ជនជាប់ចោទទាំង ៧នាក់ដែលត្រូវរដ្ឋាភិបាលចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ ដើរចេញពីបន្ទប់ជនជាប់ចោទចូលក្នុងសវនាការនាសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤។
HRW សុំឲ្យទម្លាក់ចោល ការចោទ លើមនុស្ស ១៣នាក់ ពីបទផ្ដួលរំលំ រដ្ឋាភិបាលកម្ពុជា
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ១០ មេសា២០១៤
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ទទូចឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់ការចោទប្រកាន់ជនទាំង ១៣នាក់ ដែលត្រូវរដ្ឋាភិបាលចោទពីបទរួមគំនិតក្បត់ ចូលរួមក្នុងរណសិរ្សរំដោះជាតិខ្មែរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។ ការទទូចនេះ ធ្វើឡើងមួយថ្ងៃមុនសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមកាត់ទោសជនជាប់ចោទទាំង ១៣នាក់ នៅថ្ងៃទី១១ ខែមេសា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១០ ខែមេសា ថា អាជ្ញាធរកម្ពុជា គួរតែទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទទាំង ១៣នាក់។ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានកត់សម្គាល់ថា អាជ្ញាធរកម្ពុជា មិនបានបង្ហាញភស្តុតាងគួរឲ្យជឿជាក់បានចំពោះការចោទប្រកាន់នេះឡើយ ហើយថា ការចោទប្រកាន់អំពីការផ្ដួលរំលំរដ្ឋាភិបាល លោក ហ៊ុន សែន គឺមានពាក់ព័ន្ធនឹងរឿងនយោបាយ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះលើរឿងក្តីជនជាប់ចោទទាំង ១៣នាក់ ក្នុងនោះជនជាប់ចោទ ៧នាក់បានបង្ហាញខ្លួននៅចំពោះមុខតុលាការ ចំណែកជនជាប់ចោទ ៦នាក់ផ្សេងទៀត ត្រូវបានតុលាការកាត់ទោសកំបាំងមុខ។ ក្នុងចំណោមជនត្រូវកាត់ទោសកំបាំងមុខទាំង ៦នាក់នោះ ក៏មានប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ផងដែរ។
ក្នុងសវនាការកាលពីថ្ងៃទី២៨ ខែមីនា នោះ តុលាការបានបង្ហាញឯកសារផ្សេងៗដែលគេប្រមូលបាន និងបោះពុម្ពចេញពីកុំព្យូទ័ររបស់ជនជាប់ចោទ និងបានអានចម្លើយសារភាពដែលជនជាប់ចោទបានឆ្លើយសារភាព នៅចំពោះមុខចៅក្រមស៊ើបសួរ និងនគរបាលយុត្តិធម៌ កាលពីខែមីនា និងខែមេសា ឆ្នាំ២០១៣។
ប៉ុន្តែ ជនជាប់ចោទបានច្រានចោលចំពោះការចោទប្រកាន់ទាំងនោះ ហើយក៏បានច្រានចោលចម្លើយសារភាព ដែលគេបានធ្វើចំពោះមុខនគរបាលយុត្តិធម៌ ដោយលើកឡើងថា ពួកគេត្រូវបានបំភិតបំភ័យ គំរាមកំហែង និងពេលខ្លះត្រូវនគរបាលធ្វើទារុណកម្ម ដើម្បីបានចម្លើយ។ ពួកគេថា ពេលសួរចម្លើយនោះ ពួកគេមិនមានមេធាវីនៅក្បែរឡើយ ហើយថា ពេលខ្លះនគរបាលជាអ្នកពន្យល់ ហើយនគរបាលឲ្យឆ្លើយតាមការណែនាំរបស់ពួកគេទៀតផង។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា ភស្តុតាងទាំងឡាយដែលបានបង្ហាញនៅក្នុងតុលាការបញ្ជាក់យ៉ាងច្បាស់ថា ជាភស្តុតាងដែលគេបានប្រឌិតឡើង។ ប្រការនេះ លោក អាដាម ថា ការចោទប្រកាន់ទាំងឡាយគួរត្រូវបានទម្លាក់ចោល។ ជាមួយគ្នានេះ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានស្នើឲ្យប្រទេសផ្តល់ជំនួយមកកម្ពុជា ទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការប្ដេជ្ញាចិត្តជាសាធារណៈ ដើម្បីបញ្ចប់ការប្រើប្រាស់ស្ថាប័នអនុវត្តច្បាប់ និងតុលាការខ្មែរ សម្រាប់បម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន។ លោក អាដាម ថាមិនគួរមានបុគ្គលណាម្នាក់ត្រូវបានកាត់ទោសឲ្យជាប់គុក ដើម្បីបម្រើប្រយោជន៍នយោបាយរបស់ លោក ហ៊ុន សែន ឡើយ។
ជនជាប់ចោទទាំង ៧នាក់ ដែលបានបង្ហាញខ្លួនក្នុងតុលាការ កាលពីថ្ងៃទី២៨ ខែមីនា រួមមាន លោក យ៉ាន យឿន លោក ខេ ម៉ា លោក យ៉ន គឹមស្រ៊ុន លោក សួន សុទ្ធិគន្ធ ព្រមទាំងពលរដ្ឋខ្មែរក្រោម ៣នាក់ទៀត គឺលោក ថាច់ កុងភួង លោក យិន យ៉ាវ និងលោក សួន ថុល។ ពួកគេទាំងអស់នេះ ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៣ ក្នុងទឹកដីថៃ។ ពួកគេទាំង ៧នាក់នោះ ៣នាក់ត្រូវចោទពីបទរួមគំនិតក្បត់ និង ៤នាក់ផ្សេងទៀត ត្រូវចោទពីបទរួមគំនិតក្បត់ផង និងឆ្លងដែនខុសច្បាប់ផង។
ជនជាប់ចោទទាំង ១៣នាក់ អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៃការជំនុំជម្រះលើពួកគេ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤៕
No comments:
Post a Comment