ពលរដ្ឋ នៅរតនគិរី បារម្ភ ពេលឃើញ យោធាវៀតណាម បោះជំរំ លើដីខ្មែរ
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ០៩ មេសា ២០១៤
ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំចំនួនពីរក្នុងស្រុកតាវែង ខេត្តរតនគិរី សម្ដែងការភ័យខ្លាច នៅពេលឃើញវត្តមានកងយោធាវៀតណាម មួយក្រុម បានមកបោះជំរំស្នាក់នៅតំបន់អ្នកភូមិកំពុងរស់នៅ ប៉ុន្តែមន្ត្រីអាជ្ញាធរអះអាងថា កងទ័ពវៀតណាម នេះបានមកបោះទីតាំង ដើម្បីចែកថ្នាំព្យាបាលជំងឺ និងផ្តល់អំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ។
អ្នកភូមិភាគច្រើននៅឃុំតាវែងលើ និងតាវែងក្រោម ឲ្យដឹងថា ពួកគេបានឃើញកងទ័ពស្លៀកពាក់ឯកសណ្ឋានប្រមាណ ២០នាក់ ចូលមកបោះទីតាំងស្នាក់នៅទីរួមស្រុក ដែលធ្វើឲ្យអ្នកភូមិព្រួយបារម្ភពីបញ្ហាអសន្តិសុខ និងការរឹបអូសយកដីរបស់អ្នកភូមិ។
លោកបន្តថា កងទ័ពវៀតណាម ទាំងនោះចូលមកបោះទីតាំងស្នាក់នៅក្នុងបរិវេណអនុវិទ្យាល័យតាវែង ចាប់តាំងពីដើមសប្ដាហ៍នេះរហូតមក៖ «ព្រោះខ្ញុំឃើញឡានហ្នឹងអត់ទៅវិញផង ប៉ុន្តែគ្រាន់តែបាត់មនុស្ស ហើយមនុស្សវាស្លៀកពាក់ស៊ីវិលអស់ហើយអ្នកខ្លះហ្នឹង។ ប្រជាជនគេឃើញអ៊ីចឹង ហើយគេមានការភ័យព្រួយពីការអស់ដីធ្លី ហើយអាចនឹងបណ្ដេញចេញ។ ហើយមួយទៀត គេនឹងឃើញពីរឿងមួយឲ្យតែឃើញពួកទាហានហ្នឹងមក ដឹងតែមានបញ្ហាសង្គ្រាមមានបញ្ហាស្អីហើយជាមួយទាហានខ្មែរ»។
កាលពីសប្ដាហ៍មុន អ្នកភូមិក៏បានប្រទះឃើញរថយន្តដឹកជញ្ជូនកងទ័ពវៀតណាម ស្លៀកពាក់ឯកសណ្ឋានមកកាន់តំបន់នេះ បន្ទាប់មកទាហានវៀតណាម ទាំងនោះមិនដឹងទៅណាទេ ប៉ុន្តែអ្នកភូមិមិនបានឃើញពួកគេចាកចេញពីតំបន់នោះនៅឡើយ។
ផ្ទុយពីការភ័យខ្លាចនេះ អាជ្ញាធរមូលដ្ឋាននៅស្រុកតាវែង អះអាងថា កងទ័ពវៀតណាម ទាំងនេះជាយោធាក្នុងយោធភូមិភាគ៥ មានមូលដ្ឋាននៅខេត្តយ៉ាឡាយ ជាប់នឹងខេត្តរតនគិរី។ក្រុមយោធាវៀតណាម ទាំងនេះមានបេសកកម្មព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរជាមិត្តភាព។
អភិបាលស្រុកតាវែង លោក មួង ប៉ាង ឲ្យដឹងថា អាជ្ញាធរស្រុកបានជូនដំណឹងទៅមន្ត្រីមូលដ្ឋានឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានដឹងពីបញ្ហានេះ ដើម្បីមកទទួលការព្យាបាលជំងឺពីគ្រូពេទ្យយោធាវៀតណាម នារដូវចូលឆ្នាំ។ លោកបន្តថា នេះជាកិច្ចសហការរវាងយោធាភូមិភាគ១ កម្ពុជា និងយោធាប្រទេសវៀតណាម ព្យាបាលជំងឺជូនពលរដ្ឋនៅតំបន់ជនបទ៖ «គេមកពិនិត្យជំងឺ និងជូនកាដូប្រជាពលរដ្ឋថ្ងៃចូលឆ្នាំណា! គាត់ជូនដំណឹងឲ្យខេត្ត និងភូមិភាគមួយដែរ តើដឹកនាំដោយភូមិភាគមួយស្ទឹងត្រែង យើងតើ»។
ទាក់ទិនករណីនេះដែរ ជំទប់ទី១ឃុំតាវែងលើ លោកស្រី ទឺ សឿ ទទួលស្គាល់ថា ជាចំណុចខ្វះខាតរបស់អាជ្ញាធរមូលដ្ឋាន ដែលមិនបានផ្សព្វផ្សាយទូលំទូលាយពីករណីនេះដល់អ្នកភូមិ ទើបមានការយល់ច្រឡំ។ លោកស្រីបន្តថា កងទ័ពវៀតណាម ទាំងនេះមានបេសកកម្មនៅមូលដ្ឋាននេះរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ដើម្បីចែកថ្នាំ និងព្យាបាលជំងឺ រួមទាំងចែកអំណោយសប្បុរសខ្លះដល់អ្នកភូមិក្រីក្រ៖ «មេភូមិគាត់ផ្សព្វផ្សាយអត់អស់ ពេលវេលាខ្លី គេឲ្យតែបីថ្ងៃ យើងផ្សព្វផ្សាយអត់ទាន់ទេ។ យើងផ្សព្វផ្សាយតែអ្នកដឹកនាំៗ ហើយមេក្រុមទៅតាមភូមិណាពេលដែលគេពិនិត្យជំងឺ ហើយគេចែកអំណោយបន្តិចបន្តួច ដូចជាត្រី ដូចជាអំបិល ប៊ីចេងចា៎!»។
តាមការគ្រោងទុក ក្រុមយោធាវៀតណាម នេះនឹងបន្តបេសកកម្មដូចគ្នានៅស្រុកបរកែវ និងស្រុកអណ្ដូងមាស បន្ទាប់ពីបញ្ចប់បេសកកម្មមនុស្សធម៌នៅស្រុកតាវែង នេះ៕
No comments:
Post a Comment