធ្វើឲ្យបុគ្គលមួយ មានឆន្ទៈលាលែងពីតំណែង នៅពេលដែលគេប្រព្រឹត្តកំហុសណាមួយ និងរងការរិះគន់ពីប្រជាជន “ប្រទេសកសិកម្ម ទិញកសិផលបញ្ចូល យើងត្រូវដឹង យើងត្រូវ យើងអត់មានសមត្ថភាពហើយ ត្រូវតែលាលែងហើយ ហាមមិនឲ្យកាប់ព្រៃឈើ ឈើអស់ចឹងត្រូវតែលាលែង លាលែងទទួលបន្ទុកកសិកម្ម អ្នកទទួលបន្ទុកខាងហ្នឹង ប៉ុន្តែយើងអត់មានការទទួលខុសត្រូវ ទទួលយកតែត្រូវ អត់ដែលទទួលយកតែខុស បើទទួលយកខុសវាលាលែងបាត់ហើយ បើទទួលយកត្រូវ អាណាត្រូវទទួលយកដាក់ឲ្យកូនចៅ អាហ្នឹងវាខុសទៅនឹងភាពជាអ្នកដឹកនាំ”។
សម្រាប់អ្នកវិភាគសង្គម លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការបាត់បង់ទំនុកចិត្តពីប្រជាជន ធ្វើឲ្យបុគ្គលឬមន្ត្រីនោះ លាលែងពីតំណែង។ លោកហៅករណីនៃការបន្តអំណាច ទាំងប្រជាជនមិនពេញចិត្ត ជាឥទ្ធិពលនៃអំណាចផ្តាច់ការ “ហើយសំខាន់ណាស់ការទុកចិត្ត ពីសាធារណៈជន គេប្រគល់ភារកិច្ចហ្នឹង គេទុកចិត្ត ដោយសារថាគំនិតផ្តាច់ វាមានជាហូរហែ អ្នកគ្រប់គ្រង់យើងគឺថារបៀបចឹងដែរ ឃើញក្រសួងមួយៗ ឬមន្ទីរមួយៗ ឃើញថា ការចាត់ចែងស្រែកចិត្ត យកជាអាជីពរបស់ខ្លួន”។
លោក ឡៅ ម៉ុងហៃ លើកឡើងបន្ថែមថា ការទុកឱកាសសម្រាប់អ្នកជំនាន់ក្រោយ មានសមត្ថភាព ក៏អាចធ្វើឲ្យមន្ត្រីរដ្ឋាភិបាលណាមួយ សម្រេចលាលែងពីតំណែង ពេលដែលប្រជាជនមិនពេញចិត្តនឹងខ្លួន ដែលមិនអាចដោះស្រាយបញ្ហាណាមួយសម្រាប់ជាតិបាន ៖ “អ្នកឯទៀតៗក៏ ដែលដឹកនាំល្អជាង ហើយមានគំនិតថ្មី សម្រាប់កាលទេសថ្មី”។
សម្រាប់អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា កម្ពុជាគួរយកបទពិសោធន៍នៃប្រទេសមួយចំនួន ក្នុងការលាលែងតំណែង មកពិចារណា ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ “ខ្ញុំគិតថា កម្ពុជាគួរតែរៀន គ្មានអ្វីដែលមិនអាចធ្វើបានទេ ឲ្យតែគាត់ចង់ធ្វើ ព្រោះនៅស្រុកគេ គេផ្តល់កិត្តិយសខ្ពស់ណាស់ នៅក្នុងការលាលែងពីដំណែង ទីមួយ បើគេធ្វើអ្វីខុស គេជាអ្នកទទួលខុសត្រូវ ទោះបីជាកំហុសហ្នឹង ដោយចេតនាក្តី ដោយអចេតនាក្តី ដែលប៉ះពាល់ដល់ទ្រង់ទ្រាយជាតិធំ គឺគេលាលែងពីដំណែង ដើម្បីរក្សាកិត្តិយស់របស់គេ ទីពីរ កាលណាគេមានកំហុសហើយ គេលាលែងពីដំណែង ទទួលបានការគាំទ្រកាន់តែខ្ពស់ពីសមាជិកគាំទ្រ នៅក្នុងគណបក្ស ឬនៅក្នុងស្ថាប័ន ឬក្នុងប្រទេស ទីបី ពេលគេលាលែងពីដំណែង ពេលដែលគេមានកំហុសហ្នឹង គឺគេរក្សាកិត្តិយសសម្រាប់កូនចៅគេ ដើម្បីឲ្យកូនចៅរបស់គេជំនាន់ក្រោយគឺថា ឪពុករបស់ខ្លួនបានធ្វើខុសនេះ ខុសនេះ ហើយលាលែងហ្នឹង គឺឪពុកទទួលបានកិត្តិយសខ្ពស់ណាស់សម្រាប់គេ ជាតិទាំងមូលត្រូវមានគោលការណ៍ ដើម្បីផ្តល់កិត្តិយសអ្នក ទាំងអស់ហ្នឹងលាលែងពីដំណែង ដោយសារតែកំហុសលះបង់ខ្ពស់គឺគេផ្តល់កិត្តិយសសម្រាប់ ជាអ្នកដែលមានស្នាដៃទៅវិញ”។
ទោះជាយ៉ាងណា អ្នកវិភាគ បានលើកឡើងជារួមថា ឆន្ទៈរបស់បុគ្គលចំពោះផលប្រយោជន៍ជាតិ ជាកត្តាចាំបាច់មួយ ជំរុញឲ្យមន្ត្រីណាមួយ ដែលគិតថា ខ្លួនមិនមានសមត្ថភាព មិនអាចដោះស្រាយបញ្ហាបាន និងកង្វះការទុកចិត្តពីប្រជាជន លាលែងពីតំណែង ដោយទុកឲ្យអ្នកថ្មី ដែលមានសមត្ថភាព ឡើងមកសិក្សារកដំណោះស្រាយបន្ត៕
អត្ថបទវិភាគផ្សេងៗ
- វិភាគ ៖ តើការចាប់ខ្លួនអ្នកវាយលុក តាមអ៊ីនធឺណែតជាកត្តាមួយ ជួយឲ្យមានច្បាប់នេះ (Cyber Law)?
- វិភាគ៖ តើសមស្របទេ ដែលរដ្ឋាភិបាលបន្តបិទការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ?
- វិភាគ៖ រាជាណាចក្រកម្ពុជាក្នុងរជ្ជកាលរបស់ម្ចាស់ក្សត្រីអង្គម៉ី ហៀបនឹងធ្លាក់ទៅក្នុងការគ្រប់គ្រងទាំងស្រុងរបស់អាណ្ណាម
No comments:
Post a Comment