ពលរដ្ឋ រំពឹង ថា, បញ្ហានយោបាយ ត្រូវ បានបញ្ចប់ នៅក្នុងឆ្នាំថ្មី
RFA | 15 April 2014
បញ្ហាជាប់គាំង នយោបាយ បានចេញ ជាពន្លឺ ខ្លះៗ ក៏ដោយ ក៏ប៉ុន្តែ ការទម្លាយ ភាពជាប់គាំង នយោបាយនេះ នៅតែ ជាបញ្ហា ស្រពេចស្រពិល នៅឡើយ។ ប្រជាពលរដ្ឋ គ្រប់ស្រទាប់ បានលើកឡើង ថា, ពិធីចូលឆ្នាំថ្មី បានមកដល់ហើយ; អ្នកនយោបាយ ត្រូវតែ បញ្ចប់ជម្លោះ រ៉ាំរ៉ៃនេះ ដើម្បី ជាកាដូជូន ពួកគាត់ និងរួមគ្នា កសាង ប្រទេសជាតិ នៅខណៈ ដែលប្រជាពលរដ្ឋ កំពុងប្រឈម នឹងបញ្ហាលំបាក សព្វបែបយ៉ាងនេះ។
ឆ្នាំថ្មី បានមកដល់ ប្រជាពលរដ្ឋ គ្រប់រូប ចង់បាន មានការរីក ចម្រើន ទាំងធនធាន ទាំងសេចក្ដីសុខ ក្សេមក្សាន្ត ក្នុងគ្រួសារ និងសង្គមជាតិ ជាដើម។ ជាមួយគ្នានេះ អ្វី ដែលប្រជាពលរដ្ឋ ទន្ទឹងរង់ចាំនោះ នាឱកាសឆ្នាំថ្មី បានមកដល់នេះ គឺ ការបញ្ចប់ ជម្លោះ នយោបាយ។
ឆ្នាំថ្មី ប្រជាពលរដ្ឋ សង្ឃឹមថា នឹងមានអ្វីថ្មី មានការរីកចម្រើន សម្រាប់ ពួកគាត់, រាប់ទាំង សេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ច ប្រទេសជាតិ ។ល។ ក៏ប៉ុន្តែ ដើម្បី រីកចម្រើន សេដ្ឋកិច្ចជាតិ ទៅបាននោះ អ្នក ជំនាញសេដ្ឋកិច្ច បានលើកឡើង ថា លុះត្រាណា អ្នក នយោបាយ មានការរួបរួមគ្នា អភិវឌ្ឍន៍ ប្រទេសជាតិ។
ប្រជាពលរដ្ឋនៅខែត្រព្រះវិហារ ឈ្មោះ លី ហេង បានត្អូញត្អែរថា នៅខណៈដែលស្ថានភាពជាប់គាំងនយោបាយនេះ ប្រជាពលរដ្ឋមានការលំបាកក្នុងការប្រកបមុខរបរផ្សេងៗ។ លោកបញ្ជាក់ថា អ្វីដែលធ្វើឲ្យកាន់តែលំបាកទៅទៀតនោះ គឺទំនិញសព្វសារពើកាន់តែឡើងថ្លៃ ធ្វើឲ្យពួកគាត់ជាកសិកររកចំណូលប្រចាំថ្ងៃបានតិចតួចនោះមានការ លំបាក។ លោកលើកឡើងថា ជម្លោះនយោបាយក្រោយការបោះឆ្នោតជាដើមចមមួយធ្វើឲ្យប្រជាពលរដ្ឋមាន ការលំបាកក្នុងការរកចំណូល។
ការជាប់គាំងនយោបាយក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មកនោះ មិនត្រឹមត្រូវតែធ្វើឲ្យប្រជាពលរដ្ឋរងប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយ ប្រយោលនោះទេ ក៏ទំនាស់នយោបាយនេះធ្វើឲ្យប្រជាពលរដ្ឋនិងកម្មកររោងចក្រ មានការបង្ហូរឈាមដោយសារគ្រាប់កាំភ្លើងរបស់កងកម្លាំងរដ្ឋាភិបាល ក្នុងការចុះបង្ក្រាបទៀតផង។
ឆ្នាំថ្មីឆ្នាំមមី បានមកដល់ ប្រជាពលរដ្ឋមិនចង់ឃើញមានការបង្ហូរឈាមរវាងខ្មែរនិងខ្មែរទៀតទេ អ្វីដែលប្រជាពលរដ្ឋចង់បាននោះ គឺការបង្រួបបង្រួមគ្នារវាងខ្មែរគ្រប់ភាគី ដើម្បីបញ្ចប់អំពើហិង្សាទាំងឡាយដែលបង្កឡើងដោយសារបញ្ហាជាប់គាំង នយោបាយនេះ។
ដ្បិតតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងដូចៗគ្នាថា បញ្ហាជម្លោះនយោបាយនេះនឹងបញ្ចប់នៅក្នុងពេលឆាប់ៗនោះក្ដី ក៏ប៉ុន្តែបញ្ហាជាប់គាំងនយោបាយនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។
ការជាប់គាំងនយោបាយនេះ ចំពោះអ្នកលក់ដូរវិញ ក៏ត្អូញត្អែរអំពីផលលំបាកក្នុងការលក់ដូរប្រចាំថ្ងៃដែរ។ ពួកគាត់បានលើកឡើងថា ក្រោយពីស្ថានភាពនយោបាយជាប់គាំង ការលក់ដូរមានការថយចុះដោយសារគ្មានមនុស្សធ្វើចរាចរណ៍ច្រើនជា ដើម។
អាជីវករនៅផ្សារដើមគរ បានរៀបរាប់ថា បញ្ហាជាប់គាំងនយោបាយជាឧបសគ្គធំណាស់សម្រាប់សង្គមជាតិ មិនថាអាជីវករលក់ដូរ មិនថាប្រជាកសិករនោះទេ។ បញ្ហាជាប់គាំងនយោបាយជាឧបសគ្គក្នុងការធ្វើឲ្យចរន្តសេដ្ឋកិច្ចដើរ ទៅបានល្អ ពីព្រោះថា ប្រជាពលរដ្ឋរកលុយមិនសូវបាន ហើយគាត់ជាអាជីវករវិញក៏លក់មិនសូវដាច់ទេ។
