អង្គការ សហប្រជាជាតិ ជំរុញ ឱ្យសភាខ្មែរ អនុម័តច្បាប់ ប្រកប ដោយតម្លាភាព
ដោយ តាំង សារ៉ាដា / RFA | 8 April 2014
មន្ត្រីជាន់ខ្ពស់ របស់ អង្គការ សហប្រជាជាតិ បានជំរុញ ឲ្យរ
តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីថ្ងៃច័ន្ទ ទី៧ មេសា បានចេញសេចក្ដីថ្លែងការណ៍បង្ហាញអំពីការព្រួយបារម្ភរបស់លោកចំពោះ ការអនុម័តច្បាប់នានានៅកម្ពុជា ដែលអវត្តមានរបស់ក្រុមតំណាងរាស្ត្រពីខាងគណបក្សប្រឆាំង។
សេចក្ដីថ្លែងការណ៍របស់មន្ត្រីអង្គការសហប្រជាជាតិរូបនេះ ក៏បានសម្ដែងការមិនពេញចិត្តផងដែរ ចំពោះការបន្តរំលោភសិទ្ធិមនុស្សនៅកម្ពុជា៖ «ខ្ញុំបានតាមដាន យ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ដែលខ្ញុំនៅតែឃើញមានការរឹតត្បិតការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស។ បញ្ហានេះគឺជាឧបសគ្គរាំងស្ទះដោយផ្ទាល់ទៅដល់ដំណោះស្រាយនយោបាយដែល កំពុងជាប់គាំងចាប់តាំងពីការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣»។
ជាងនេះទៅទៀត លោក សុរិយា ស៊ូប៊ែឌី ក៏បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះការអនុម័តច្បាប់ដោយ គណបក្សតែមួយ ហើយដែលគ្រាន់ជាផ្នែកមួយនៃអង្គបោះឆ្នោតប៉ុណ្ណោះ។ លោកបន្តថា នៅក្នុងប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ពលរដ្ឋតែងត្រូវបានគេផ្ដល់ឱកាសគ្រប់គ្រាន់ក្នុងការចូលរួមផ្ដល់ ទស្សនៈយោបល់ទៅដល់ខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងឡាយជាអាទិភាព ខ្ពស់សម្រាប់ការអនុម័តដោយរដ្ឋសភា។
ម្យ៉ាងទៀតត្រូវបើកឱកាសឲ្យក្រុមតំណាងរាស្ត្រពីខាងគណបក្ស ប្រឆាំងដើម្បីធ្វើការជជែកសួរដេញដោលគ្នាមុនពេលអនុម័តសេចក្ដី ព្រាងច្បាប់ដោយរដ្ឋសភា។
ទាក់ទងនឹងបញ្ហានេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា លោក សុរិយា ស៊ូប៊ែឌី គ្មានសិទ្ធិចង្អុលបង្ហាញ ឬបញ្ជាឲ្យរដ្ឋសភារបស់កម្ពុជា ធ្វើអ្វីទៅតាមខ្លួននោះឡើយ។
លោកបន្តថា គណបក្សប្រជាជនកម្ពុជា តែងស្វាគមន៍ឲ្យមានវត្តមានរបស់ក្រុមប្រឆាំងក្នុងការចូលរួមប្រជុំសភា៖ «យើង មិនដែលរឹតត្បិតតំណាងរាស្ត្រគណបក្សប្រឆាំងមិនឲ្យចូលរដ្ឋសភាឯណា ហើយប្រសិនបើគាត់យល់ថា ការដែលគណបក្សប្រឆាំងមិនចូលរដ្ឋសភានេះ ធ្វើឲ្យបាត់សំឡេងប្រឆាំង ឬគាបសង្កត់សំឡេងប្រឆាំងអីហ្នឹង ចុះគាត់មានអីពិបាក? គាត់ទូរស័ព្ទមកឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា ជំរុញឲ្យពីរនាក់ហ្នឹងចូលប្រជុំក្នុងរដ្ឋសភាទៅ គណបក្សគាត់ទាំង ៥៥កៅអីហ្នឹង»។
