កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃ៩ មករា ឆ្នាំ២០១៤។
RFA/Uon Chhin
ផលប៉ះពាល់ ពី ការហាមពលរដ្ឋ មិនឲ្យ តវ៉ា នៅទីលានប្រជាធិបតេយ្យ
ដោយ សុ ជីវី / អាស៊ីសេរី | ០៦ មេសា ២០១៤
ច្បាប់ ស្ដីពី បាតុកម្ម ដោយសន្តិវិធី បានចែងថា អាជ្ញាធរ ត្រូវបង្កើត ឲ្យមានទីកន្លែង បញ្ចេញមតិជាសាធារណៈ មួយ សម្រាប់ ការធ្វើបាតុកម្ម ដោយ សន្តិវិធី គ្រប់រាជធានី ខេត្ត នៅទូទាំងប្រទេស នៅរយៈពេល ៦ខែ ក្រោយច្បាប់នេះ ចូលជា ធរមាន។
ឆ្លើយតបនឹងច្បាប់នេះ នៅរាជធានីភ្នំពេញ អាជ្ញាធរបានបង្កើតទីលានប្រជាធិបតេយ្យ នៅពេលដែលតាមបណ្ដាខេត្ត ក្រុងដទៃ ភាគច្រើននៅមិនទាន់មានទីលានប្រភេទនេះនៅឡើយ។ តើទីលានប្រជាធិបតេយ្យមានតួនាទីអ្វីខ្លះ? តើការរឹតបន្តឹង ឬការហាមប្រាមការតវ៉ានៅទីលានប្រជាធិបតេយ្យធ្វើអោយប៉ះពាល់អ្វីខ្លះ?
កម្មការិនីថ្លែងដោយខ្លីថា ការបិទទីលានប្រជាធិបតេយ្យ គឺជាការបំបិទសេរីភាពពលរដ្ឋ ដែលផ្ទុយគ្នាស្រឡះពីការអនុវត្តនៃលទ្ធិប្រជាធិបតេយ្យ៖ «គួរតែពួកខ្ញុំដែលជាស្ត្រីមកទាមទារសិទ្ធិហ្នឹង ឲ្យបានមានសិទ្ធិពេញលេញ មិនសមណារាជរដ្ឋាភិបាលធ្វើអ៊ីចឹង ជាទង្វើគួរឲ្យស្អប់ខ្ពើមជាទីបំផុត»។
កម្មការិនីដដែលបន្តថា តាមច្បាប់ទីលាននេះត្រូវបង្កើតក្នុងគោលបំណងធានាសេរីភាពបញ្ចេញមតិ គឺពុំមែនបង្កើតក្នុងគោលដៅការបំបិទសេរីភាពពលរដ្ឋឡើយ។
សាលារាជធានីភ្នំពេញ បានបង្កើតទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅក្បែរវត្តភ្នំ ខាងលិចស្ពាននាគ។ ទីលានប្រជាធិបតេយ្យលាតសន្ធឹងលើផ្ទៃដីដែលមានទំហំទទឹង ៥៥ម៉ែត្រ និងបណ្ដោយ ១៩៨ម៉ែត្រ (តាមសាលាក្រុងគឺ ៦០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ)។ ទីលាននោះត្រូវប្រកាសអោយប្រើប្រាស់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយលោក កែប ជុតិមា ដែលកាលនោះលោកជាអភិបាលក្រុងភ្នំពេញ។
ស្របពេលដែលមានទីលានប្រជាធិបតេយ្យ អាជ្ញាធរបានប្រកាសបិទបញ្ចប់ការតវ៉ានៅតាមទីសាធារណៈនានា ដែលពួកគេធ្លាប់ទៅតវ៉ាកន្លងទៅ។
ទីតាំងទាំងនោះគឺសំដៅដល់សួនច្បារវត្តបទុម រមណីយដ្ឋានវត្តភ្នំ ខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ខាងមុខអតីតមន្ទីររដ្ឋសភា និងមុខរដ្ឋសភាបច្ចុប្បន្ន ខាងមុខគ្រឹះស្ថានរដ្ឋនានា និងតាមដងផ្លូវសាធារណៈជាដើម។
