GMAC ស្នើជាថ្មី ឲ្យរដ្ឋាភិបាល ចាត់វិធានការ ទប់ស្កាត់ ចលនាបាតុកម្ម របស់កម្មករ នៅក្រុងបាវិត
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014
សមាគមរោងចក្រ កាត់ដេរ នៅកម្ពុជា( GMAC) អំពាវនាវម្តងទៀត ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការ ទប់ស្កាត់បាតុកម្ម ដែលកំពុងផ្ទុះឡើង នៅក្រុងបាវិត ខេត្តស្វាយរៀង ឲ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់ អ្នកវិនិយោគ និងកម្មករ-កម្មការិនី ដែលមានបំណងចូលធ្វើការ។
សេចក្តីថ្លែងការណ៍របស់ GMAC ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ឲ្យដឹងថា បើទោះបីជាកន្លងទៅសមាគមនេះ បានអំពាវនាវយ៉ាងទទូច តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ឲ្យរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចាត់វិធានការទប់ស្កាត់បាតុកម្ម ដែលបាននឹងកំពុងកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និងមេន ហាតធេន ក្រុងបាវិតក៏ដោយ រហូតមកដល់ពេលនេះ បាតុកម្មនៅតែបន្តកើតឡើងដដែល និងគ្មានការទប់ស្កាត់ឡើយ។
សមាគមកាត់ដេរនៅកម្ពុជាបានចាត់ទុកថា ការមិនអើពើនឹងបណ្តែតបណ្តោយឲ្យសហព័ន្ធហជីពធ្វើអ្វីតាមតែអំពើចិត្ត គឺជាកាបំផ្លាញនូវទំនុកចិត្ត របស់អ្នកវិនិយោគទៅលើរាជរដ្ឋាភិបាល នៅក្នុងការការពារសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាការដើរផ្ទុយពីគោលនយោបាយ របស់រដ្ឋាភិបាល ដែលខិតខំកៀងគរអ្នកវិនិយោគ មកកម្ពុជា។
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ អះអាងថា កម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ពេលនេះកំពុងត្រៀមជើងការយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសហិង្សា។ លោកយល់ថា សហជីពដែលពាក់ព័ន្ធ គួរទាមទារនូវអ្វីដែលមានចែងក្នុងច្បាប់ ដើម្បីតម្កល់ ប្រយោជន៍ទាំងកម្មករ ទាំងភាគីរោងចក្រ។
GMAC បានចោទថា បាតុកម្មដែលកំពុងផ្ទុះឡើងនោះ បង្កឡើង ដោយប្រធានសហព័ន្ធសហជីពចលនាកម្មករ របស់លោក ប៉ាវ ស៊ីណា ជាអ្នកញុះញង់ដោយយកលេសថា ថៅកែរោងចក្រ បានសន្យាផ្តល់ប្រាក់លើកទឹកចិត្តដល់កម្មករម្នាក់ៗ ៥០ដុល្លារ ជាថ្នូរកុំឲ្យចេញតវ៉ាទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ និងឲ្យដោះលែងមនុស្ស២១នាក់ កាលពីខែមុន ខណៈលោក សម សង្ស៊ី ចុះទៅជួបកម្មករនៅទីនោះ។
VOD មិនអាចសុំប្រតិកម្មតបពីលោក ប៉ាវ ស៊ីណា ដែលរងការចោទប្រកាន់បានទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ ប៉ុន្តែកន្លងទៅ លោកធ្លាប់ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា បាតុកម្មផ្ទុះឡើងដំបូង ដោយសារថៅកែរោងចក្រមួយចំនួនរើសអើងសហជីព ហើយបានបញ្ឈប់ថ្នាក់ដឹកនាំ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលកំពុងជាប់បណ្តឹង នៅតុលាការ ដោយសារចេញ មុខទាមទារសិទ្ធិការងារឲ្យកម្មករ យល់ថា ការអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការទៅ លើក្រុមអ្នកតវ៉ា ទំនងជាស្ថាប័នមិនទទួលយកការទាមទារ របស់កម្មករទេ។ ម្យ៉ាងវិញទៀតវាបង្ហាញឲ្យឃើញថា GMAC ទំនងជាកំពុងខ្ចីដៃរដ្ឋាភិបាល ដើម្បីបង្ក្រាបសេរីភាពសហជីព ដូចដែលដ្ឋាភិបាលបង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យអ្នកតវ៉ាស្លាប់នឹងរបួសនៅពេលនោះ។
យ៉ាងនេះក្តី GMAC បញ្ជាក់ថា រោងចក្រទាំងអស់ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ មានតែរោងចក្រផលិតកង់ យីហោ A&J មួយប៉ុណ្ណោះ ដែលសន្យាផ្តល់ប្រាក់លើកទឹកចិត្តឲ្យកម្មករម្នាក់៥០ដុល្លារ សម្រាប់ការសម្រេចទិន្នផលការងារតាមគោលដៅផលិត នារយៈពេល៣ខែកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែមិនមែនជាថ្នូរសម្រាប់ទិញទឹកចិត្តមិនឲ្យកម្មករចេញធ្វើបាតុកម្មទេ។
កាលពីដើឆ្នាំ២០១៤នេះ រដ្ឋាភិបាលធ្លាប់ចាត់វិធានការណ៍បង្ក្រាបចលនាតវ៉ារបស់កម្មករ ក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យដំឡើងប្រាក់ឈ្នួលកម្មករដល់១៦០ដុល្លារ ក្នុងមួយខែ ក្នុងការបង្ក្រាបនោះ កម្មករ ៥នាក់បានស្លាប់ ប្រមាណជា៤០នាករងរបួស និង២៣នាក់ត្រូវបានចាប់ខ្លួន។
ក្រោយមកប្រធានសមាគម រោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន់ ស៊ូអៀង បានសសើររដ្ឋាភិបាលពីវិធានការនេះ ដោយអះអាងថា វិធានការជំរុញឲ្យកម្មករចូលធ្វើការដូចដើមវិញ៕
No comments:
Post a Comment