Paris Peace Accords 23 Oct. 1991

Thursday, April 10, 2014

លោក​ ហ៊ុន សែន​ ទម្លាយ​​ អំពី​​ កិច្ច​ស​ន្ទនា​​ តាម​​ទូរ​សព្ទ​​ ជាមួយ​ ​លោក​ ​សម រង្ស៊ី​

លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ថ្មី​អាណាត្តិ​ទី៥​ នៅ​វិមាន​សន្តិភាព​ ថ្ងៃ​ទី​​ ២៥​ កញ្ញា​ ២០១៣​
លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ថ្មី​អាណាត្តិ​ទី៥​ នៅ​វិមាន​សន្តិភាព​ ថ្ងៃ​ទី​​ ២៥​ កញ្ញា​ ២០១៣​
RFI/Siv Channa

លោក​ ហ៊ុន សែន​ ទម្លាយ​​ អំពី​​ កិច្ច​ស​ន្ទនា​​ តាម​​ទូរ​សព្ទ​​ ជាមួយ​ ​លោក​ ​សម រង្ស៊ី​

ដោយ ប៉ែន បូណា / RFI | ០៩ មេសា ២០១៤
លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ ឲ្យ​ដឹង​ជា​សាធារណៈ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អំពី​ កិច្ច​សន្ទនា ​តាម​ទូរស័ព្ទ​ជាមួយ​ លោក ​សម រង្ស៊ី កាល​ពី​ថ្ងៃ​ពុធ។ បើ​យោងតាម​លោកនាយក​ រដ្ឋមន្ត្រី លោក ​បាន​ព្រម​ព្រៀង ​ជាមួយ ​លោក ​សម រង្ស៊ី ថា​ នឹង​កំណត់​កាល​បរិច្ឆេទ​ថ្មី​ នៃ​ការ​បោះ​ឆ្នោត ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៧ និង​បោះឆ្នោត​ សភា​ នៅ​ខែកុម្ភៈ​ ឆ្នាំ ២០១៨។  ប៉ុន្តែ គណបក្ស​ សង្គ្រោះ​ជាតិ ​វិញ ​បាន​អះ​អាង ​ថា ខ្លួន​ទាម​ទារ ​ចង់បាន ​ការ​បោះ​ឆ្នោត​ សភា ​នៅ​ខែ​ឧសភា​ឆ្នាំ ២០១៧។
ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ថា​លោក​បាន​ព្រមព្រៀង​ជាមួយ​លោក សម រង្ស៊ី ថា​នឹង​កំណត់​កាល​បរិច្ឆេទ​ថ្មី​នៃ​ការ​បោះ​ឆ្នោត​លើក​ក្រោយ។ បើ​យោងតាម​លោក​នាយក​រដ្ឋមន្ត្រី លោក​និង​លោក​សម រង្ស៊ី​បាន​ឯកភាព​គ្នា​កំណត់​យក​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៧ និង បោះឆ្នោត​សភា​ខែកុម្ភៈ​ឆ្នាំ ២០១៨។
ដើម្បី​ជា​ភស្តុតាង​នៃ​កិច្ចព្រមព្រៀង​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លោក​មាន​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​រូបលោក​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​តាម​ខ្សែ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ផងដែរ។

កិច្ចសន្ទនា​ដែលមាន​រយៈពេល ៤៤ នាទី​នោះ​ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា​មានការ​ជជែក​អំពី​គម្រោង​ចូលគាល់​ព្រះមហាក្សត្រ​ក្នុង​ព្រះបរមរាជវាំង​រួមគ្នា​នៅ​ថ្ងៃទី ១១មេសា​ផងដែរ។ ប៉ុន្តែ ក្រោយមក លោក​សម រង្ស៊ី ក៏បាន​ជូនដំណឹង​ទៅ​លោកនាយក​រដ្ឋមន្ត្រី​វិញ​ថា លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​យល់ព្រម​ទេ។ នេះ​បើ​យោង​តាម​អ្វីដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាស​ឲ្យ​ដឹង។

លោក សម រង្ស៊ី មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​អំពី​បញ្ហា​នេះ​បានទេ​នៅថ្ងៃនេះ ប៉ុន្តែ លោក អឹង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ទូរស័ព្ទ​និង​ឆ្លើយ​ជំនួស​លោក​សម រង្ស៊ី ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​បាន​លើក​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​នេះ​មែន ប៉ុន្តែ លោក សម រង្ស៊ី មិន​បាន​ឆ្លើយ​តប​ឯកភាព​នៅឡើយ​ទេ។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ការបោះឆ្នោត​សភា​នៅ​ខែឧសភា ឆ្នាំ ២០១៧ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​កិច្ចព្រម​ព្រៀង​នេះ​ទទួល​បរាជ័យ​ទៅវិញ នោះ​មិន​មែន​ជា​កំហុស​របស់​លោក​និង​លោក សម រង្ស៊ី​ទេ​តែ​ជា​កំហុស​របស់លោក កឹម សុខា។ លោក កឹម សុខា ដែល​ពេលនេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅឯ​បរទេស។ យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី​អះអាងថា​មិនទាន់​អស់សង្ឃឹម​ទេ​ហើយ​បាន​សុំ​ឲ្យ​លោក​សម រង្ស៊ី​បញ្ចុះ​បញ្ចូល​លោក​កឹម សុខា កុំ​ឲ្យ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ពេក។ ទាក់ទង​នឹង​ជំនួប​កំពូល​រវាង​មេដឹកនាំ​គណបក្ស​ទាំងពីរ​វិញ លោក អេង ឆៃអ៊ាង បញ្ជាក់ថា​នៅ​មិនទាន់មាន​ការឯកភាព​រវាង​គណបក្ស​ទាំងពីរ​នៅឡើយ​ទេ៕



No comments:

Post a Comment