ទស្សនៈសង្គមស៊ីវិលជាច្រើនបានរិះគន់ និងមានការព្រួយបារម្ភម្ដងរួចមកហើយ ដោយចាត់ទុកការហាមប្រាមការតវ៉ានៅទីសាធារណៈដោយបង្វែរអោយទៅតវ៉ានៅទីលានប្រជាធិបតេយ្យនោះ បានរុញច្រានដំណើរការលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងថា លោកតែងចាត់ទុកទីលានប្រជាធិបតេយ្យថា ជាលក្ខណៈពិសេសនៃការធានាសេរីភាពបញ្ចេញមតិនៅកម្ពុជា៖ «...រដ្ឋាភិបាលឥឡូវហ្នឹងកំពុងតែខុសច្បាប់ខ្លួនឯងទៀត។ ច្បាប់ហ្នឹងចែងក្នុងរយៈពេល ៦ខែត្រូវតែមានទីលានប្រជាធិបតេយ្យគ្រប់ខេត្តក្រុងទាំងអស់។ ក្នុងហ្នឹងគេបានចែង គឺទីលានប្រជាធិបតេយ្យបង្កឲ្យមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលចង់បញ្ចេញមតិហ្នឹង បើសិនជាគាត់ជ្រើសរើសចង់ធ្វើនៅទីលានប្រជាធិបតេយ្យ»។
ចំណែកមន្ត្រីសហជីព និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ដែលតែងចូលរួមការតស៊ូមតិការពារសិទ្ធិមនុស្ស តែងចាត់ទុកទីលានប្រជាធិបតេយ្យថា ជាការកម្រិតសេរីភាពបញ្ចេញមតិរបស់ពួកគេរួចទៅហើយ។ ការបិទមិនអោយមានការជួបជុំនៅទីលានប្រជាធិបតេយ្យ គឺមានន័យថា បាត់សេរីភាព នៅពេលទីសាធារណៈផ្សេងៗក៏ត្រូវហាមឃាត់ ឬត្រូវសមត្ថកិច្ចប្រើហិង្សាបំបែកការជួបប្រជុំ។ (សំឡេងតវ៉ាគ្នា)
មាត្រា ២៨ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី ដែលប្រកាសអោយអនុវត្តកាលពីខែធ្នូ ឆ្នាំ២០០៩ បានចែងថា អាជ្ញាធររាជធានី និងខេត្តនីមួយៗ ត្រូវបង្កើតកន្លែងបញ្ចេញមតិជាសាធារណៈ។ ច្បាប់នេះក៏កំណត់ចំនួនអ្នកចូលរួមធ្វើបាតុកម្មនៅក្នុងទីលានប្រជាធិបតេយ្យនេះគឺយ៉ាងច្រើនបំផុតត្រឹម ២០០នាក់។ កាលណោះមន្ត្រីរដ្ឋាភិបាលអះអាងថា ទីលាននេះគឺជាកន្លែងដែលពលរដ្ឋខ្មែរ មិនថាតែក្នុងប្រទេសទេ គឺអ្នកនៅក្រៅប្រទេសក៏អាចមកបញ្ចេញមតិនៅទីនេះដែរ។
កាលពីចុងខែមីនា លោក ប៉ា សុជាតិវង្ស ជាអភិបាលថ្មីរាជធានីថ្មី ដែលបន្តវេនពីអភិបាលចាស់លោក កែប ជុតិមា បានប្រកាសផ្អាកលែងអោយមានការតវ៉ានៅទីលានប្រជាធិបតេយ្យ។
ទាក់ទិននឹងការប្រកាសបិទទីលានប្រជាធិបតេយ្យ មន្ត្រីសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ក្នុងអំឡុងពេលដែលបញ្ហានយោបាយនៅមិនទាន់មានភាពនឹងន ហើយការស៊ើបអង្កេតពីបញ្ហាពាក់ព័ន្ធមិនទាន់បញ្ចប់ គ្រប់ការជួបប្រជុំនៅទីលានប្រជាធិបតេយ្យត្រូវហាមឃាត់ជាបណ្ដោះអាសន្ន។ ប៉ុន្តែពុំលោកបញ្ជាក់ទេថា នឹងបើកឡើងវិញនៅពេលណាឡើយ។
លោក ឡុង ឌីម៉ង់៖ «យើងអនុញ្ញាតឲ្យគាត់ជួបជុំគ្នា សម្ដែងមតិរបស់គាត់ហ្នឹង គឺធ្វើនៅទីស្នាក់ការរបស់គាត់ ឬនៅទីតាំងឯកជនណាមួយដែលម្ចាស់ទីតាំងអនុញ្ញាតជូន»។