ប៉ុន្តែក្រុមមេដឹកនាំបក្សជំទាស់អះអាងថា អវត្តមានរបស់ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិក្នុងការចូល រួមប្រជុំសភា គឺដោយសារតែគ្មានការព្រមព្រៀងគ្នាលើការកែទម្រង់ប្រព័ន្ធបោះឆ្នោត ស្របតាមឆន្ទៈរាស្ត្រ និងដោះស្រាយភាពមិនប្រក្រតីទាំងឡាយក្រោយការបោះឆ្នោត ដូចជាការទាមទារឲ្យបោះឆ្នោតឡើងវិញជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកដើម្បីផ្ដល់ព័ត៌មានជូនអ្នក គាំទ្រ និងសហគមន៍អន្តរជាតិ អំពីស្ថានភាពជាក់ស្ដែងនៃនយោបាយក្នុងប្រទេសកម្ពុជានោះ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីរដ្ឋមីនីសូតា (Minnesota) ថា ឧបសគ្គដែលមិនឲ្យក្រុមបក្សប្រឆាំងចូលរួមប្រជុំសភា គឺដោយសារគណបក្សប្រជាជនកម្ពុជា មិនព្រមកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក កឹម សុខា៖ «អត្ថន័យរបស់លោក សុរិយា ស៊ូប៊ែឌី ចង់ប្រាប់ទៅគណបក្សប្រជាជនកម្ពុជា។ ចង់ប្រាប់ទៅរដ្ឋសភាសព្វថ្ងៃថា អ្វីដែលខ្លួនដំណើរការឯកបក្ស ឬបក្សតែមួយនេះ គឺវាមិនសមស្របនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ទោះបីខ្លួនថា មិនហាមឃាត់មិនឲ្យយើងចូលក៏ដោយ ក៏អ្វីដែលខ្លួនមិនព្រមដោះស្រាយបញ្ហាភាពមិនប្រក្រតីជុំវិញការ បោះឆ្នោត មិនព្រមធ្វើការកែទម្រង់ បង្ហាញឲ្យឃើញជាក់ស្ដែងនៃការកែទម្រង់ គ.ជ.ប ជាដើម ដែលយើងជជែកគ្នាហ្នឹង អាហ្នឹងដែលជាការរារាំងមិនអាចឲ្យពួកយើងចូលប្រជុំដោយក្បត់ ឆន្ទៈពលរដ្ឋបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឈាង វុន អះអាងថា តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្តដំណើរអនុម័តច្បាប់ទាំងឡាយដដែល បើទោះបីគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ហើយថា ការធ្វើបែបនេះគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា អះអាងថា តួនាទីរបស់តំណាងរាស្ត្រពីខាងបក្សប្រឆាំងមានសារសំខាន់ខ្លាំងជាង គណបក្សកាន់អំណាច ហើយប្រសិនបើបក្សកាន់អំណាចអនុម័តច្បាប់ដោយគ្មានការចូលរួមរបស់ ក្រុមបក្សប្រឆាំង នោះច្បាប់ដែលចូលជាធរមានរួចហើយ អាចគ្រាន់តែជាច្បាប់ដើម្បីការពារផលប្រយោជន៍ក្រុមអ្នកកាន់អំណាច ប៉ុណ្ណោះ។
លោក នី ចរិយា៖ «សភាបើទោះបីជាគ្មានគណបក្សប្រឆាំងទេ ហើយធ្វើការអនុម័តបាន វាអាចធ្វើការអនុម័តបាន ក៏ប៉ុន្តែប្រសិទ្ធភាពច្បាប់ដែលចេញមកពីការអនុម័តដោយសភាមួយ ដែលគ្មានការសួរដេញដោលពីខាងគណបក្សប្រឆាំងដែលគ្មានការបើកសេរី ឲ្យមានការបញ្ចេញមតិ គឺថាជាច្បាប់មួយ ដើម្បីបម្រើនិងការពារផលប្រយោជន៍ឲ្យអ្នកកាន់អំណាច»។
កាលពីថ្ងៃទី១ ខែមេសា រដ្ឋសភាដែលមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំលើកទី២ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ដើម្បីអនុម័តច្បាប់ថ្មីៗជាច្រើន ហើយនឹងគ្រោងអនុម័តច្បាប់ស្ដីពីការរៀបចំអង្គចៅក្រម និងច្បាប់ស្ដីពីសន្ធិសញ្ញាជាដើមនៅពេលខាងមុខ។
ចំពោះដំណើរការអនុម័តច្បាប់នេះ សេចក្ដីថ្លែងការណ៍របស់លោក សុរិយា ស៊ូប៊ែឌី បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដាក់បង្ហាញដល់សាធារណជន និងក្រុមអ្នកជំនាញឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងឡាយក្នុងបរិបទ គោរពសិទ្ធិមនុស្សមុនពេលបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភា៕
No comments:
Post a Comment