ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទនៅរសៀលថ្ងៃព្រហស្បតិ៍នេះ(កាន់ វិច្ឆិកា)
សម រង្ស៊ី៖ គណបក្ស សង្គ្រោះជាតិ មិនយល់ព្រម បោះឆ្នោតឡើងវិញ នៅខែកុម្ភៈ ឆ្នាំ២០១៨
ដោយ៖ កាន់ វិច្ឆិកា និង ស៊ុន ណារិន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនយល់ព្រមនឹងការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារជាការរំកិលតិចតួចពេក។
លោក សម រង្ស៊ី ថ្លែងបែបនេះជាការឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងសន្និសីទសារព័ត៌មាន លោក សម រង្ស៊ី មានប្រសាសន៍ថា លោកថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជា ដែលបានរំកិលការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨ តែគណបក្សសង្គ្រោះជាតិ មិនយល់ព្រមនឹងការបរិច្ឆេតនេះ ដោយសារម្ចាស់ឆ្នោតមិនពេញចិត្ត។ លោក សម រង្ស៊ី ចង់ឲ្យមានការរំកិលច្រើនជាងនេះ យ៉ាងតិច១ឆ្នាំ។ លោក សម រង្ស៊ី ថា ការជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបានប្រមាណ៨០ភាគរយនៅសល់តែ២០ភាគរយទេ ហើយជាអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ។
លោកសម រង្ស៊ី លោក ហ៊ុន សែន បានឯកភាពកែទម្រង់ គ.ជ.ប ដោយជ្រើសរើសសមាជិកដោយកុងសង់ស៊ីសពីគណបក្សទាំងពីរ មិនបាច់សំឡេងពីរភាគបីពីសមាជិករដ្ឋសភា។ លោក សម រង្ស៊ី បញ្ជាក់ថា ការចុះហត្ថលេខាសម្រេចលើអ្វីមួយ ត្រូវមានហត្ថលេខាលោក កឹម សុខា អនុប្រធានគណបក្ស ដោយសារគណបក្សមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នៅតែបន្តទាមទារបន្ថែមទៀតឲ្យគណបក្សប្រជាជនកម្ពុជា បន្ទន់ឥរិយាបថ និងសម្រួលដល់ការចរចា ដើម្បីឈានទៅដល់ការសម្រេចជម្លោះនយោបាយនេះឲ្យបានឆាប់រហ័ស។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ ការច្រានចោលរបស់លោក សម រង្ស៊ី លើការលើកឡើងរបស់លោក ហ៊ុន សែន គឺមិនមានគោលការណ៍ច្បាស់លាស់។ លោកថា គណបក្សប្រជាជនកម្ពុជា គោរពតាមរដ្ឋធម្មនុញ្ញ គឺមិនអាចធ្វើតាមគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការបោះឆ្នោតមុនអាណត្តិ យ៉ាងតិចរយៈពេលមួយឆ្នាំបានឡើយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា តែលោកហ៊ុន សែន ស្នើថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា៕
No comments:
Post a Comment