ពិតមែនថាទើបតែមានការប្រកាសជាផ្លូវការ ក៏ការហាមប្រាមនេះទំនងបានបន្តចាប់តាំងពីមានការបណ្ដេញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៤ ខែមករា អោយចេញពីទីលានប្រជាធិបតេយ្យ បន្ទាប់ពីពួកគេជាច្រើនរយនាក់បានបោះទីតាំងនៅទីនោះទាំងយប់ទាំងថ្ងៃអស់រយៈពេល ៣សប្ដាហ៍ តវ៉ាប្រឆាំងលទ្ធផលឆ្នោត និងទាមទារអោយមានការបោះឆ្នោតឡើងវិញ។
ទីលានប្រជាធិបតេយ្យត្រូវកងកម្លាំងអាជ្ញាធរឃ្លាំមើលជាប់ជាប្រចាំ។ ក្រុមកងកម្លាំងអាជ្ញាធរ ជាពិសេសក្រុមសន្តិសុខសាលាខណ្ឌបានរារាំង ទប់ស្កាត់រាល់ការជួបប្រជុំ។
មន្ត្រីផ្នែកច្បាប់នៃមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍លោក ហួន ជុនឌី មានប្រសាសន៍ថា ការហាមប្រាមការតវ៉ានៅពេលនេះ កំពុងរំលោភលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «ប្រជាធិបតេយ្យគឺគេយកប្រជាពលរដ្ឋជាធំ នេះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយរដ្ឋធម្មនុញ្ញបានចែងហើយថា ប្រជាពលរដ្ឋជាម្ចាស់វាសនារបស់ប្រទេសជាតិ ប្រជាពលរដ្ឋជាម្ចាស់អំណាច។ បើសិនជាប្រជាពលរដ្ឋចំនួនច្រើន គាត់ចង់ធ្វើអ្វីមួយ សម្ដែងមតិអ្វីមួយក្នុងន័យសន្តិវិធីហើយ រដ្ឋមិនអាចយកលេសនេះលេសនោះមករារាំងបានទេ»។
ការលើកឡើងនេះត្រូវបានច្រានចោលដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោ ខៀវ សុភ័គ។ លោកអះអាងថា បាតុកម្មកន្លងមកគឺជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ហេតុនេះរាល់ការជួបប្រជុំនៅទីលានប្រជាធិបតេយ្យ គឺត្រូវឆ្លងកាត់ការសម្រេចពីអាជ្ញាធរសមត្ថកិច្ច៖ «...បើគេឲ្យធ្វើ ធ្វើ បើគេមិនឲ្យធ្វើ អាហ្នឹងតាមការសម្រេចរបស់សាលារាជធានី។ ពីព្រោះបាតុកម្មកន្លងមក មិនមែនជាបាតុកម្មពិតប្រាកដតាមការទាមទារ សូម្បីតែកាលលោក សម រង្ស៊ី និងលោក កឹម សុខា គាត់ធ្វើស្អីនៅមុខអតីតរដ្ឋសភាហ្នឹង ពេលចប់គាត់ដង្ហែក្បួនមកចាក់អង្រែ ហើយនៅចាក់អង្រែ គាត់ស្រែកទាមទារ ហ៊ុន សែន អើយចុះចេញទៅ! វាអ៊ីចឹង! វាមិនមែនបង្សុកូលរំឭកវិញ្ញាណក្ខន្ធអីណា»។
នៅថ្ងៃធម្មតាដែលមិនជាប់រវល់ធ្វើវេទិកាផ្សេងៗ ជុំវិញទីលានប្រជាធិបតេយ្យ ជាទីកន្លែងដែលអ្នកកួកជេឡាន ចតឡានព្រោងព្រាតសម្រាប់លក់ឲ្យអតិថិជន។ ក្នុងឡានមួយគ្រឿងដែលចតនៅទីនោះ ម្ចាស់ឡានត្រូវបង់លុយអោយអាជ្ញាធរខណ្ឌដូនពេញយ៉ាងតិចបំផុត ៦ពាន់រៀលក្នុង១ថ្ងៃៗ៕
No comments:
Post a Comment