Paris Peace Accords 23 Oct. 1991

Thursday, April 3, 2014

រដ្ឋាភិបាល​ កម្ពុជា ​អះអាង​ ថា ​មាន​លទ្ធភាព ​សង​បំណុល​ បរទេស ​ទាំង​ប្រាក់​ដើម ​និង​ការ​ប្រាក់

ជំនួយ ៣០៥
ពិធី​ចុះ​ហត្ថលេខា​ទទួល​ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​ពី​ប្រទេស​ជប៉ុន នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា នា​ថ្ងៃ​១៣ សីហា ២០០៩។ RFA/Sok Serey

រដ្ឋាភិបាល​ កម្ពុជា ​អះអាង​ ថា ​មាន​លទ្ធភាព ​សង​បំណុល​ បរទេស ​ទាំង​ប្រាក់​ដើម ​និង​ការ​ប្រាក់

ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ០៣​ មេសា ២០១៤

រដ្ឋាភិបាល​បាន​អះអាង​ថា បំណុល​បរទេស​បច្ចុប្បន្ន​បាន​យក​មក​ប្រើប្រាស់​ជំរុញ​មូលដ្ឋាន​ផលិតកម្ម ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញ។ ម៉្យាង​វិញ​ទៀត រដ្ឋាភិបាល​មាន​លទ្ធភាព​សង​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​នៃ​បំណុល​ទាំង​នោះ ដោយសារ​តែ​កម្ពុជា ធានា​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ និង​ស្ថាប័ន​ដែល​វាយ​តម្លៃ​ពី​លទ្ធភាព​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា បាន​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ប្រាក់​កម្ចី​បរទេស។
បំណុល​របស់​រដ្ឋាភិបាល​បាន​មក​ពី​ប្រភព​សំខាន់​ពីរ​សំខាន់ គឺ​កម្ចី​ក្នុង​ស្រុក ដែល​ខ្ចី​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន តាម​រយៈ​ការ​លក់​ប័ណ្ណ​រតនាគារ​របស់​រដ្ឋាភិបាល និង​ប្រភព​សំខាន់​ទី​ពីរ គឺ​ការ​ខ្ចី​លុយ​ពី​សហគមន៍​អន្តរជាតិ ក្នុង​នោះ​ប្រទេស​ដែល​ផ្ដល់​ប្រាក់​កម្ចី​ច្រើន​ជាង​គេ គឺ​ប្រទេស​ចិន។ បំណុល​បរទេស គឺ​យក​មក​បំពេញ​ឱនភាព​ថវិកា​ជាតិ និង​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច ជាពិសេស​ពង្រឹង​មូលដ្ឋាន​ផលិតកម្ម​ក្នុង​ការ​នាំ​ចេញ។
ប៉ុន្តែ ទំនាក់ទំនង​រវាង​បំណុល​បរទេស និង​កំណើន​សេដ្ឋកិច្ច បាន​អះអាង​ផ្ទុយ​គ្នា​រវាង​ស្ថាប័ន​ស្រាវជ្រាវ​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល​កម្ពុជា។
របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា មាន​ភាព​រឹងមាំ​ខ្លាំង​ជាង​មុន ដែល​បាន​ចូល​រួម​តិចតួច​ពី​ប្រាក់​កម្ចី​បរទេស។ ភាព​រឹងមាំ​នោះ ដោយសារ​ការ​វិនិយោគ​ខ្លាំង​ពី​ផលិតកម្ម​ក្នុង​ស្រុក។
ការ​កើន​ឡើង​ប្រាក់​កម្ចី​បរទេស​នេះ មិន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ផលិត​ខ្លាំងក្លា​ឡើយ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម មាន​ន័យ​ថា ការ​នាំ​ចូល​ទំនិញ​ច្រើន​ជាង​ការ​នាំ​ចេញ​ទៅ​វិញ។ តួលេខ​ជញ្ជីង​ទូទាត់​ពាណិជ្ជកម្ម​របស់​កម្ពុជា បច្ចុប្បន្ន មាន​អត្រា ៥% នៃ​ផលិតផល​ដុល​សរុប​របស់​កម្ពុជា (GDP)។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​សេដ្ឋកិច្ច​បាន​ពន្យល់​ថា