កម្មករកាត់ដេរដួលសន្លប់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
RFI/ siv channa
កម្មករ រោងចក្រ មួយចំនួន ចាប់ផ្តើម ដួលសន្លប់ សារជាថ្មី
ដោយ ប្រាក់ ធីតា / RFI | ០៣ មេសា ២០១៤
ក្នុងរយៈពេលពីរថ្ងៃ មកនេះ កម្មករកាត់ដេរ ជាច្រើននាក់ បានបន្តដួលសន្លប់ ដោយពុំទាន់ដឹង ពីមូលហេតុច្បាស់លាស់។ ប៉ុន្តែរហូតមកដល់ពេលនេះ កម្មករទាំងនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ។ មន្ត្រីបេឡាសន្តិសុខជាតិ បញ្ជាក់ថា រាល់ថ្លៃព្យាបាល បេឡាជាតិជាអ្នកទទួលបន្ទុក ហើយកម្មករអាចឈប់សម្រាក់ព្យាបាលបាន ដោយមិនត្រូវបាន កាត់ប្រាក់ខែពីនិយោជកនោះទេ។
កម្មករកាត់ដែរជាច្រើននាក់ បានដួលសន្លប់ ក្នុងរយៈពេលពីរថ្ងៃមកនេះ នៅក្នុងរោងចក្រកាត់ដេរ ញ៉ូវ វាយ ក្នុងសង្កាត់ទួលពង្រ ខ័ណ្ឌពោធិ៍សែនជ័យ រោងចក្រស៊ីនចូវ និងរោងចក្រដាក្វាន់ នៅតាមបណ្តោយផ្លូវវ៉េងស្រេង។
លោក សៀង សម្បតិ្ត ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅព្រឹកថ្ងៃនេះថា កម្មករនៅក្នុងរោងចក្រស៊ីនចូវ និងរោងចក្រដាក្វាន់ បានដួលសន្លប់ជាបន្តបន្ទាប់នៅថ្ងៃនេះ ប្រមាណជាង ១០០នាក់។ លោកបានបញ្ជាក់ថា មូលហេតុដែលកម្មករដួលសន្លប់នេះ អាចមកពីបញ្ហាម្ហូបអាហារ បរិយាកាសការងារ និងមួយទៀតអាចដោយសារតែកម្មករសម្រុកធ្វើការបន្ថែមម៉ោង ដើម្បីទទួលបានប្រាក់ឈ្នួលច្រើននៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរនេះ។ ដូច្នេះហើយធ្វើឲ្យកម្មករភាគច្រើនពុំមានពេលវេលាសម្រាកគ្រប់គ្រាន់ ទើបបណ្តាលឲ្យដួលសន្លប់បែបនេះ។
ដោយឡែកមន្ត្រីខាងបេឡាសន្តិសុខជាតិម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា បេឡាសន្តិសុខជាតិ ដែលហៅកាត់ថា បសស បាននិងកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះហើយ ហើយក៏បានបញ្ជូនកម្មករទាំងអស់ដែលមានបញ្ហាទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ លោកបានអះអាងថា បេឡាជាតិ និងទទួលបន្ទុករាល់ថ្លៃព្យាបាលទាំងអស់របស់កម្មករ ហើយកម្មករអាចឈប់សម្រាកព្យាបាលជំងឺបាន ដោយមិនកាត់ប្រាក់ឈ្នួលនោះទេ។
ដោយឡែកទាក់ទងនឹងមូលហេតុ និងចំនួនកម្មករដែលបានដួលសន្លប់នោះ ខាងបេឡាជាតិមិនទាន់បានបញ្ជាក់នោះទេ ដោយសារតែខ្លួនកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។
កន្លងមក កម្មកររោងចក្រកាត់ដេរជាច្រើនរយនាក់ ធ្លាប់បានដួលសន្លប់នៅតាមរោងចក្រជាច្រើន មិនថានៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ក្រសួងការងារ និងអង្គការក្រៅរដ្ឋាភិបាលនានា ក៏ធ្លាប់បានចុះទៅអប់រំ នឹងណែនាំឲ្យថៅកែរោងចក្រនានា គិតគូរពីសុវត្តិភាពការងាររបស់កម្មករផងដែរ។ ប៉ុន្តែការដួលសន្លប់នេះ បានកើតមានសារជាថ្មីនៅពេលនេះ បន្ទាប់ពីស្ងាត់អស់មួយរយៈពេលធំមក៕
No comments:
Post a Comment