អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា (រូបភាពព្រីនស្រ្គីន)
លោក កឹម សុខា៖ គណបក្ស សង្គ្រោះជាតិ មិនទាន់មានគម្រោងចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីយប់ថ្ងៃចន្ទបន្ទាប់ពីវិលត្រឡប់ពីក្រៅប្រទេស បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនទាន់មានគម្រោងចរចាជាមួយគណបក្សប្រជាជនកម្ពុជានៅឡើយទេ ដោយលោកចាត់ទុកគណបក្សកំពុងកាន់អំណាច មិនមានចេតនាពិតប្រាកដក្នុងការចរចាឲ្យបានលទ្ធផល។
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង១១យប់ លោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រថា ដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកនៅសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ទទួលបានជោគជ័យ ដោយពលរដ្ឋនៅទីនោះ មានជំនឿ និងគាំទ្រយ៉ាងខ្លាំងដល់គណបក្សសង្គ្រោះ ហើយមន្ត្រីនៅប្រទេសកូរ៉េ សន្យាថានឹងផ្តល់ជំនួយមករូបលោក ដើម្បីធ្វើចលនាតស៊ូសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា សហគមន៍អន្តរជាតិ ចង់ឃើញគណបក្សទាំងពីរ ស្វែងរកដំណោះស្រាយ ដល់ពលរដ្ឋខ្មែរ ដោយឈរលើប្រយោជន៍ជាតិ។
លោកកឹម សុខា ឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា មិនមានឆន្ទៈក្នុងកំណែទម្រង់ និងការចរចា ដោយលោក ព្រមានថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេសតាមបែបឯកបក្ស ផ្តាច់ការ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ អន្តរជាតិ នឹងគាបសង្កត់ឲ្យកម្ពុជាក្លាយជាប្រទេសមួយឯកោ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនចង់និយាយរឿងនយោបាយ ដែលទាក់ទងនឹងការចរចាជាមួយគណបក្សសង្គ្រោះជាតិតទៅទៀតទេ ខណៈការចរចាជាមួយលោក សម រង្ស៊ី នៅជាប់គាំងត្រង់ចំណុចបោះឆ្នោតមុនអាណត្តិ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ដំណើរការរដ្ឋ នៅតែធម្មតា ហើយលោកឈប់និយាយ និងឈប់ខ្វល់ច្រើន ដែលលោកសំដៅទៅលើការចរចាជាមួយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា ការមិនចូលក្នុងរដ្ឋសភា ជារឿងរបស់គណបក្សប្រឆាំង ហើយកុំមកបន្ទោសគណបក្សប្រជាជនកម្ពុជា«និយាយម្តងអញ្ចឹង ម្តងអញ្ចុះ ខ្ញុំអត់និយាយនយោបាយ ទុកមួយកន្លែងទៅ កុំខ្វល់ពេក បក្សនយោបាយនានា រហូតដល់៥ ចុះឈ្មោះបោះឆ្នោតធម្មតា វាមានអីខុសធម្មតា ឥលូវហ្នឹង មានអីខុសធម្មតា ខុសតាអ្នកធ្វើខ្លួនឯងខុសទេតើ ឧទាហរណ៍គេចូលសាលា ខ្លួនឯង អត់ចូលសាលា ចាប់បង្ខំឲ្យអ្នកចូលសាលា ធ្វើខ្លួនឯងមិនចូលសាលាដែរ តែគេចូលសាលាគឺចូលហើយ អ្នកមិនចូលសាលា នៅក្រៅសាលាហើយ វាចប់ត្រឹមហ្នឹង»។
ក្នុងជំនួបទូរស័ព្ទរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ឲ្យដឹងថា លោកបាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា សិន។ ក្នុងជំនួបតាមទូរស័ព្ទនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចានេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច គិតថា ការដែលអ្នកនយោបាយទាំងពីរបន្តខ្វែងគំនិតគ្នានេះ គឺដោយសារតែភាគីទាំងសងខាង គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាងគិតផលប្រយោជន៍ជាតិ។ លោកថា ដើម្បីឲ្យកិច្ចចរចានៅថ្ងៃក្រោយ ឈានទៅរកការព្រមព្រៀងបាន លទ្ធផលនៃជំនួបថ្នាក់ដឹកនាំបក្សទាំងពីរ គប្បីធ្វើជាលាយលក្ខអក្សរ ដើម្បីឲ្យបានពលរដ្ឋ បានដឹងឮ និងវាយតម្លៃ ថាតើភាគីណាមានឆន្ទៈក្នុងការដោះស្រាយ«ខ្ញុំជឿជាក់ថា ក្រោយពីការចរចាហើយ ពង្រៀងជាលាយលក្ខអក្សរ ហើយបញ្ជូនទៅគ្រប់ភាគីនៃការចរចា ដើម្បីឲ្យឃើញថា ខ្លួនចង់បានអី ហើយបង្ហាញទៅមហាជន ថាតើអ្នកណា ជាអ្នកកេងប្រវ័ញ្ចលើការចរចាហ្នឹង ហើយការចរចាហ្នឹង បម្រើផលប្រយោជន៍សង្គមកម្រិតណា»៕
No comments:
Post a Comment