បំណុល​បរទេស​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​បំណុល​បរទេស​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស ជាពិសេស​ជំរុញ​មូលដ្ឋាន​ផលិតកម្ម​នាំ​ចេញ ដើម្បី​ជំនួស​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស។ ប៉ុន្តែ បើ​យោង​តាម​របាយការណ៍​របស់​ស្ថាប័ន​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​មូលដ្ឋាន​ផលិតកម្ម​នៅ​អន់​ខ្សោយ​នៅ​ឡើយ មាន​ន័យ​ថា ប្រទេស​កម្ពុជា បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទិញ​ទំនិញ​ពី​បរទេស​មក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ម៉្យាង​វិញ​ទៀត គោល​នយោបាយ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគ​ក្នុង​ស្រុក ក៏​នៅ​មាន​កម្រិត​ទាប ដូច​ជា វិស័យ​កែច្នៃ​កសិផល​ដែល​ប្រទេស​កម្ពុជា មាន​ស្រាប់។
របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា បំណុល​របស់​រដ្ឋាភិបាល​កម្ពុជា គិត​ត្រឹម​ចុង​ឆ្នាំ​២០១៣ នេះ​មាន​ទំហំ ស្មើ​នឹង ៣២% នៃ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា ភាគ​ច្រើន​បាន​ខ្ចី​ពី​សហគមន៍​អន្តរជាតិ។ បំណុល​ក្នុង​ស្រុក​វិញ​មាន​ទំហំ​តិច​ជាង ១% នៃ​សេដ្ឋកិច្ច​កម្ពុជា។
តំណាង​គណបក្ស​ប្រឆាំង​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​លើ​ការ​ខ្ចី​លុយ​ពី​បរទេស។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ប្រទេស​កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​មធ្យម​ក្នុង​ចំណោម​ប្រទេស​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ បំណុល​បរទេស​នេះ តែង​តែ​ទទួល​បាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា​មាន​កម្ពុជា មាន​បំណុល​ច្រើន ប៉ុន្តែ លោក ហ៊ុន សែន បញ្ជាក់​ថា ប្រទេស​កម្ពុជា អាច​ខ្ចី​លុយ​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត៖ «សម្រាប់ ១០០​ប្រទេស ប្រទេស​យើង​ស្ថិត​នៅ​លំដាប់​លេខ​៧២។ លទ្ធភាព​បារ៉ែន​របស់​វា គឺ​នៅ​ក្រោម​កម្រិត ៤០% នៃ​ផល​ទុន​ជាតិ»
លោក ហ៊ុន សែន បន្ថែម​ថា សិង្ហបុរី ជា​ប្រទេស​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​លំដាប់​លេខ​មួយ​នៅ​តំបន់​អាស៊ី និង​ប្រ៊ុយណេ វិញ​ជា​ប្រទេស​ដែល​មិន​ខ្ចី​បុល​គេ​សោះ​នៅ​លើ​ពិភពលោក។
នាយក​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​បំណុល​បរទេស​ដែល​កម្ពុជា កំពុង​ជំពាក់​គេ គឺ​ពាក់ព័ន្ធ​នឹង​កត្តា​សំខាន់​ពីរ គឺ​កម្រិត​នៃ​បំណុល​ដែល​មាន​តម្លៃ ៤​ពាន់ ៨០០​លាន​ដុល្លារ​អាមេរិក​នា​ពេល​បច្ចុប្បន្ន ដែល​នេះ​ជា​រឿង​មួយ។ ហើយ​រឿង​ទី​ពីរ​នោះ គឺ​អត្រា​បំណុល​បរទេស បើ​ធៀប​ទៅ​នឹង​ទំហំ​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​អត្រា​ជាង ៣២% នៃ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​អត្រា​នេះ​នៅ​មាន​កម្រិត​ទាប​ជាង​គេ​នៅ​តំបន់។ ការ​សង​បំណុល និង​អត្រា​ការ​ប្រាក់​ដែល​កម្ពុជា