ពិធីបើក លំហាត់ឆ្មាំអង្គរឆ្នាំ២០១៤ រវាងកងទ័ពជើងគោកកម្ពុជា និងសហរដ្ឋអាមេរិក នាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ មេសា ឆ្នាំ២០១៤។ RFA/Mom Sophon
ទាហានជើងគោក កម្ពុជា និងអាមេរិក ធ្វើលំហាត់ ឆ្មាំអង្គរ ឆ្នាំ២០១៤ រួមគ្នា
ដោយ វោហារ ជាតិ / អាស៊ីសេរី | ២១ មេសា ២០១៤
កងទ័ពជើងគោក កម្ពុជា និងកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំតំបន់ ប៉ាស៊ីហ្វិក បានបើកវគ្គរួមគ្នាហ្វឹកហ្វឺន លំហាត់ ឆ្មាំអង្គរ ឆ្នាំ២០១៤ នៅថ្ងៃទី២១ មេសា ដែលលំហាត់នេះ ធ្វើឡើងនៅកម្ពុជា។
វគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរឆ្នាំ២០១៤ នេះ មានរយៈពេល ១០ថ្ងៃ ហ្វឹកហ្វឺនដើម្បីបង្កើនជំនាញ និងសម្ថភាពទាហានក្នុងកិច្ចសហប្រតិបត្តការ ដើម្បីជួយផ្នែកមនុស្សធម៌។
ឧត្ដមសេនីយ៍ត្រី ជន ហ្គូដដែល (John Goodale) ឧបការីអគ្គលេខាធិការមេបញ្ជាការកងទ័ពឆ្មាំជាតិនៃរដ្ឋ អ៊ីដាហូ (Idaho) សហរដ្ឋអាមេរិក បញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរឆ្នាំ២០១៤ នេះ សំដៅលើកកម្ពស់សមត្ថភាពកងទាហានប្រទេសទាំងពីរ ដើម្បីត្រៀមជាស្រេច និងមានសមត្ថភាពប្រតិបត្តិការអន្តរជាតិ រួមទាំងផ្ដល់ឱកាសឲ្យទាហានធ្វើការងារជាមួយភ្នាក់ងារផ្សេងទៀតដែលធ្វើការខាងមនុស្សធម៌ និងសង្គ្រោះបន្ទាន់។
ចំណែកភាគីកម្ពុជា លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក ដែលចូលរួមពិធីនោះរំពឹងថា កងទាហានភាគីកម្ពុជា នឹងទទួលបានបទពិសោធន៍ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមសហការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើង៕
No comments:
Post a Comment