អ្នករត់កង់បីនៅក្នុងរាជធានីភ្នំពេញ មួយរូបឈ្មោះ វណ្ណៈ បានឲ្យដឹងថា ការចំណូលពីការរត់រ៉ឺម៉កកង់បីនេះ ជាមុខរបរគ្មានជម្រើស។ វណ្ណៈ បានលើកឡើងថា លោកធ្លាប់ធ្វើការក្រុមហ៊ុនដែរពីមុន ក៏ប៉ុន្តែដោយសារប្រាក់ខែតិចមិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់ វណ្ណៈ ក៏ឈប់ធ្វើការនិងរត់ម៉ូតូកង់បី និងប្រកបមុខរបរផ្សេងទៀត។ លោកបញ្ជាក់ថា នៅក្នុងស្ថានភាពជាប់គាំងនយោបាយនេះ ទំនិញសព្វសារពើឡើងថ្លៃ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរកបានតិចមិនអាចចាយគ្រប់។
របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៤ ត្រូវបានព្យាករថា នឹងសម្រេចបាន ៧.២% អាស្រ័យលើការវិលត្រឡប់ទៅកាន់ស្ថិរភាពនយោបាយ និងក្ដីរំពឹងអំពីទំនុកចិត្តសាជាថ្មី។
ប្រទេសកម្ពុជា មានក្រុមអ្នកងាយរងគ្រោះច្រើនកំពុងប្រឈមនៅឡើយ ក្នុងនោះប្រជាជន ៨លាននាក់រស់នៅក្បែរបន្ទាត់ភាពក្រីក្រ និងចំនួន ៣លាននាក់ ស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រនៅឡើយ ឬមានន័យថា ពួកគេមិនអាចរកចំណូលបាន ៥ពាន់រៀលក្នុងមួយថ្ងៃ។
ទាក់ទងនឹងបញ្ហានេះ យុវជនឈ្មោះ ចាន់ ធី មកពីខែត្រព្រៃវែង បាននិយាយថា ភាពឥតការងារធ្វើជាឧបសគ្គដ៏ចម្បងរបស់យុវជនដែលយុវជននៅតាមបណ្ដា ខែត្រភាគច្រើនបានធ្វើចំណាកស្រុកទៅរកការងារធ្វើជាកម្មករសំណង់ នៅទីក្រុងភ្នំពេញ ខ្លះទៀតទៅប្រទេសថៃ ជាដើម។ លោកបញ្ជាក់ថា យុវជនភាគច្រើនរស់នៅក្នុងភាពអស់សង្ឃឹមគ្មានគោលដៅច្បាស់លាស់។ លោកលើកឡើងថា លោកចង់ឲ្យអ្នកនយោបាយដោះស្រាយបញ្ហានយោបាយយកប្រជាពលរដ្ឋជាធំ ពីព្រោះលោកមើលឃើញថា ក្រោយការបោះឆ្នោតមកនេះ លោកពុំឃើញអ្នកនយោបាយគិតគូរពីប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញអ្នកនយោបាយយកប្រជាពលរដ្ឋជាឧបករណ៍នយោបាយរបស់ខ្លួនទៅ វិញ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រជាពលរដ្ឋបច្ចុប្បន្ននេះ មិនងាយឲ្យអ្នកនយោបាយបោកប្រាស់បានដូចពីមុនទៀតទេ ក៏ប៉ុន្តែលោកបញ្ជាក់ថា ស្ថានភាពជាប់គាំងនយោបាយនេះ អ្នកដែលរងគ្រោះខ្លាំងគឺប្រជាពលរដ្ឋ។
ប្រទេសកម្ពុជា បានដើរជាន់ដានប្រវត្តិសាស្ត្ររបស់ខ្លួនម្ដងហើយម្ដងទៀត នៅក្រោយពេលបោះឆ្នោតម្ដងៗ គណបក្សចាញ់ឆ្នោតមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសារតែ គ.ជ.ប ត្រូវបានគណបក្សប្រឆាំងចោទប្រកាន់ថា មិនឯករាជ្យ រៀបចំការបោះឆ្នោតគ្មានភាពយុត្តិធម៌ជាដើម ដូចជា ការជាប់គាំងក្រោយការបោះឆ្នោតឆ្នាំ២០០៣ បានអូសបន្លាយពេលជិត ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលថ្មីបាន។ ឆ្នាំ២០១៣ នេះ ថ្វីត្បិតតែរដ្ឋាភិបាលឯកបក្សបង្កើតទៅបាន ប៉ុន្តែមកទល់ពេលនេះ ការជាប់គាំងនយោបាយនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ បានអូសបន្លាយពេលប្រមាណ ៨ខែហើយ ដែលគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋសង្ឃឹមថា អ្នកនយោបាយនឹងដោះស្រាយបញ្ចប់ជម្លោះនយោបាយបាននៅក្នុងឆ្នាំថ្មី នេះ ដើម្បីដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនដូចប្រទេសនៅក្នុងតំបន់ឯទៀត៕
No comments:
Post a Comment