បាន​ខ្ចី​ពី​បរទេស​នោះ គឺ​សង​ទៅ​តាម​តារាង​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​អ្នក​ខ្ចី និង​ប្រទេស​ជា​ម្ចាស់​បំណុល។ ប៉ុន្តែ​បំណុល​បរទេស​ដែល​កម្ពុជា ជំពាក់​គេ គឺ​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​អនុគ្រោះ៖ «ដូច្នេះ បំណុល​របស់​ប្រទេស​កម្ពុជា គឺ​បំណុល​សម្បទាន មាន​ន័យ​ថា ជា​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប និង​ការ​សង​ត្រឡប់​ទៅ​វិញ មាន​រយៈពេល​វែង។ ទស្សនៈ​វិស័យ​ចំពោះ​ការ​គ្រប់គ្រង​បំណុល​របស់​កម្ពុជា គឺ​អាច​គ្រប់គ្រង​បាន»
អ្នក​សេដ្ឋកិច្ច​បាន​ពន្យល់​ថា កម្ចី​បរទេស គឺ​មាន​សារសំខាន់​ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​នោះ គឺ​ការ​ខ្ចី​បុល​ពី​ប្រទេស​ណា​ដែល​យក​អត្រា​ការ​ប្រាក់​ខ្ពស់ ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន ជាដើម។
របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បាន​បង្ហាញ​ថា ប្រទេស​ចិន បាន​យក​ការ​ប្រាក់​ប្រមាណ ២% ក្នុង​មួយ​ឆ្នាំ ដែល​ជា​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​គេ បើ​ធៀប​នឹង​ម្ចាស់​បំណុល​នានា។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​យក​ការ​ប្រាក់​ជា​មធ្យម ១,២៣% ក្នុង​មួយ​ឆ្នាំ ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប បាន​យក​ការ​ប្រាក់​តិច​ជាង ០,៥% ក្នុង​មួយ​ឆ្នាំ។
របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ការ​វាយ​តម្លៃ​ចំពោះ​ស្ថានភាព​បំណុល​បរទេស​របស់​កម្ពុជា គឺ​អាច​គ្រប់គ្រង​បាន។ ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​គូស​បញ្ជាក់​ថា បន្ទុក​បំណុល​បរទេស​ដែល​ប្រទេស​កម្ពុជា បាន​ជំពាក់​កន្លង​មក​នោះ ដែល​ភាគ​ច្រើន​មិន​បាន​យក​មក​អភិវឌ្ឍ​នោះ​ទេ គឺ​បំណុល​របស់​ប្រទេស​សូវៀត និង​សហរដ្ឋ​អាមេរិក។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​ហានិភ័យ​នានា​លើ​បន្ទុក​បំណុល​របស់​វិស័យ​ឯកជន ជាពិសេស​វិស័យ​ធនាគារ។
បច្ចុប្បន្ន បន្ទុក​បំណុល​របស់​វិស័យ​ធនាគារ​កម្ពុជា មាន​អត្រា​កើន​ឡើង​រហូត​ដល់ ៤០% នៃ​ទំហំ​សេដ្ឋកិច្ច ក្នុង​នោះ​រួម​មាន​កម្ចី​អន្តរជាតិ និង​កម្ចី​ក្នុង​ស្រុក តាម​រយៈ​ការ​ដាក់​សន្សំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។
ពង្រាង​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ត្រូវ​ការ​ថវិកា​ចំនួន ៣.៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រាក់​កម្ចី​ថ្មី​នឹង​មាន​ចំនួន​ជាង ៩០០​លាន​ដុល្លារ។ តួលេខ​នេះ ប្រាក់​បំណុល​បរទេស​ដែល​កម្ពុជា កំពុង​ជំពាក់​មាន​បរិមាណ ៥.៧០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៤ ឬ​សមាមាត្រ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា ម្នាក់​ជំពាក់​បំណុល​គេ​ចំនួន ៤០០​ដុល្លារ​អាមេរិក៕



No comments:

Post a Comment